គណៈរដ្ឋមន្ត្រីអនុម័តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំ និងល្អប្រសើរឡើង ព្រមទាំងអាចគ្របដណ្ដប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ពោលគឺគ្របដណ្ដប់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
កន្លងមក រដ្ឋាភិបាលធ្លាប់ដាក់ឲ្យដំណើរការបេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងមូលនិធិជនពិការជាដើម ក៏ប៉ុន្តែការអនុវត្តប្រព័ន្ធទាំងនេះហាក់នៅមានកម្រិតនៅឡើយ។ បញ្ហាប្រឈមចម្បងនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា គឺវិសាលភាពមិនទាន់គ្របដណ្ដប់ចំពោះប្រជាជនគ្រប់រូប និងនៅមានកង្វះកម្មវិធីជាក់លាក់មួយចំនួន ដើម្បីឆ្លើយតបចំពោះហានិភ័យនានា ដែលអាចកើតមានឡើងក្នុងសង្គម។
អាស៊ីសេរី ពុំទាន់អាចសុំការបកស្រាយបន្ថែមពីមន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ សម្រាប់អ្នកឃ្លាំមើលស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លោកបានថ្លែងសាទរចំពោះការអភិវឌ្ឍគោលនយោបាយថ្មីនេះ។
បណ្ឌិត មាស នី៖ «នយោបាយគាំពារសង្គមហ្នឹងវាត្រឹមត្រូវហើយ។ ខ្ញុំគិតថា រដ្ឋាភិបាលចាប់ផ្ដើមគិតគូរអំពីរឿងនេះ ក៏វាមិនទាន់យឺតពេលទេ ហើយវាជារឿងល្អដែលពលរដ្ឋខ្មែរកំពុងតែស្វែងរកនូវសុវត្ថិភាពខ្លួនឯង សុវត្ថិភាពសង្គម។ សុវត្ថិភាពសង្គមចង់និយាយថា ក្នុងករណីដែលពលរដ្ឋធ្លាក់ខ្លួនឈឺ គេរត់ទៅណា? បើរត់ទៅពេទ្យៗចាំកាប់នៅមន្ទីរពេទ្យ។ អ៊ីចឹងបើយើងមានសេវាកម្មគាំពារសង្គមនោះ វាអាចជួយរក្សាសុវត្ថិភាពសង្គមរបស់មនុស្សម្នាក់ៗហ្នឹងច្រើន»។
យ៉ាងណាក៏ដោយ លោកបណ្ឌិត មាស នី ស្នើឲ្យការដាក់ចេញគោលនយោបាយនេះ ត្រូវមានភាពស្មើភាព ឬសមធម៌ក្នុងចំណោមគ្រប់ស្រទាប់មហាជនទាំងអស់ ពោលគឺមិនថា ពលរដ្ឋធម្មតាមន្ត្រីរាជការស៊ីវិល អ្នកបម្រើការតាមវិស័យឯកជន កម្មករ ឬកសិករជាដើម។
គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នេះ នឹងបង្កើតឲ្យមានឡើងនូវ "ក្រុមប្រឹក្សាជាតិគាំពារសង្គម" ដើម្បីតាមដានប្រសិទ្ធភាពនៃការអភិវឌ្ឍរបប ឬកម្មវិធីនីមួយៗនៃប្រព័ន្ធគាំពារសង្គម។ គោលនយោបាយជាតិគាំពារសង្គមនេះ គ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន២ គឺ ទីមួយប្រព័ន្ធជំនួយសង្គម ដែលរួមមាន ការឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្ស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ និងទីពីរ គឺប្រព័ន្ធសន្តិសុខសង្គម រួមមាន សោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាព។
គណៈរដ្ឋមន្ត្រីក៏បានអនុម័តសេចក្ដីព្រាងច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក្នុងគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្មកម្ពុជា បណ្ដាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក៕