ប៉ូលិសខណ្ឌសែនសុខ រាជធានីភ្នំពេញ បញ្ជូនកម្មករបម្រើការផ្នែកឡចំហាយម្នាក់ទៅតុលាការ នៅថ្ងៃទី២៥ ខែមីនា ពាក់ព័ន្ធនឹងសំណុំរឿងផ្ទុះឡដុតអុសយកចំហាយរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ សិន តៃ កម្ពុជា (Zhen Tai Garment (Cambodia) Co., Ltd) ដែលបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរបួស ៧នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ ៤ខែម្នាក់ផងបានរងរបួសរលាកកម្ដៅ និងបាក់ជើង កាលពីថ្ងៃទី២២ ខែមីនា។
កម្មករផ្នែកឡចំហាយរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ សិន តៃ ម្នាក់ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ខណៈដែលកម្មការិនី ៦នាក់ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះឡនោះ កំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យព្រះកុសុមៈ។
អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង ថ្លែងដោយខ្លីនៅថ្ងៃទី២៥ ខែមីនា ថា ភ្លាមៗបន្ទាប់ពីមានករណីផ្ទុះឡដុតអុសយកចំហាយរបស់រោងចក្រ កម្មករម្នាក់ដែលជាអ្នកបម្រើការផ្នែកឡនោះត្រូវបានឃាត់ខ្លួនយកមកសាកសួររយៈពេល ២ថ្ងៃ ហើយនៅព្រឹកថ្ងៃទី២៥ ខែមីនា បានបញ្ជូនទៅដល់តុលាការហើយ។ ប៉ុន្តែលោកមិនបានប្រាប់លម្អិតអំពីបទចោទ និងការពាក់ព័ន្ធករណីផ្ទុះនេះថាយ៉ាងណានោះទេ។
អាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេ នៅថ្ងៃទី២៥ ខែមីនា។
យុវជនដែលឃាត់ខ្លួននោះ មានឈ្មោះ អ៊ូ វុន អាយុ ២៦ឆ្នាំ។
ករណីផ្ទុះឡដុតអុសយកចំហាយរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ សិន តៃ នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា បណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរបួស ៧នាក់។
ឡចំហាយដែលផ្ទុះនោះ មានទំហំទទឹងប្រមាណ ១ម៉ែត្រកន្លះ និងបណ្ដោយជិត ២ម៉ែត្រកន្លះ ពេលផ្ទុះឡនោះបានហោះពីទីតាំងដើម ទម្លុះដំបូលស័ង្កសី ផ្លោងទៅត្រូវកម្មការិនីដែលកំពុងអង្គុយលេង បន្ទាប់ពីបាយថ្ងៃត្រង់ នៅចម្ងាយប្រមាណ ១០០ម៉ែត្រ។
កម្មការិនីម្នាក់ឈ្មោះ ឃី ស្រីម៉ៅ អាយុ ២៣ឆ្នាំ ជាបុគ្គលិកផ្នែកពិនិត្យ កំពុងព្យាបាលជើងឆ្វេងដែលបាក់ និងរលាកចំហាយក្ដៅនៅលើដងខ្លួន និងផ្ទៃមុខមួយចំហៀងផង នៅឯមន្ទីរពេទ្យព្រះកុសុមៈ។ នាងបានរៀបរាប់ថា គ្រូពេទ្យប្រាប់នាងថា កូនក្នុងផ្ទៃនាង ៤ខែ មិនមានបញ្ហាអ្វីនោះទេ រីឯជើងនាងអាចនឹងដើរវិញបាន ប៉ុន្តែត្រូវប្រើពេលយូរបន្តិច។ នៅពេលនេះនាងរកគិតអ្វីពុំឃើញឡើយ ក្រៅអំពីនឹកឃើញតែព្រឹត្តិការណ៍នោះជាប់ជានិច្ច៖ «ដល់ពេលខ្ញុំហូបហើយ ខ្ញុំទៅលាងចានទុកដាក់ហើយអស់ហើយអង្គុយលេង ខ្ញុំលឺសូរក្ដឿង ខ្ញុំរត់ តែខ្ញុំរត់អត់ទាន់។ គេដឹកដៃខ្ញុំរត់ដែរពេលខ្ញុំឃើញខ្ញុំរត់ចូលបន្តិចហើយខ្ញុំរត់ចូលវិញ។ មានអ៊ីមួយគាត់រត់កាត់មុខខ្ញុំ បុកគាត់ក៏គាត់ស្លាប់ទៅ ខ្ញុំខ្ទាតអំបែងពីកន្លែងគាត់មកចំខ្ញុំ។ ខ្ញុំបាក់ជើង បែកក្បាល រលាកពេញខ្លួនពងបែកក្រឡិតជើងដៃ ខ្ញុំប្រហែលជាបោកក្បាលនឹងរោងបាយនៅតែខ្ញុំពីរនាក់បងហ្នឹង គេរត់អស់ហើយ ខ្ញុំយកដៃកៀសបំពង់នេះហ្នឹងវារលាកដូចមុខខ្ញុំអីប្រហែលចំហាយក្ដៅ»។
ស្វាមីរបស់ ឃី ស្រីម៉ៅ លោក យ៉េង ប៊ុនលី អំពាវនាវឲ្យភាគីរោងចក្រ សិន តៃ គិតគូរជួយផ្ដល់ជាគោលនយោបាយខ្លះដល់គ្រួសារគាត់ ក្រៅអំពីជំនួយព្យាបាលពីបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស នៃក្រសួងការងារ៖ «ខ្ញុំបារម្ភជីវភាពទី១ មិនដឹងគាត់ដើរកើតមិនកើត ប្ដីប្រពន្ធខ្ញុំកំព្រាម៉ែឪ ខ្ញុំមិនដឹងរកស៊ីទៅមុខទៀតមិនដឹងម៉េចម៉ា។ សំណូមពរឲ្យគេជួយខ្ញុំផង ពីរនាក់ប្ដីប្រពន្ធខ្ញុំក្រីក្រណាស់ បើសិនជាបានខ្ញុំជួយខ្ញុំរឹតតែត្រេកអរទៀត។ ឧទាហរណ៍ថា ក្រុមហ៊ុន ឬមួយរោងចក្រជួយមើលថែទាំទៅមុខទៀតអ៊ីចឹង។ ខ្ញុំសុំច្បាប់គេ ៣ថ្ងៃមិនដឹងគេយកខ្ញុំវិញអត់ បើគេបញ្ឈប់ខ្ញុំបញ្ឈប់ហើយ ព្រោះកន្លែងហ្នឹងវាលំបាកដែរ។ ឥឡូវមានទម្ងន់ ៤ខែទៀត។ ពិបាកបារម្ភ ទី១ ខ្លាចកូនកើតមកអ៊ីចឹងមួយៗ ខ្លាចជើងមិនទាន់ជាកូនឆ្លងទន្លេវាពិបាក ៣ ៤ចំណុចទៅមុខទៀត»។
ប្រធានរដ្ឋបាលសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក ថោង សឿន មានប្រសាសន៍ថា សហព័ន្ធសហជីពនឹងបន្តឃ្លាំមើលការអនុវត្តទូទាត់សំណងពីប.ស.ស និងពិនិត្យតាមការផ្ដល់សំណងពីរោងចក្របន្ថែមលើប.ស.ស ដើម្បីឲ្យអ្នករងគ្រោះទទួលបានសំណងទៅតាមច្បាប់។
ក្នុងចំណោមកម្មការិនីដែលសម្រាកព្យាបាលរបួស ៧នាក់ ម្នាក់បានត្រឡប់ទៅវិញផ្ទះវិញ។អ្នកដែលកំពុងបន្តព្យាបាលបានលើកឡើងថា ពួកគេមិនត្រូវការប្ដឹងផ្ដល់ថៅកែរោងចក្រ ឬសំណូមពរឲ្យក្រុមហ៊ុនកែលំអស្ថានភាពក្នុងរោងចក្រអ្វីនោះទេ គឺគ្រាន់តែសុំនៅពេលពួកគេចេញពីមន្ទីរពេទ្យ ក្រុមហ៊ុននៅទទួលពួកគេឲ្យចូលធ្វើការវិញ៕