Clik here to view.

កម្មការិនីរោងចក្រ សេឌូណូ ខេមបូ នីតធីង (SEDUNO Cambo KNITTING. LTD) ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ទៀត នៅព្រឹកថ្ងៃទី០១ កុម្ភៈ។
សារព័ត៌មានក្នុងស្រុកបានស្រង់សម្ដីរបស់ស្នងការខែត្រតាកែវ លោក សុខ សំណាង ថា មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ សង្ស័យមកពីកត្តា២ គឺ កម្មការិនីបានពុលក្លិនថ្នាំបាញ់ស្រូវរបស់កសិករនៅក្បែររោងចក្រ និងបញ្ហាសតិអារម្មណ៍របស់កម្មការិនី នៅពេលឃើញកម្មការិនីម្នាក់ បានដួលសន្លប់ ម្នាក់ក៏ដួលសន្លប់តាមក្រោយ ជាបន្តបន្ទាប់។
កាលពីល្ងាចថ្ងៃទី៣០ មករា កម្មការិនីរោងចក្រ សេឌូណូ ខេមបូ នីតធីង ជាង ៧០នាក់ បានដួលសន្លប់ម្ដងរួចមកហើយ។ កាលណោះ អធិការនគរបាលស្រុកបាទី លោក ង៉ាន់ សារី ប្រាប់ថា ករណីដួលសន្លប់នេះ បណ្ដាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែររោងចក្រនោះព្រោះម៉ោងជាង៣រសៀល ថ្ងៃទី៣០ មករា លោកមេឃុំកណ្ដឹង បានទៅហាមអ្នកបាញ់ថ្នាំស្រូវខាងត្បូងរោងចក្ររំលងមួយព្រែកឲ្យបញ្ឈប់ការបាញ់ថ្នាំស្រូវ។
មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ប្រចាំខេត្តតាកែវ លោក សួន វណ្ណៈ ប្រាប់សារព័ត៌មានមួយ ពីកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី១ កុម្ភៈ ថា ព័ត៌មានជាបឋម កម្មករដួលសន្លប់ប្រហែលពី ៧០នាក់ ទៅ ១០០នាក់។ លោកបន្តថា កម្មការិនីរងគ្រោះ កំពុងសម្រាកណែនមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយខាងក្រុមការងារប.ស.ស. កំពុងបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តខ្លះ សម្រាប់អ្នកដែលមានបញ្ហា អ្នកធ្ងន់ធ្ងរ។ មូលហេតុនៃការដួលសន្លប់ មន្ត្រីប.ស.សសន្និដ្ឋាន ថា សង្ស័យពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅជិតរោងចក្រ ព្រោះរោងចក្រមានប្រព័ន្ធបឺតខ្យល់ ពេលបាញ់ថ្នាំ ប្រព័ន្ធបឺតខ្យល់បាននាំខ្យល់មានក្លិនថ្នាំចូលទៅរោងចក្រធ្វើឲ្យកម្មករដួលសន្លប់ជាបន្តបន្ទាប់។
ក្រោយពេលកើតមានករណីកម្មការិនីដួលសន្លប់ជាបន្តបន្ទាប់ មន្ត្រីអធិការកិច្ចនៃក្រសួងការងារបាន និងសមត្ថកិច្ចនៅមូលដ្ឋាន នៅរសៀលថ្ងៃទី១ កុម្ភៈ បានចុះទៅត្រួតពិនិត្យនៅទីតាំងរោងចក្រ ប៉ុន្តែនៅមិនទាន់ឃើញរបាយការណ៍លទ្ធផលនៅឡើយទេ។
អភិបាលខែត្រតាកែវ លោក ឡាយ វណ្ណៈ ក៏បានយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកដល់កម្មករដួលសន្លប់ដល់ក្នុងមន្ទីរពេទ្យ ដែលកម្មការិនីសម្រាកដែរ។ ចំណែក ប្រធានក្រុមប្រឹក្សាសហជីពជាតិ (CCNU) លោក សំ សឿន ដែលមានទំនោរគាំទ្ររដ្ឋាភិបាល ត្រូវបានប្រព័ន្ធឃោសនា លោកនាយករដ្ឋមន្ត្រីចុះផ្សាយនៅថ្ងៃនេះ ថា បានដឹកនាំសហការី ចុះទៅសួរសុខទុក្ខ និងចែកអំណោយ ឲ្យកម្មការិនីដួលសន្លប់ ដល់មន្ទីរពេទ្យដែរ។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ពន្យល់ថា ករណីបាញ់ថ្នាំស្រូវនេះ អាចបណ្ដាលឲ្យកម្មករដួលសន្លប់ ប្រសិនរោងចក្រនោះប្រើប្រព័ន្ធបឺតខ្យល់ចូល។ ប៉ុន្តែ យ៉ាងណា លោក អាត់ ធន់ ថា តាមការស្រាវជ្រាវកន្លងមក កម្មករដួលសន្លប់ភាគច្រើន ដោយសារបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេងៗ ធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។«»
សហជីពផ្ដល់អនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាដួលសន្លប់នេះ រាល់ក្រុមហ៊ុន ត្រូវរៀបចំរោងចក្រឲ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ត្រូវផ្ដល់ប្រាក់ឈ្នួលសម្រាប់កម្មករដើម្បីចំណាយលើការហូបចុកបានគ្រប់គ្រាន់ ហើយមន្ត្រីអធិការកិច្ចនៃក្រសួងការងារត្រូវពិនិត្យ និងចាត់វិធានការលើក្រុមហ៊ុនទាំងឡាយណាដែលមិនធ្វើតាមបច្ចេកទេសស្តង់ដារ៕