ពលរដ្ឋមួយគ្រួសាររស់នៅឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចោទចៅអធិការវត្តបឹងខ្នារ ថាបានដឹកនាំនេនៗកាប់បំផ្លាញផលដំណាំ និងរបងចម្ការរបស់គាត់ចោលដើម្បីធ្វើរបង និងចាក់ដីថ្មីរំលោភយកដីគាត់ទំហំជិត ១ហិកតារទៅធ្វើជាកម្មសិទ្ធិរបស់វត្ត។ ចៅអធិការវត្តបឹងខ្នារ អះអាងថា ដីដែលលោកកំពុងឈូសឆាយ និងចាក់នោះគឺជាដីរបស់វត្ត។
ស្ត្រីវ័យជរាម្នាក់បានឲ្យកូនស្រីដឹកតាមម៉ូតូស្វែងរកអ្នកច្បាប់ ឬមន្ត្រីការពារសិទ្ធិមនុស្សដើម្បីប្រឹក្សាផ្លូវច្បាប់ នៅគ្រាដែលគាត់បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ជុំវិញរឿងនេះទៅអភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ការស្វះស្វែងយ៉ាងតក់ក្រហល់នេះ ដោយសារចៅអធិការវត្តព្រះនាម នួន ស៊ីណាត់ នៅបន្តបញ្ជាឲ្យត្រាក់ទ័រឈូសរំលំដើមត្នោតលើដីរបស់គាត់។
លោកស្រី ជា ស៊ុនលី មានប្រសាសន៍នៅថ្ងៃទី២៤ ខែមីនា ថា តាំងពីចុងខែមករា ឆ្នាំ២០១៧ ដែលបញ្ហាបានកើតឡើង គ្រួសារលោកស្រីបានរត់ទៅពឹងមេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នារឆ្មារ ជួយអន្តរាគមន៍ ប៉ុន្តែគេថាគ្មានលទ្ធភាព។ ក្រោយមកលោកស្រីបានប្ដឹងដល់អាជ្ញាធរស្រុក ទើបអភិបាលស្រុកចុះអន្តរាគមន៍ឲ្យភាគីចៅអធិការវត្តផ្អាករង់ចាំការដោះស្រាយ ប៉ុន្តែលោកនៅតែធ្វើ៖ «ដីជាប់មាត់បឹង នៅពីខាងកើតវត្ដត្រូវលោកហ្នឹងមករំលោភបំពានខ្ញុំ ហើយកាប់កូនឈើ ដករបងវត្ដដុតចោលទៀត។ (ជិន ជេដ្ឋា៖ ដករបងវត្ដ ឬដករបងរបស់អ៊ំ?) ដករបងវត្ត ព្រោះរបងខ្ញុំធ្វើជាប់វត្ត។ (ជិន ជេដ្ឋា៖ ការពិតដីហ្នឹងអ៊ំកាន់កាប់ប៉ុន្មានឆ្នាំហើយ?) កាន់តាំងពីឆ្នាំ១៩៧៩ មក ហើយជាមរតករបស់ដូនតាខ្ញុំទៀត។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យខ្ញុំផង តើអ្នកបំពានមកលើខ្ញុំត្រូវជាយ៉ាងម៉េចទៅវិញ? កាប់បំផ្លាញរបស់ខ្ញុំអស់ ហើយច្បាប់ថាម៉េច?»។
ឆ្លើយតបបញ្ហានេះ ចៅអធិការវត្តបឹងខ្នារ ព្រះនាម នួន ស៊ីណាត់ មានថេរដីកាយ៉ាងខ្លីមុននឹងចុចផ្ដាច់ទូរស័ព្ទថា ព្រះអង្គធ្វើរបង និងចាក់ដីលើដីរបស់វត្តប៉ុណ្ណោះ មិនបានប៉ះពាល់ដីពុទ្ធបរិស័ទនោះទេ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុន្នី ថ្លែងថា ខាងលោកនឹងប្រឹក្សាផ្លូវច្បាប់ជូនភាគីពលរដ្ឋនៅដើមខែមេសា ខាងមុខ ហើយលោកនឹងចុះអង្កេតករណីនេះជាក់ស្ដែង។ លោកថា បើភាគីចៅអធិការវត្តបានរំលោភយកដីពុទ្ធបរិស័ទដូចការចោទប្រកាន់មែននឹងធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿទៅធ្វើបុណ្យនៅវត្តនោះទៀត និងប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជន៖ «ខាងពុទ្ធសាសនាមានតែធ្វើបុណ្យ មេត្តា ករុណា មុទិតា ឧបេក្ខា មានន័យថា ត្រូវបានអាណិតអាសូរដល់ប្រជារាស្ត្រ អាណិតអាសូរពុទ្ធបរិស័ទ មិនអាចយកដីពលរដ្ឋទេ មានតែឲ្យទៅវិញ ឲ្យទៅពលរដ្ឋក្រីក្រវិញ បានន័យថា ប្រោសសត្វលោកនោះឯង»។
កំណត់ហេតុកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អភិបាលស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា ដែលអាស៊ីសេរី ទើបទទួលបានបង្ហាញថា ស្ថានភាពដីជាក់ស្ដែងជាប្រភេទដីចំណីបឹង ហើយភាគីទាំងសងខាងសុទ្ធតែអះអាងថា ជាដីរបស់ខ្លួន។ នៅក្នុងកំណត់ហេតុដែលមានការផ្ដិតមេដៃទទួលស្គាល់ដោយភាគីជម្លោះ និងអាជ្ញាធរមូលដ្ឋានមួយចំនួនផង បានស្នើឲ្យភាគីទាំងពីអនុវត្តបីចំណុច។
ការស្នើសុំឲ្យភាគីទាំងពីរអនុវត្តនោះ គឺទី១ គ្រូចៅអធិការត្រូវបញ្ឈប់ការកាប់រាន និងចាក់ដីលើទីតាំងលោកស្រី ស៊ុនលី អះអាងថា ជាដីរបស់គាត់ជាបណ្ដោះអាសន្ន។ ចំពោះទីតាំងផ្សេងលោកអាចដាក់ដីសម្អាតវត្តបាន។ ទី២ ភាគីទាំងពីរអាចស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ឬប្ដឹងទៅតុលាការ។ ទី៣ សូមឲ្យមានការចរចារវាងភាគីទាំងពីរដើម្បីដោះស្រាយជាថវិកាដែលជាការប្រសើរជាងគេ៕