សកម្មជនបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង អះអាងថា មានជនជាតិវៀតណាម ជាច្រើនក្នុងខេត្តនេះ ដែលមានអត្តសញ្ញាណប័ណ្ណខ្មែរ បាននាំគ្នាទៅចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅដោយគ្មានសមត្ថកិច្ចណាមួយធ្វើការស៊ើបអង្កេតរកប្រភពនៃការទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរពីពួកគេនោះឡើយ។ មន្ត្រីបក្សប្រឆាំងអះអាងថា ពួកគេបានប្ដឹងអំពីបញ្ហានេះរាប់រយករណីមកហើយ តែគ្មានដំណោះស្រាយនោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អះអាងថា មិនដែលទទួលបានបណ្ដឹងនោះទេ ហើយបានជំរុញឲ្យបក្សប្រឆាំងប្ដឹងករណីនេះមកសមត្ថកិច្ចដើម្បីចាត់វិធានការ។
ខណៈស្ថានការណ៍នយោបាយកំពុងមានភាពចម្រូងចម្រាសជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ អំពីភាពស្របច្បាប់របស់គណបក្សសង្គ្រោះជាតិ ជុំវិញបញ្ហាសមាជជ្រើសរើសប្រធានបក្សថ្មីនោះនៅថ្នាក់មូលដ្ឋានវិញ សកម្មជនគណបក្សប្រឆាំងបានសម្ដែងក្ដីបារម្ភចំពោះការបោះឆ្នោតឃុំ-សង្កាត់ នៅពេលខាងមុខ នឹងធ្វើឡើងដោយមិនតម្លាភាព ដោយសេរី និងយុត្តិធម៌នោះឡើយ។
ពួកគេអះអាងថា កន្លងមកមានជនជាតិវៀតណាម ជាច្រើនបានទៅចុះឈ្មោះបោះឆ្នោតទាំងគ្មានឯកសារច្បាប់ត្រឹមត្រូវ ក្នុងការចូលសញ្ជាតិខ្មែរ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ពីខាងគណបក្សសង្គ្រោះជាតិ លោក ដួង ចន្ត្រា ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោកបានប្ដឹងករណីជនជាតិវៀតណាម ចុះឈ្មោះបោះឆ្នោតដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តែគ្មានលិខិតបញ្ជាក់អំពីឯកសារក្នុងការទទួលបានសញ្ជាតិខ្មែរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែរ តែរហូតមកទល់ពេលនេះ គ្មានការស៊ើបអង្កេតណាមួយនោះឡើយ៖ «គាត់មិនមានឯកសារចូលសញ្ជាតិដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ តែគាត់មានអត្តសញ្ញាណប័ណ្ណ ហើយមានសៀវភៅគ្រួសារសម្រាប់យកទៅចុះឈ្មោះបោះឆ្នោត ដែលវាត្រូវទៅនឹងនីតិវិធី របស់ គ.ជ.ប ដែលអនុញ្ញាតឲ្យចុះឈ្មោះឆ្នោតមានត្រឹមតែសៀវភៅ គ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ជនជាតិវៀតណាម ទាំងនោះគាត់មិនបានចូលសញ្ជាតិជាខ្មែរទេ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៥ និងឆ្នាំ២០១៦ រកឃើញថា យ៉ាងហោចណាស់មានពលរដ្ឋវៀតណាម ដែលរស់នៅស្របច្បាប់ក្នុងខេត្តនេះមានចំនួន ២.៣៩៧គ្រួសារ ស្មើនឹង ១ម៉ឺន ៨៧នាក់ ហើយអ្នកទាំងនោះមិនទាន់ចូលសញ្ជាតិខ្មែរនៅឡើយទេ។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តនេះរកឃើញថា យ៉ាងហោចណាស់មានជនជាតិវៀតណាម ដែលមានអត្តសញ្ញាណប័ណ្ណខ្មែរចំនួន ៥៤នាក់។
លោក ដួង ចន្ត្រា មានប្រសាសន៍បន្តថា ពលរដ្ឋវៀតណាម ក្នុងខេត្តកំពង់ឆ្នាំង អាចទទួលបានអត្តសញ្ញាណប័ណ្ណខ្មែរដោយងាយប្រសិនបើមានលុយ៖ «នៅក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលដែលខ្ញុំទទួលបានឲ្យតែមានថវិកាផ្ដល់ជូនមន្ត្រីអត្រានុកូលដ្ឋានហ្នឹង គឺគេធ្វើអត្តសញ្ញាណប័ណ្ណឲ្យតែម្ដង។ ពួកគាត់មិនបានសួរថា តើចូលសញ្ជាតិខ្មែរតាមរយៈណានោះទេ ឲ្យតែមានលុយគឺធ្វើឲ្យតែម្ដង»។
សេចក្ដីប្រកាសរបស់ គ.ជ.ប ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី២០១៦ ចែងថា ជនណាក៏ដោយឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជននោះអាចចុះឈ្មោះបោះឆ្នោតបាន។
មាត្រា៨ នៃច្បាប់ស្ដីពីសញ្ជាតិឆ្នាំ១៩៩៦ ចែងថា ជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបានលុះត្រាមានលិខិតបញ្ជាក់ថា មានគំនិតមារយាទ និងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួន។
មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ហើយរស់នៅជាប់លាប់ក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល ៧ឆ្នាំ។ ចេះនិយាយ សរសេរ យល់ដឹងពីប្រវត្តិ និងទទួលយកបានពីប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ហើយមានការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ។
ចំណែកមាត្រា៣៤ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតចាប់ពីអាយុ ១៨ឡើងទៅ ហើយអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានអាយុយ៉ាងតិចពី ២៥ឆ្នាំឡើងទៅ។
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច លោក ទត គឹមស្រូយ ថ្លែងថា ការអនុញ្ញាតឲ្យជនជាតិវៀតណាម អាចចុះឈ្មោះបោះឆ្នោតដោយមិនមានការពិនិត្យឲ្យបានច្បាស់លាស់អំពីប្រភពដើមនៃការទទួលបានសញ្ជាតិ វាគឺជាការកេងប្រវ័ញ្ចផ្នែកនយោបាយពីខាងគណបក្សកាន់អំណាច៖ «អានេះវាជាល្បិចរបស់គណបក្សកាន់អំណាច។ បាទ! ការចុះឈ្មោះថ្មីហ្នឹងខាតបង់ អាហ្នឹងឯង។ អត្តសញ្ញាណប័ណ្ណដែលគេយកទៅចុះឈ្មោះនោះគេអនុញ្ញាតរហូតដល់ហួសសុពលភាពទៅទៀត»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បានជំរុញឲ្យមានការដាក់ពាក្យបណ្ដឹងប្រសិនបើមានជនជាតិវៀតណាម ណាកាន់អត្តសញ្ញាណប័ណ្ណខ្មែរមិនស្របតាមនីតិវិធីច្បាប់ ហើយយកចុះឈ្មោះបោះឆ្នោតនោះ៖ «ក្នុងករណីដែលមានជនជាតិយួនកាន់កាតខ្មែរហើយប្ដឹងមក។ គ្មានអាណាក្បាលយួនខ្លួនខ្មែរដូចពួកវាចោទប្រកាន់នោះទេ។ ខ្មែរស្រឡាញ់ខ្មែរដូចតែគ្នាទេ។ បើដឹងថា យួនកាន់កាតខ្មែរហើយប្ដឹងមកចុះ»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា ខេត្តដែលសម្បូរជនជាតិវៀតណាម មានអត្តសញ្ញាណប័ណ្ណខ្មែរតែមិនមានច្បាប់គ្រប់គ្រាន់ ហើយយកទៅចុះឈ្មោះបោះឆ្នោតនោះមានដូចជាខេត្តកំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង រតនគិរី មណ្ឌលគិរី ក្រចេះ ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ និងបណ្ដាខេត្តជាច្រើនទៀត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សរបស់លោកប្ដឹងអំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតពីសំណាក់ជនជាតិវៀតណាម ដើម្បីបោះឆ្នោតក្នុងទឹកដីខ្មែរនេះរាប់រយករណីមក ប៉ុន្តែ គ.ជ.ប និងក្រសួងមហាផ្ទៃ ហាក់នៅព្រងើយកន្តើយ ហើយគ្មានចំណាត់ការចំពោះបញ្ហាទាំងនេះ៖ «បាទ! វាមិនដែលបានទទួលជោគជ័យទេ ពីព្រោះខាង គ.ជ.ប ក៏មានអំណះអំណាងថា គាត់ធ្វើតាមច្បាប់ ព្រោះគេមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែមិនបាននិយាយទៅដល់ថា មានអត្តសញ្ញាណប័ណ្ណតែមិនមានព្រះរាជក្រឹត្យ ហើយច្បាប់ចែងហើយថា មានសញ្ជាតិទាល់តែមានព្រះរាជក្រឹត្យ។ អ៊ីចឹងវាចូលទៅដល់សមត្ថកិច្ចក្រសួងមហាផ្ទៃ និងសមត្ថកិច្ចរបស់តុលាការហើយក្នុងការស៊ើបអង្កេត។ បើនៅប្រទេសគេសមត្ថកិច្ចហ្នឹងមិនចាំបាច់មានអ្នកណាប្ដឹងទេ អោយតែមានភាពមិនប្រក្រតីគឺគេចាត់វិធានការស៊ើបអង្កេតហើយ»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា សមត្ថកិច្ចត្រូវធ្វើសវនកម្ម ឬសើរើឡើងចំពោះអត្តសញ្ញាណប័ណ្ណដែលប្រគល់ឲ្យជនជាតិវៀតណាម ថាតើអត្តសញ្ញាណប័ណ្ណធ្វើឡើងត្រឹមត្រូវតាមច្បាប់ចូលសញ្ជាតិរបស់កម្ពុជាដែរ ឬយ៉ាងណានោះ៖ «បើយើងធ្វើសវកម្មអត្តសញ្ញាណប័ណ្ណយើងនឹងដឹងថា មានបញ្ហាអ្វីខ្លះអំពីការចេញ។ យើងនៅមានមន្ទិលសង្ស័យចំពោះមន្ត្រីដែលចេញអត្តសញ្ញាណប័ណ្ណធ្វើការត្រឹមត្រូវតាមច្បាប់ដែរ ឬយ៉ាងណានោះ»។
ឯកសារដែលអាស៊ីសេរី បានទទួលពីប្រភពដែលជឿទុកចិត្តក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯណោះវិញ រកឃើញថា មានជនជាតិវៀតណាម ជាច្រើនដែលមានអត្តសញ្ញាណប័ណ្ណខ្មែរ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានថែមទៀត។ ប្រភពដដែលឲ្យដឹងថា ជនជាតិវៀតណាម ទាំងនោះបានទទួលអត្តសញ្ញាណប័ណ្ណខ្មែរដោយមិនបានឆ្លងកាត់នីតិវិធីច្បាប់ស្ដីពីសញ្ជាតិបានត្រឹមត្រូវនោះឡើយ។
រហូតមកទល់ពេលនេះ អ្នកទាំងនោះខ្លះមានតួនាទីក្នុងអាជ្ញាមូលដ្ឋានរបស់ខ្មែរថែមទៀត ដូចជាមានឋានៈជាប្រធានភូមិ ឬប្រធានការពារភូមិជាដើមដែលអ្នកទាំងនោះមានអំណាចអាចទាក់ទងជាមួយសមត្ថកិច្ចខ្មែរបានយ៉ាងងាយ៕