Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជន​សង្ស័យ​​​បាញ់​សម្លាប់​មន្ត្រី​៣​នាក់​នៅ​មណ្ឌលគិរី​ចេញ​មុខ​សារភាព

$
0
0

សមត្ថកិច្ច​ខែត្រ​មណ្ឌលគិរី បាន​កំណត់​មុខ​សញ្ញា​មនុស្ស​ពីរ​នាក់ ដែល​ជា​ជនសង្ស័យ​បាញ់​សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​សង្គម​ស៊ីវិល និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ៣​នាក់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា។ សមត្ថកិច្ច​ថា សំណុំ​រឿង​នេះ ជនសង្ស័យ​ម្នាក់​ជា​យោធា​បាន​ចេញ​មុខ​សារភាព។  ប្រតិបត្តិ​ការ​ចាប់​ខ្លួន​ជនល្មើស​នេះ គឺ​ស្រប​ពេល​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច ១៥​ខែត្រ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដើម្បី​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​បេសកកម្ម​អភិរក្ស​ព្រៃឈើ​របស់​ពួកគេ។

​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ខែត្រ​មណ្ឌលគិរី លោក សូ សុវណ្ណ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា សមត្ថកិច្ច​ខែត្រ​មណ្ឌលគិរី កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​នគរបាល​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កំពុង​បន្ត​ដំណើរ​ការស្រាវជ្រាវ​រុករក​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ក្នុង​ព្រៃ​មក​ផ្ដន្ទាទោស។ លោក​ថា ជនសង្ស័យ​ម្នាក់​ទៀត​នោះ ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​ឡែ កំពុង​រត់​គេច​ខ្លួន។ លោក​បញ្ជាក់​ថា ការ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​រូប​នេះ បាន​កើត​ឡើង​ក្រោយ​ជន​ពាក់ព័ន្ធ​ដែល​ជា​មន្ត្រី​យោធា​ឈ្មោះ កើត វេហា បាន​ចេញ​មុខ​សារភាព៖ «មក​ដល់​ពេល​នេះ យើង​បាន​ធ្វើ​ការ​ជិត​ចប់​សព្វគ្រប់​ហើយ ពាក់ព័ន្ធ​ការ​ស៊ើប​អង្កេត​នេះ ប៉ុន្តែ​យើង​កំណត់​មុខ​សញ្ញា​មនុស្ស​ពីរ​នាក់  ម្នាក់​បាន​ចេញ​មុខ​មក​សារភាព។ តាម​ការ​ស៊ើប​អង្កេត​របស់​យើង​មាន​តែ​ពីរ​នាក់​ទេ ជនសង្ស័យ​ក្នុង​សំណុំ​រឿង​នេះ»

កាល​ពី​ថ្ងៃ​ទី​៣០ មករា មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​ឆ្មាំ​អភិរក្ស​របស់​មន្ត្រី​បរិស្ថាន ៣​រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរាំង។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ជនជាតិ​ដើម​ភាគ​តិច ១៥​ខែត្រ បាន​សរសេរ​លិខិត​ចំហ​មួយ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​បទល្មើស​ព្រៃ​ឈើ​ជា​បន្ទាន់ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ៣​នាក់ ដែល​ជា​មន្ត្រី​អាវុធហត្ថ មន្ត្រី​សង្គម​ស៊ីវិល និង មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់។

​ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ហ៊ាន ប៊ុនហៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មករា ថា ព្រឹត្តិការណ៍​បាញ់​ប្រហារ​នេះ ជា​សារ​គំរាម​ស្មារតី​អភិរក្ស​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគតិច​គ្រប់​តំបន់​ដែល​ស្ម័គ្រ​ចិត្ត​ការពារ​បរិស្ថាន។ លោក​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ពង្រាយ​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​បរិស្ថាន សហការ​ជាមួយ​សហគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ទីកន្លែង​ក្តី  តែ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ច្រើន។ រី​ឯ​សហគមន៍ និង​អ្នក​អភិរក្ស​ព្រៃឈើ ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តែង​ប្រឈម​ជាមួយ​ឈ្មួញ​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​ការ​គំរាមកំហែង​តាម​ទូរស័ព្ទ​ជាដើម។

លោក​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ស្វែង​រក​ជនល្មើស​មក​ផ្ដន្ទាទោស​ទេ បាតុភាព​នេះ​នឹង​អាច​កើត​ឡើង​នៅ​តំបន់​ផ្សេង​ទៀត៖ «ឈ្មួញ​ជាដើម គំរាមកំហែង​ពួកគាត់ សុវត្ថិភាព​ពួកគាត់ ជាពិសេស​នៅ​ពេល​ពួកគាត់​ចាប់​បទល្មើស​ទាំង​អស់​ហ្នឹង។ ចូល​ក្នុង​ព្រៃ​ប្រឈម​នៅ​ពេល​ពួកគាត់​នៅ​ការពារ។ ប្រឈម​ធម្មជាតិ​ជាដើម និង​ពួក​បទល្មើស​ដែល​ចូល​កាប់​ព្រៃឈើ។ ប្រឈម​គ្រប់​ពេល ព្រោះ​ពួកគាត់​នៅ​កន្លែង​ភ្លឺ ហើយ​អ្នក​ប្រព្រឹត្ត​បទល្មើស​នៅ​កន្លែង​ងងឹត គឺ​ប្រឈម​គ្រប់​ពេល»

លិខិត​ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា របស់​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ១៥​ខែត្រ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​មន្ត្រី​អាវុធហត្ថ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ទាំង​នោះ ដែល​បាន​ពលី​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​មណ្ឌលគិរី លោក សុក រដ្ឋា អង្កេត​ឃើញ ថា សមត្ថកិច្ច​កំពុង​ប្រឹងប្រែង​បន្ត​ដំណើរ​ការ​រុករក​ចាប់​ខ្លួន​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​ឡែ ឈ្មោះ ផល ពេញ ដែល​បាន​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម។ លោក​ថា ប្រតិបត្តិការ​ចាប់​ជនសង្ស័យ​នេះ ទំនង​ជា​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា នាយ​នគរបាល​ប៉ុស្តិ៍​អូរ​ឡែ គឺ​ជា​ជន​ដៃដល់​ក្នុង​សំណុំ​រឿង​នេះ។ លោក​មាន​ជំនឿ​ថា សំណុំ​រឿង​នេះ មិន​អាច​កើត​មាន​អំពើ​និទណ្ឌភាព​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles