
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើប្រាស់អាវុធទំនើបដើម្បីកម្ទេចចលនាសង្គ្រោះជាតិ ដែលលោកគិតថា ជាក្រុមឧទ្ទាម ចង់បង្កើតតំបន់អបគមន៍។ សារព្រមានរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី និងក្រុមតំណាងរាស្ត្រមួយចំនួននៃគណបក្សសង្គ្រោះជាតិ ប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតជាតិឡើងវិញ។ អ្នកវិភាគហៅការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ថា ជាការប្រមាថអាយុជីវិតពលរដ្ឋខ្លួនឯង និងជាគំរូអាក្រក់សម្រាប់មន្ត្រីថ្នាក់ក្រោមរបស់លោក។
ថ្លែងនៅចំពោះមុខនិស្សិតទើបបញ្ចប់ការសិក្សារាប់រយនាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ នៅព្រឹកថ្ងៃទី១ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមប្រើរ៉ុកកែតធុនបេអឹម ២១ (BM-21) ដើម្បីកម្ចាត់ក្រុមចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ដែលលោកចាត់ទុកថា ជាក្រុមភេរវករ ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
មេដឹកនាំកាន់អំណាចយូរជាងគេនៅតំបន់អាស៊ីរូបនេះ អះអាងថា លោកមានបទពិសោធន៍ដឹកនាំចលនាតស៊ូតាំងតែពីអាយុ ២៥ឆ្នាំ និងបានបន្តដឹកនាំជាតិមកទល់នឹងពេលបច្ចុប្បន្ន ដូច្នេះលោកជឿជាក់ថា គ្មាននរណាម្នាក់អាចផ្ដួលរូបលោកបាននោះទេ។ «»
ក្រៅពីគំរាមកម្ទេចក្រុមចលនាសង្គ្រោះជាតិដោយអាវុធទំនើបហើយ លោក ហ៊ុន សែន បានឆ្លៀតប្រើប្រាស់ពាក្យសម្ដីអសុរសនៅចំពោះមុខក្រុមបញ្ញវន្ត ជេរប្រទេចលោក សម រង្ស៊ី និងឪពុករបស់លោក គឺលោក សម សារី ថាជាសុនខ និងកូនសុនខថែមទៀត។ លោកក៏បានព្រមានទៅលោក សម រង្ស៊ី ផងដែរ កុំឱ្យចូលមកក្នុងតំបន់អាស៊ី ព្រោះលោកនឹងតាមចាប់អតីតមេបក្សប្រឆាំងរូបនេះឱ្យទាល់តែបាន។ «»
នេះមិនមែនជាលើកទីមួយទេ ដែលបុរសខ្លាំងផុតលេខនៅកម្ពុជារូបនេះ បញ្ចេញវោហារស័ព្ទចង់សម្លាប់ពលរដ្ឋខ្លួនឯង ជាពិសេស អ្នកដែលមាននិន្នាការទៅរកគណបក្សប្រឆាំង។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តន៍ពណ៌» នោះ លោកនឹងបញ្ជាឲ្យក្រុមរបស់លោក សម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោល តាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ មកម្ល៉េះ។ លោកបន្តថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោកស្ដាយណាស់ដែលលោកមិនបានសម្លាប់អ្នកទាំងនោះ។
លើសពីនេះទៀត នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់បានថ្លែងសារគំរាមជាច្រើនលើកច្រើនសាអំពីសង្គ្រាម អំពីរឿងក្ដារមឈូស និងថាលោកសុខចិត្តកម្ទេចក្រុមប្រឆាំង ១ រយ ទៅ ២ រយ នាក់ ប្រសិនបើចាំបាច់ ដើម្បីការពារជីវិតមនុស្សជាច្រើនលាននាក់ផ្សេងទៀត។
សម្រាប់អ្នកវិភាគ សម្ដីបែបនេះរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងឱ្យឃើញពីភាពអសីលធម៌របស់មេដឹកនាំ និងជាការសាបព្រោះនូវវប្បធម៌ហិង្សានិយមក្នុងការដោះស្រាយបញ្ហា។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ សម្ដែងការសោកស្តាយចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងនាមជាថ្នាក់ដឹកនាំជាតិមួយរូប បែរជាប្រើវោហារស័ព្ទប្រមាថអាយុជីវិតពលរដ្ឋខ្លួនឯងបែបនេះ។ លោកបន្តថា ពាក្យសម្តីបែបនេះសមប្រើតែជាមួយសត្រូវឈ្លានពានទឹកដីខ្មែរប៉ុណ្ណោះ មិនមែនប្រើចំពោះពលរដ្ឋខ្លួនឯងដែលទាមទារសិទ្ធិសេរីភាពរបស់ខ្លួនតាមមធ្យោបាយអហិង្សានោះទេ។ «»
លោក ហង្ស វិទូ យល់ឃើញថា ការបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងក្រុមតំណាងរាស្ត្របក្សប្រឆាំងមួយចំនួន នៅពេលនេះ មិនមែនក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺជាកម្លាំងនយោបាយថ្មីមួយក្នុងការដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា និងធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ លោកថា នេះជាការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនជាការក្រោកឈរកាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាល ដូចការចោទរបស់មេដឹកនាំខ្មែរនោះទេ។ «»
អ្នកវិភាគវ័យក្មេងរូបនេះ ស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រើពាក្យពេចន៍ប្រមាថអាយុជីវិតពលរដ្ឋខ្លួនឯងបែបនេះ ព្រោះវានឹងក្លាយជាគំរូអាក្រក់សម្រាប់មន្ត្រីថ្នាក់ក្រោម និងមេដឹកនាំជំនាន់ក្រោយទៀត។ លោកថា ពលរដ្ឋខ្មែរមិនពេញចិត្តនឹងការប្រើពាក្យសម្ដីបែបនេះឡើយ ហើយប្រសិនបើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មែននោះ វោហារស័ព្ទគ្រោតគ្រាតបែបនេះនឹងក្លាយជាអាវុធសម្លាប់គណបក្សប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេ៕