Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់​បក្ស​ប្រឆាំង​ឲ្យ​ប្ដឹង​ទៅ​តុលាការ​រឿង​លក្ខន្តិកៈ​បក្ស

$
0
0

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើ​នៅ​តែ​យល់​ថា សមាជ​របស់​ខ្លួន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស មិន​ដូច​ទៅ​នឹង​ការ​លើក​ឡើង​នៃ​ខ្លឹម​សារ​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នោះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​បាន។ ចំណែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​ឆ្លើយ​តប​នៅ​ឡើយ ដោយ​រង់ចាំ​ការ​ជួប​ចរចា​គ្នា​នៅ​ចុង​ខែ​មីនា នេះ​សិន។

ក្រសួង​មហាផ្ទៃ នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា សមាជ​វិសាមញ្ញ​របស់​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​លក្ខន្តិកៈ​បក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួង​កាល​ពី​ឆ្នាំ​២០១៣។ រី​ឯ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការ​រំលាយ​ចោល ដូច្នេះ​គណបក្ស​នេះ​គួរ​សម្លឹង​មើល​គណបក្ស​ដៃគូ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​គណបក្ស​នេះ​ជ្រក​ក្រោយ​ស្លាក​គណបក្ស​ដៃគូ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយ​តប​ទៅ​នឹង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស​គណបក្ស​នេះ អាច​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​វិនិច្ឆ័យ​បាន។ លោក ខៀវ សុភ័គ នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដែល​រក​ឃើញ​ថា សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស៖ «»។

អនុប្រធាន អេង ឆៃអ៊ាង ២០១៦ ៨៥៥
អនុប្រធាន​​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បែប​នេះ ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ផ្ដល់​បទសម្ភាសន៍​មក​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ដល់​ក្រសួង​មហាផ្ទៃ រួច​រាល់​ហើយ​អំពី​ការ​កែប្រែ​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស។ លោក​អះអាង​ថា សមាជ​បក្ស​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

ចំណែក​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​យល់​ថា ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​គឺ​កំពុង​រាំង​ខ្ទប់​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រក​ច្រកចេញ​ដែល​អាច​នឹង​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ចោល។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ផ្ដល់​គំនិត​ថា គណបក្ស​ប្រឆាំង​គួរ​ចាប់​ផ្ដើម​សម្លឹង​មើល​គណបក្ស​នយោបាយ​ឲ្យ​បាន​មួយ ឬ​ពីរ ទុក​ឲ្យ​ហើយ​ដើម្បី​ការពារ​គណបក្ស​នេះ​ត្រូវ​រំសាយ​ចោល មាន​គណបក្ស​ផ្សេង​ដែល​អាច​ត្រូវ​ចាប់​ដៃគូ​បាន៖ «»។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ជ្រើសរើស​លោក កឹម សុខា ធ្វើ​ប្រធាន​ជំនួស​លោក សម រង្ស៊ី ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព្រមាន​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​អោយ​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាន​មិន​ឲ្យ​អ្នក​ទោស​ធ្វើ​ប្រធាន​អនុប្រធាន និង​ជា​សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​នយោបាយ។

​ក្នុង​ពេល​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​លិខិត​អបអរ​លោក កឹម សុខា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ផ្ញើ​លិខិត​ប្រាប់​ទៅ​លោក យឹម សុវណ្ណ ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស​នេះ អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​ចែង​ថា រយៈពេល ១៨​ខែ ក្រោយ​ប្រធាន​គណបក្ស​លាលែង​ទើប​អាច​ជ្រើសរើស​ប្រធាន​ថ្មី​បាន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លើយ​តប​យ៉ាង​ណា​​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​រង់ចាំ​ការ​ជួប​ចរចា​គ្នា​នៅ​ចុង​ខែ​មីនា នេះ៖ «»។

​ក្រោយ​ពី​លោក ស ខេង ប្រកាស​មិន​ទទួល​ស្គាល់​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រសួង។ ជា​លទ្ធផល ក្រសួង​មហាផ្ទៃ យល់​ព្រម​ជួប​និយាយ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដែល​ជំនួប​នេះ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles