អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ស្នើឲ្យដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋកាន់កាប់ដីនៅជុំវិញមាត់បឹងព្រែកទប់ មានទីតាំងក្នុងសង្កាត់លេខ៣ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវដើម្បីអភិរក្សផ្ទៃបឹងទឹកសាប នៅសល់ពីការរំលោភបំពានមានទំហំជាង ១៦ហិកតារឲ្យបានគង់វង្ស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនគាំទ្រក្រសួងរៀបចំដែនដី ដែលអនុញ្ញាតឲ្យរដ្ឋបាលខេត្តព្រះសីហនុ ដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅតំបន់ជុំវិញបរិវេណមាត់បឹងព្រែកទប់។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើឲ្យរដ្ឋបាលខេត្តនេះ ត្រូវរក្សាទីតាំងដែលរាជរដ្ឋាភិបាលបានកំណត់ជាតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ឲ្យបានគង់វង្ស។ ជាងនេះទៀត អាជ្ញាធរត្រូវអភិវឌ្ឍផ្លូវនៅជុំវិញសងខាងអ័ក្សផ្លូវ នាមាត់បឹងព្រែកទប់ សរុបមានទទឹង ២០ម៉ែត្រ និងស្ថាបនាប្រព័ន្ធលូបង្ហូរទឹកឲ្យរួចរាល់សិន មុននឹងដំណើរការចុះបញ្ជីដីធ្លីជូនពលរដ្ឋ៖ «ទន្ទឹមនឹងការចុះបញ្ជីនេះ គឺស្នើសុំឲ្យឯកឧត្ដមអភិបាលខេត្តមេត្តាអនុវត្ត ជាពិសេសការរក្សាទុកអ័ក្សផ្លូវសងខាងផ្លូវ ១០ម៉ែត្រ និងការកសាងផ្លូវ ព្រមទាំងប្រព័ន្ធលូបង្ហូរទឹកនេះ សូមមេត្តាសាងសង់ឲ្យរួចរាល់ដើម្បីការពារនៅពេលដែលវាស់វែងដីចេញជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយពលរដ្ឋទៅសាងសង់លំនៅឋាន នឹងមានការបង្ហូរកាកសំណល់រឹងរាវគ្រប់ប្រភេទចូលទៅក្នុងផ្ទៃបឹង។ ដូច្នេះស្នើសុំឲ្យអាជ្ញាធរខេត្ត មេត្តារៀបចំប្រព័ន្ធផ្លូវ ប្រព័ន្ធលូទឹកស្អុយ និងប្រព័ន្ធផ្សេងៗ នៅជុំវិញបឹងព្រែកទប់ ឲ្យហើយរួចរាល់មុនរៀបចំវាស់វែងដីជូនពលរដ្ឋ»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានចេញលិខិតជម្រាបជូនអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អនុញ្ញាតឲ្យរដ្ឋបាលខេត្តនេះ ដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋដែលកាន់កាប់ដីនៅជុំវិញមាត់បឹងព្រែកទប់ ក្នុងសង្កាត់លេខ៣ បានប្រើប្រាស់ស្របច្បាប់។
ទន្ទឹមគ្នានេះ ក៏តម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ រក្សាទីតាំងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ មានទំហំជាង ១៦ហិកតារ (១៦,៣) ឲ្យស្របតាមអនុក្រឹត្យចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយត្រូវរក្សាដីចំណីផ្លូវជុំវិញបឹងសងខាងអ័ក្សផ្លូវ សរុបមានទទឹង ២០ម៉ែត្រ សម្រាប់រៀបចំជាផ្លូវ ទំនប់ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់តាមបណ្ដោយដីចំណីផ្លូវព័ទ្ធជុំវិញបឹង និងត្រូវការពារប្រឡាយធម្មជាតិ ដែលតភ្ជាប់ទៅនឹងបឹងធម្មជាតិមួយនេះ ដោយរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់នៅខាងមុខប្រឡាយនោះ មុននឹងបង្ហូរទឹកចេញពីប្រឡាយចូលទៅក្នុងបឹងព្រែកទប់។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា តាមរយៈលិខិតដដែលក៏បានតម្រូវឲ្យអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវអនុវត្តតាមខ្លឹមសាររបស់ក្រសួងរៀបចំដែនដី បានកំណត់មានប្រសិទ្ធភាព។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា នឹងចុះអនុវត្តតាមខ្លឹមសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យមានប្រសិទ្ធភាព។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានស្នើដល់មន្ត្រីជំនាញរដ្ឋបាលខេត្តព្រះសីហនុ ត្រូវតែបំពេញការងារតម្កល់ផលប្រយោជន៍ជាតិជាសំខាន់ និងមានប្រសិទ្ធភាព។
អ្នកស្រីឲ្យដឹងថា អ្នកមានឈ្មោះកាន់កាប់ ឬមានចំណែកក្បាលដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់ ភាគច្រើន គឺជាមន្ត្រីរាជការកំពុងបម្រើការងារ ឬមានតួនាទីខ្ពស់នៅតាមមន្ទីរ ឬស្ថាប័នរដ្ឋមួយចំនួននៃរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នកម្លាំងប្រដាប់អាវុធថ្នាក់ជាតិជាដើម៖ «ពួកខ្ញុំនៅតែមានការព្រួយបារម្ភរហូតព្រោះថា ផ្ទៃបឹងនេះ ពីមុនមកវាមានទំហំធំ ប៉ុន្តែឥឡូវដោយសារស្ថានភាពកាន់កាប់របស់ប្រជាពលរដ្ឋដីនៅជុំវិញមាត់បឹងនេះកន្លងមក ដោយពួកគាត់អាចចូលទៅកាន់កាប់ដីនៅមាត់បឹងព្រែកទប់នេះ បានដោយមានការអនុញ្ញាតពីអាជ្ញាធរ ហើយបើឲ្យពួកគាត់រើឲ្យចាកចេញពួកគាត់ក៏មិនសុខចិត្តដែរ។ បច្ចុប្បន្ននេះ ដោយសារតែយើងទាំងអស់គ្នាមិនបានយកចិត្តទុកដាក់ទៅលើការថែរក្សាផ្ទៃបឹងព្រែកទប់ កន្លងមកធ្វើឲ្យមានការបាត់បង់ផ្ទៃបឹងរួមតូច គឺនៅសល់តែជាង ១៦ហិកតារទេ»។
ទន្ទឹមគ្នានេះ សាធារណជនរស់នៅខេត្តព្រះសីហនុ ឲ្យដឹងថា នឹងរង់ចាំមើលប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នេះ៕