Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រជា​ការពារ​ភូមិ​នៅ​ស្រុក​មេមត់​គ្រោង​ប្ដឹង​ទាហាន​ដែល​​បាញ់​ធ្លុះ​ប្រអប់​ជើង​ស្ដាំ

$
0
0

ប្រជា​ការពារ​ភូមិ​ក្ងោក ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ខ្លួន​គ្រោង​នឹង​ប្ដឹង​ទាហាន​បញ្ជាការ​សឹក​រង​ស្រុក​មេមត់ ម្នាក់ ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​មក​លើ​ខ្លួន​បណ្ដាល​ឱ្យ​ធ្លុះ​ប្រអប់​ជើង​ស្ដាំ​ម្ខាង។ ហេតុការណ៍​បាញ់​បោះ​នេះ កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា នៅ​ចំណុច​វត្ត​ក្ងោក ខណៈ​មាន​ពិធី​បុណ្យ​ក្នុង​វត្ត។ អធិការ​ស្រុក​មេមត់ បញ្ជាក់​ថា មន្ត្រី​របស់​ខ្លួន​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ ប៉ុន្តែ​ជនរងគ្រោះ​សម្រេច​ថា គេ​នឹង​មិន​ប្ដឹងផ្ដល់​ឡើយ។

​ប្រជា​ការពារ​ភូមិ​ក្ងោក ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ជើង​ស្តាំ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ស្វែងរក​យុត្តិធម៌​ករណី​បង្ក​របួស​ស្នាម​ពី​សំណាក់​ទាហាន​មក​លើ​រូប​គាត់។

​ប្រជា​ការពារ​ភូមិ​ក្ងោក មួយ​រូប លោក ប៊ិន រឿន ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា គឺ​មាន​ពិធី​បុណ្យ​នៅ​វត្ត​ក្ងោក ដោយ​មាន​ដាក់​បញ្ចាំង​ល្ខោន ហើយ​ក៏​មាន​សេចក្ដី​រាយការណ៍​ថា មាន​ក្មេង​ឈ្លោះ​គ្នា ហើយ​ពួកគាត់​ក៏​នាំគ្នា​ទៅ​មើល ប៉ុន្តែ​មិន​ឃើញ​ក្មេង​ទាំង​នោះ​ទេ។ លោក​បន្ត​ថា នៅ​យប់​នោះ​ឃើញ​ទាហាន​ម្នាក់​ឈ្មោះ ណេត កំពុង​សួរ​នាំ​ក្រុម​ប្អូន​របស់​គាត់​ដោយ​ប្រើ​ពាក្យ​សម្ដី​ខ្លាំង ហើយ​លោក​ក៏​ណែនាំ​មិន​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​ក្រុម​ក្មេង​ទាំង​នោះ ស្រាប់​តែ​ទាហាន​រូប​នោះ បាញ់​ចំនួន​បី​គ្រាប់ និង​បណ្ដាល​ឱ្យ​ត្រូវ​ជើង​របស់​លោក​ចំនួន​មួយ​គ្រាប់​ធ្លុះ​ប្រអប់​ជើង​ស្ដាំ​តែម្ដង៖ «យល់​ឃើញ​ថា​ម៉េច យល់​ឃើញ​ថា​ម៉េច យល់​ឃើញ​ថា​បាញ់​ឱ្យ​ត្រូវ​តែម្ដង​មិន​មែន​បាញ់​សម្លុត​ទេ»

​ប្រភព​ដដែល​អះអាង​ថា ក្រោយ​ពេល​កើតហេតុ លោក​មិន​ដឹង​ថា ជនល្មើស​គេច​ខ្លួន ឬ​មិន​គេចខ្លួន​នោះ​ទេ ដោយសារ​គាត់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់។ លោក ប៊ិន រឿន បញ្ជាក់​ថា ស្ថានភាព​សុខភាព​គាត់​នៅ​ខ្សោយ​នៅ​ឡើយ។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ទៅ​ទាហាន​បញ្ជាការ​សឹក​រង​ស្រុក​មេមត់ ឈ្មោះ ណេត ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។

អធិការ​នគរបាល​ស្រុក​មេមត់ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ។ លោក​ឱ្យ​ដឹង​ដែរ​ថា ការ​ផ្ទុះ​គ្រាប់​កាំភ្លើង​នោះ​គឺ​ដោយមាន​ក្រុម​ក្មេង​ឈ្លោះ​គ្នា ហើយ​ជា​ការ​បាញ់​គំរាម​ទៅ​នឹង​ដី ប៉ុន្តែ​គ្រាប់​កាំភ្លើង​ប្លាត​ទៅ​ត្រូវ​ប្រជា​ការពារ​ភូមិ​រូប​នោះ​ប៉ុណ្ណោះ៖ «មាន​ឈ្លោះ​ប្រកែក​គ្នា​ទៅ​ហើយ​ឮ​ថា ត​មាត់​ត​ក​គ្នា​ទៅ ហើយ​ខាង​សមត្ថកិច្ច​បាញ់​ដី ដើម្បី​បង្ក្រាប​កុំ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​បន្ត ដើម្បី​ដេញ​ទៅ​ផ្ទះ​អ៊ីចឹង»

យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា ក្រុម​គ្រួសារ​ជនរងគ្រោះ​សម្រេច​មិន​ប្ដឹងផ្ដល់​នោះ​ទេ ដោយ​គិត​ថា ជា​អ្នក​ភូមិ​ស្រុក​ជាមួយ​គ្នា ហើយ​យល់​ព្រម​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់។

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត និយាយ​ថា ករណី​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា ទោះបីជា​មាន​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​បណ្ដឹង​អាជ្ញា​មិន​អាច​បញ្ចប់​បាន​ទេ៖ «នេះ​ជា​រឿង​ព្រហ្មទណ្ឌ។ រី​ឯ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ច្បាប់​មិន​ហាមឃាត់​ទេ ប៉ុន្តែ​មិន​មែន​ដើម្បី​រំលត់​បណ្ដឹង​អាជ្ញាធរ​ទេ»

​លោក​បន្ត​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​គឺ​ជនរងគ្រោះ ដោយ​ពួកគាត់​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​សំណង ឬ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ពី​ជនល្មើស​សម្រាប់​យក​ប្រាក់​មក​ព្យាបាល​ជំងឺ ប៉ុន្តែ​ដើម​បណ្ដឹង​ព្រហ្មទណ្ឌ ពុំ​មែន​ជនរងគ្រោះ​ទេ ពោល​គឺ​ជា​ព្រះរាជអាជ្ញា។ លោក​ថា ប្រសិនបើ​រឿង​នេះ​ដឹង​ដល់​សមត្ថកិច្ច ឬ​ព្រះរាជអាជ្ញា​ហើយ ប៉ុន្តែ​មិន​មាន​វិធានការ គឺ​ធ្វើ​ឱ្យ​មាន​កំហុស​ត​គ្នា ពីព្រោះ​មិន​បាន​ផ្ដន្ទាទោស​ជនល្មើស​តាម​ច្បាប់។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​មីនា ក៏​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បណ្ដាល​ឱ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់។ ហេតុការណ៍​នោះ ត្រូវ​បាន​ពលរដ្ឋ​បញ្ជាក់​ថា មេ​ប៉ុស្តិ៍​ឃុំ​ចន្ទ្រា បាន​ដក​កាំភ្លើង​បាញ់​ពីរ​គ្រាប់ ក្នុង​ករណី​អន្តរាគមន៍​ជម្លោះ​កូន​ប្រុស​របស់​ខ្លួន​ហើយ​ប្លាត​ត្រូវ​យុវជន​ម្នាក់​បណ្ដាល​ឱ្យ​ធ្លុះ​កំភួន​ជើង​ម្ខាង។ ករណី​នេះ​ក្រសួង​មហាផ្ទៃ គ្រោង​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles