
បញ្ហាដែលសាលារាជធានីភ្នំពេញ ដករូបចម្លាក់រំឭកដល់ជនរងគ្រោះស្លាប់នៅក្នុងរបបខ្មែរក្រហម ចេញពីសួនមុខស្ថានទូតបារាំង កាលពីពេលថ្មីៗ នេះ ត្រូវបានមតិសាធារណជនខ្លះ និងអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរក្រហមមួយរិះគន់ ហាក់មិនបង្ហាញចេតនាធ្វើអ្វីពិតប្រាកដសម្រាប់ជនរងគ្រោះ។
ជនរងគ្រោះពីរបបខ្មែរក្រហម និងអ្នកប្រវត្តិសាស្ត្រខ្មែរក្រហម នៅតែឆ្ងល់អំពីចេតនាពិតប្រាកដរបស់សាលារាជធានីភ្នំពេញ ដែលសម្រេចដករូបចម្លាក់ សម្រាប់រំឭកដល់ជនរងគ្រោះស្លាប់នៅក្នុងរបបខ្មែរក្រហម ចេញពីសួនមុខស្ថានទូតបារាំងនោះ កាលពីដើមខែមករា។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលធ្វើការចងក្រងឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម លោក ឆាំង យុ មានប្រសាសន៍ថា ការរើយករូបចម្លាក់ចេញពីសួនមុខស្ថានទូតបារាំងនោះ គឺជាបញ្ហាទាក់ទងនឹងការមិនគោរពដល់សេចក្ដីសម្រេចរបស់ចៅក្រមនៅសាលាក្តីខ្មែរក្រហម។
លោក ឆាំង យុ ថ្លែងដូច្នេះ ដោយសារថា រូបចម្លាក់បែបនេះ និងទីតាំងរំឭកនេះ គឺជាគម្រោងសំណងមួយសម្រាប់ជនរងគ្រោះ បានពីការពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ ហើយសម្រេចដោយចៅក្រមនៅសាលាក្តីខ្មែរក្រហមនោះ៖ «ឆ្លងកាត់ការពិភាក្សាជាមួយនឹងមេធាវីដើមបណ្ដឹងរដ្ឋប្បវេណី ជាមួយជនរងគ្រោះ ហើយទាល់តែមានការសម្រេចចិត្តចៅក្រមបានយើងអាចធ្វើបាន ហើយការដែលយើងរើទីតាំង ដែលចៅក្រមបានធ្វើការសម្រេចចិត្ត វាប៉ះពាល់ដល់អំណាចនៃការសម្រេចចិត្តរបស់ចៅក្រមនៅឯតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ក្នុងន័យថា បើសិនជាការសម្រេចចិត្តមួយអាចផ្លាស់ប្ដូរដោយគ្មានឆ្លងកាត់នីតិវិធី ឬក៏គ្មានការផ្ដល់ដំណឹងជាមុនដល់មេធាវីដើមបណ្ដឹងរដ្ឋប្បវេណី វាធ្វើឲ្យយើងយល់ថា គម្រោងសំណងនេះវាគ្មានន័យ ឬក៏មិនមានចេតនាពិតប្រាកដ ដើម្បីធ្វើឡើងសម្រាប់ជនរងគ្រោះ»។
អាស៊ីសេរីមិនអាចទាក់ទងបញ្ជាក់ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អំពីបញ្ហានេះបានទេ។ ប៉ុន្តែសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានសរសេរថា លោក ឃួង ស្រេង ផ្ដល់ហេតុផល អំពីការរើរូបចម្លាក់នេះ ចេញពីទីតាំងមុខស្ថានទូតបារាំង យកទៅដាក់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ពីព្រោះទីតាំងខាងមុខស្ថានទូតបារាំងនេះ ត្រូវការយកទៅធ្វើជាសួនច្បារវិញ។
រូបចម្លាក់រំឭកជនរងគ្រោះនោះ ជារូបមនុស្សដួលដេកផ្ងារក្រោយ ហើយដៃសំពះ ធ្វើអំពីស្ពាន់ដោយវិចិត្រករ ឈ្មោះ អ៊ឹង សេរ៉ា (Sera Ing) ជាជនរងគ្រោះ ដែលមានឪពុកស្លាប់នៅក្នុងរបបខ្មែរក្រហម។ រូបចម្លាក់ដែលទើបតែបានដាក់សម្ពោធ កាលពីដើមខែធ្នូ ឆ្នាំ ២០១៧ ឥឡូវត្រូវបានយកទៅទុកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថា ការដាក់តាំងរូបចម្លាក់នៅសួនមុខស្ថានទូតបារាំងនេះ គឺជាការជ្រើសរើសរបស់សិល្បករ អ៊ឹង សេរ៉ា ហើយជាកន្លែងដែលជាចំណុចមួយ នៃការចាប់ផ្ដើមជម្លៀសប្រជាជន។ ម្យ៉ាងទៀត គម្រោងសំណងនេះ គឺទាក់ទងនឹងការជម្លៀស ប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ ដោយបង្ខំ៖ «អ៊ីចឹងវាមានសារសំខាន់ គឺយើងដៅចំទីកន្លែង ដើម្បីជានិមិត្តរូបផង ដើម្បីជាមេរៀនផង ដើម្បីជាការដែលបង្ហាញថា អំពើប្រល័យពូជសាសន៍នេះ វាមិនមែនកើតតែលើទួលស្លែងទេ គឺមាននៅកន្លែងផ្សេងៗ ទៀត ហើយការដែលយើងដៅទីតាំងកន្លែងនេះ គឺយើងមានហេតុផល ហើយហេតុផលនេះត្រូវបានសម្រេច និងអនុញ្ញាតដោយចៅក្រមទៅទៀត»។
លោក ឆាំង យុ ថ្លែងបញ្ជាក់ថា ការផ្លាស់ប្ដូរទីតាំង ដោយមិនមាននីតិវិធីត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពល នៃការសម្រេចចិត្តរបស់ចៅក្រមទាំងមូល៖ «វាធ្វើឲ្យយើងគិតថា ការសម្រេចចិត្តរបស់ចៅក្រមនៅតុលាការខ្មែរក្រហមនេះ ដូចជាមិនសូវមានឥទ្ធិពល។ អានេះវាប៉ះពាល់ធ្ងន់ធ្ងរចំពោះគម្រោងធ្វើដើម្បីជាសំណង ដែលយើងគិតថានៅទីនេះ កន្លែងនេះ យើងបានរួបរួមអ៊ីចេះ ហើយយើងបានទៅសម្ពោធទៀត។ អ៊ីចឹងវាខ្វះការគោរពដល់ប្រជាជនជាច្រើន ដែលយើងគិតថា យើងមិនអាចផ្ដល់សំណងបាន តែយើងបានប្រឹងប្រែងឲ្យអស់លទ្ធភាព ប៉ុន្តែសូម្បីតូចមួយយើងធ្វើមិនបានផង អ៊ីចឹងវាធ្វើឲ្យមានការសួរសំណួរថា តើយើងមានចេតនាពិតដែរឬអត់ ធ្វើឡើងសម្រាប់ជនរងគ្រោះ?»។
ទន្ទឹមគ្នានេះដែរ ជនរងគ្រោះនៅខេត្តកំពតម្នាក់ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងលេខ ០០២ នៅសាលាក្ដីខ្មែរក្រហម លោកស្រី ប្រាក់ ស៊ីណាន មានប្រសាសន៍ថា លោកស្រីស្ដាយពេលដែលឮដំណឹងថា រូបចម្លាក់រំឭកដល់ជនរងគ្រោះ ត្រូវបានរើទៅដាក់នៅកន្លែង តែមួយ ឯអតីតគុកទួលស្លែង ដូច្នេះនោះ«ពួកខ្ញុំចង់ឲ្យដាក់នៅទួលស្លែងក៏ដាក់ នៅជើងឯកក៏ដាក់ ហើយដាក់តាមទីរួមខេត្តទៀត ដើម្បីឲ្យងាយស្រួលក្នុងការគោរពរំឭក ព្រោះអីដាក់ដល់ទួលស្លែង អ្នកធ្វើដំណើរអត់បានឃើញទេ ទាល់តែអ្នកព្យាយាមទៅជួបកន្លែងហ្នឹងតែម្ដង ទើបបានឃើញ។ បើដាក់នៅទូតបារាំង បានឃើញទាំងអស់គ្នា អ្នកធ្វើដំណើរចេញចូលបានជួប»។
លោកស្រី ប្រាក់ ស៊ីណាត ថ្លែងទៀតថា ការដាក់នៅទួលស្លែងកន្លែងតែមួយ ដែលមានស្តូបរំឭកមួយហើយនោះ នឹងធ្វើឲ្យលំបាកដល់ពួកលោកស្រី ដែលចង់ទៅធ្វើពិធីរំឭកដល់ជនរងគ្រោះ៖ «ព្រោះអីមួយកន្លែងអ៊ីចឹង ពេលចូលទៅវាមានខ្មែរ មានជនជាតិដែលគេចូលរួម។ អ៊ីចឹងពួកខ្ញុំពិបាក កាលណាយើងទៅមិនមែនទៅម្នាក់ឯងឯណា គឺទៅគ្នាច្រើន។ បើសិនជាទៅគ្នាអ៊ីចឹង គឺចង្អៀត ព្រោះមនុស្សច្រើនពេក។ អ៊ីចឹងបានពួកខ្ញុំដើមបណ្ដឹងហ្នឹងទាមទារហើយ ព្យាយាមទាមទារទៀត ដើម្បីឲ្យបានគ្រប់ទីរួមខេត្តទាំងអស់ មិនថាឡើយរូបសំណាកជាស្ពាន់ ឬជាស៊ីម៉ង់អីទេ។ ទាមទារចង់បានគ្រប់កន្លែង ព្រោះអីបើពួកខ្ញុំឡើងទៅគោរពគ្នា ៤ទៅ ៥រយនាក់ ហើយបើសិនជាឲ្យពួកខ្ញុំឡើងទៅមួយខេត្ត ៤ ទៅ ៥រយនាក់ វាចង្អៀតទីក្រុងបាត់ហើយ ព្រោះផ្លូវយើងចង្អៀតស្រាប់។ ម្ល៉ោះហើយពួកខ្ញុំបន្ថែមហូរហែ តែមិនបានដូចបំណងនៅឡើយទេ»។
ទោះជាយ៉ាងណាក្ដី លោកស្រី ស៊ីណាត យល់ថា ជនរងគ្រោះ នឹងមិនអាចទទួលបានយុត្តិធម៌ទេ ព្រោះគម្រោងសំណង ដែលទាមទារដោយជនរងគ្រោះ ជាដើមបណ្ដឹងរដ្ឋប្បវេណី មិនបានតាមការស្នើសុំឡើយ៖ «ពួកខ្ញុំទាមទារឲ្យរូបសំណាកទាំងអស់ ឲ្យធ្វើគ្រប់ខេត្ត ព្រោះជនរងគ្រោះមានគ្រប់ខេត្ត។ ប៉ុន្តែ កាលពួកខ្ញុំទាមទារ រដ្ឋាភិបាលមិនទាន់សម្រេចឲ្យ គាត់នៅតឹងតែងរហូតចំពោះដើមបណ្ដឹង។ គាត់ថាដើមបណ្ដឹងទាមទារច្រើនពេក។ ដូច្នេះយុត្តិធម៌បានតាមសំណូមពររបស់ដើមបណ្ដឹង ពួកខ្ញុំថាមិនមានសង្ឃឹមទេ»។
គម្រោងសំណងសមូហភាព និងសំណងផ្លូវចិត្តសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ត្រូវបានអង្គភាពគាំពារជនរងគ្រោះ នៃសាលាក្ដីខ្មែរក្រហមស្នើសុំចំនួន ២៣គម្រោង ហើយគម្រោងសាងសង់ស្តូប ឬទីរំឭកដល់ជនរងគ្រោះរូបចម្លាក់នេះ គឺជាគម្រោងក្នុងចំណោមគម្រោងទាំង ២៣នោះ។
គម្រោងផ្សេងទៀត មានដូចជា គម្រោងបង្កើតឱ្យមានទិវាចងចាំ ការផ្ដួចផ្ដើមការចងចាំជាសាធារណៈ ការព្យាបាលផ្លូវចិត្ត ការចងក្រងក្រុមជួយគ្នា សម្រាប់ស្ដារនីតិសម្បទា ការតាំងពិព័រណ៍ ស្ដីពីការជម្លៀសដោយបង្ខំ ការចងក្រងមេរៀន ស្ដីពីការជម្លៀសដោយបង្ខំ ដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋ ការសាងសង់មជ្ឈមណ្ឌលសិក្សាសន្តិភាព ការចងក្រងសៀវភៅស្ដីអំពីដើមបណ្ដឹងរដ្ឋប្បវេណី ការបោះពុម្ព និងចែកចាយសាលក្រមក្នុងសំណុំរឿង ០០២ វគ្គ ១ និងការបោះពុម្ពឈ្មោះជនរងគ្រោះ នៅក្នុងគេហទំព័រសាលាក្ដីខ្មែរក្រហមជាដើម។ គម្រោងសំណងទាំង ២៣នេះ នឹងត្រូវការថវិកាចំនួន ៦លានដុល្លារ ដើម្បីអនុវត្ត។ ក្នុងចំណោមគម្រោងសំណងចំនួន ២៣ គឺមានគម្រោងសំណង ៥ ត្រូវស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា រីឯគម្រោង ១៨ទៀត ត្រូវរកប្រភពជំនួយគាំទ្រពីខាងក្រៅ។ ជនរងគ្រោះដែលតាំងខ្លួនជាដើមបណ្ដឹង ក្នុងសំណុំរឿង ០០២ វគ្គ ២ ចំនួនជិត ៤ពាន់នាក់ (៣.៨៦៧) មានសិទ្ធិទទួលសំណងសមូហភាព និងផ្លូវចិត្តនោះ៕