
ជនជាតិដើមភាគតិចរស់នៅខែត្រភាគឦសាន ភ័យព្រួយរឿងសុវត្ថិភាព នៅគ្រាដែលពួកគាត់បានលាតត្រដាងពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយ និងប្ដឹងអាជ្ញាធររដ្ឋាភិបាលមួយចំនួន ទៅតុលាការ ក្នុងបំណងសង្គ្រោះធនធានធម្មជាតិ ក៏ប៉ុន្តែបែរជាអាជ្ញាធរមូលដ្ឋាន គំរាមពួកគេចាប់ដាក់គុក និងដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើល។ លើសពីនេះ អាជ្ញាធររដ្ឋាភិបាលហាក់រើសអើងពលរដ្ឋ ឈឺឆ្អាលពីបទល្មើសព្រៃឈើ និងចាត់ទុកពលរដ្ឋទាំងនោះ ជាក្រុមបក្សប្រឆាំង និងបដិវត្តន៍ពណ៌។
ជនជាតិដើមភាគតិចកួយ រស់នៅខែត្រស្ទឹងត្រែង ក្រចេះ និងខែត្ររតនគិរី ឲ្យដឹងនៅថ្ងៃទី២៣ មករាថា ពួកគាត់នៅតែស្ម័គ្រចិត្តបំពេញកាតព្វកិច្ច ការពារធនធានធម្មជាតិដោយរាយការណ៍ពីបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្ដឹងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលណា ដែលអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើគ្រប់រូបភាព ក្នុងបំណងឲ្យចាត់វិធានការតាមផ្លូវច្បាប់ បើទោះបីមានការគំរាមកំហែងពីអាជ្ញាធររដ្ឋាភិបាលក្ដី។
ជនជាតិដើមភាគតិចរស់នៅឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី លោក ចយ ផល្លា ឲ្យដឹងថា អភិបាលស្រុកលំផាត់ លោក នូ ថេរ បានគំរាមលោកចាប់ដាក់គុក នៅគ្រាដែលសហគមន៍ការពារព្រៃឈើ ៤នាក់ និងមន្ត្រីនៃសមាគមអាដហុក (Adhoc) មួយរួប បានឯកភាពគ្នាផ្ដិតមេដៃប្ដឹងមេឃុំ អភិបាលស្រុក និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទៅតុលាការកាលពីចុងឆ្នាំ២០១៧។ លោកចាត់ទុក ការគំរាមនេះ ជាការបំបាក់ស្មារតីពលរដ្ឋមិនឲ្យឈឺឆ្អាលអំពីបទល្មើសព្រៃឈើ៖ «ប្រជាពលរដ្ឋបានផ្ដិតមេដៃគាំទ្រការពារព្រៃឈើ តែគាត់មកគំរាមខ្ញុំ ឲ្យពួកខ្ញុំធ្វើកម្លាំងគាត់តាមដាន ចាត់វិធានការចាប់ខ្ញុំដាក់គុកតែម្ដង»។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង លោក ថាន់ វ៉ន ឲ្យដឹងនៅថ្ងៃទី ២៣ មករាថា អាជ្ញាធររដ្ឋាភិបាលបានដាក់កម្លាំងប្រដាប់អាវុធតាមដានលោក នៅគ្រាដែលលោកបានរាយការណ៍ពីភាពអសកម្មរបស់អាជ្ញាធររដ្ឋរឿងមិនអើពើងទប់ស្កាត់បទល្មើសព្រៃឈើ។ លោកថា សហគមន៍មូលដ្ឋានក៏ធ្លាប់ដាក់ពាក្យប្ដឹងមេភូមិ និងមេឃុំទៅតុលាការពីបទឃុបឃិតគ្នាកាប់រានដីព្រៃសហគមន៍ បម្លែងជាសម្បត្តិឯកជន ជាង៤ឆ្នាំមកហើយ មកទល់ពេលនេះពុំទាន់មានលទ្ធផលនៅឡើយ។ លោកមើលឃើញថា អាជ្ញាធររដ្ឋាភិបាលមិនរកមធ្យោបាយទប់ស្កាត់បទល្មើសព្រៃឈើ តាមបញ្ជារបស់ប្រមុខរដ្ឋាភិបាលឲ្យពលរដ្ឋកក់ក្ដៅឡើយ បែរជាមកធ្វើទុក្ខបុកម្នេញពលរដ្ឋដែលឈឺឆ្អាលបទល្មើសព្រៃឈើ និងចោទពលរដ្ឋថា ជាក្រុមបក្សប្រឆាំងទៅវិញ៖ «អត់ទទួលទោសខ្លួនឯង បែរជាមកគំរាមស៊ើបអង្កេតពលរដ្ឋទៅវិញ នេះជាសត្វមនុស្ស។ ដូចមាន់នោះ បែរជាទៅកាត់ទោសមាន់វិញ ទៅអារកយកឈាម ទៅសាច់ទៅស៊ី។ ខ្ញុំមើលទៅសម័យនេះពិបាកតិច។ អ៊ីចឹងបានខ្ញុំថា ពាក្យដែរគេចាំមើលអ្នកការពារព្រៃឈើ បានតែខំមើល សម្លាប់មាន់នេះវិញ។ គេចាត់ទុកពលរដ្ឋប្រៀបដូចមាន់ គេចង់ធ្វើម៉េចក៏បាន»។
លោក ថាន់ វ៉ន បន្ថែមថា ពលរដ្ឋស្ម័គ្រចិត្តការពារសម្បត្តិធម្មជាតិ គួរតែអាជ្ញាធរលើកទឹកចិត្ត និង ផ្តក់កិច្ចសហការ មិនគួរគំរាមកំហែង និងចោទពលរដ្ឋជាក្រុមបក្សប្រឆាំងនោះទេ ម្យ៉ាងបក្សប្រឆាំងក៏ត្រូវរដ្ឋាភិបាលរំលាយចោលរួចហើយដែរ។ លោកកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើ ច្រើនមើលរំលងរឿងកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងការដឹកជញ្ជូនឈើ ហើយអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចហាក់មិនបានស៊ើបអង្កេតឲ្យមកទទួលខុសត្រូវផ្លូវច្បាប់ទេ បែរជាទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក និងធ្វើទុក្ខបុកម្នេញអ្នកការពារបរិស្ថានទៅវិញ៖ «ខ្ញុំអត់ឈឺឆ្អាលទេ ឯងធ្វើអីធ្វើទៅ ខ្ញុំអត់ធ្វើខុសទេ។ ចុះបើអ្នកខុសនៅតែដឹកឈើរហូត ពួកខ្ញុំធ្វើត្រូវបែរជាខុស។ ខ្ញុំស្ដាយសាលារៀនបញ្ជូនពលរដ្ឋឲ្យចេះ តែក្រោយមកពលរដ្ឋចេះហើយ មើលការខុសត្រូវជួយហើយប្រែជាខុស ស្ដាយលុយធ្វើសាលារៀនវិញ»។
កាលពីចុងឆ្នាំ២០១៧ ពលរដ្ឋរស់នៅឃុំស្ដៅ ស្រុកសេសាន ប្រមាណ៤០នាក់ ឃាត់រថយន្តប្រភេទបាកុង ៤គ្រឿង ដែលផ្ទុកឈើមូលចូលក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក៏ប៉ុន្តែត្រូវអាជ្ញាធរដោះលែងវិញ រួចចោទពលរដ្ឋថា ជាក្រុមបក្សប្រឆាំង និងបដិវត្តន៍ពណ៌។
ចំណែកសហគមន៍ការពារព្រៃឡង់ម្នាក់ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោកបានបង្ខំចិត្តភៀសខ្លួន ព្រោះបារម្ភពីសុវត្ថិភាព នៅគ្រាដែលមេឃុំមកពីបក្សកាន់អំណាច គំរាមកំហែងរឿងទប់ស្កាត់បទល្មើសព្រៃឈើ។ ពួកគាត់អះអាងថា មេឃុំមកពីបក្សប្រជាជនកម្ពុជា មិនបានឲ្យតម្លៃលើពលរដ្ឋឈឺឆ្អាលរឿងបទល្មើសព្រៃឈើនោះទេ ផ្ទុយទៅវិញពួកគេបានរកវិធីស្ដីបន្ទោស និងចាប់កំហុសបំបាក់ស្មារតីអ្នកការពារព្រៃឈើទៅវិញ៖ «សព្វថ្ងៃនេះគេស្រលាញ់រឿងបក្សទេ គេមិនស្រឡាញ់រឿងការពារព្រៃឈើទេ»។
កាលពីចុងឆ្នាំ២០១៧ លោក ហ៊ុន សែន បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងលប់បំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងបំណងរក្សាសំឡេងឆ្នោតរបស់បក្សកាន់អំណាច បន្ទាប់ពីរដ្ឋាភិបាលរំលាយបក្សសង្គ្រោះជាតិដោយជោគជ័យ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋវាយតម្លៃថា បញ្ជារបស់លោក ហ៊ុន សែន មិនមានឥទ្ធិពលជាវិជ្ជមានស្រោចស្រង់ព្រៃឈើនោះទេ។
មេឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង លោក លូន ណាន អះអាងថា អាជ្ញាធរមិនដែលរារាំង និងហាមឃាត់ពលរដ្ឋណាដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើនោះទេ តែពលរដ្ឋទៅវិញទេ ដែលនាំគ្នាលួចកាប់ឈើរានយកដី និងលក់ដើមឈើផលិតជ័រទឹកឲ្យឈ្មួញ ដើម្បីយកប្រាក់បង្វិលសង់ធនាគារ។ លោកបន្ថែមថា អាជ្ញាធរឃុំនឹងផ្ដល់ការគាំទ្រជូនពលរដ្ឋ ក្នុងការផ្ដល់ព័ត៌មាននានាពីស្ថានភាពបទល្មើសព្រៃឈើគ្រប់រូបភាព៖ «គាត់ជំពាក់លុយកាក់ គាត់លក់ដើមច្បោះ ហើយបន្ទោសអាជ្ញាធរថា អត់មើល តែគាត់លក់អត់មានគិតផ្លូវច្បាប់ផង»។
សង្គមស៊ីវិលលើកឡើងថា ប្រសិនបើអាជ្ញាធរឃាត់ឃាំងពលរដ្ឋមិនឲ្យប្ដឹងករណីឈើល្មើសច្បាប់ សមត្ថកិច្ចអាចមានទោស។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចការពារព្រៃឈើ ដោយត្រូវដាក់ពាក្យបណ្តឹងបរិហារទៅតុលាការ និង រាយការណ៍ពីបទល្មើសព្រៃឈើ ទៅស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តច្បាប់ ក៏ប៉ុន្តែ បែរជាមានបុគ្គលណាមួយ គំរាមកំហែងមិនឲ្យប្ដឹង មានន័យថាបុគ្គលនោះនឹងត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៣ឆ្នាំ។ លោកបញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងបរិហាររឿងបទល្មើសព្រៃឈើ គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ រីឯមន្ត្រីពាក់ព័ន្ធណា ផ្ដល់ការអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើ ឋិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «តាមផ្លូវច្បាប់ពលរដ្ឋមានកាតព្វកិច្ច មិនត្រឹមតែដាក់បណ្ដឹងទេ បើមិនដាក់ត្រូវមានទោស ប្រសិនបើមានការគំរាមកំហែង អ្នកដែលគំរាមកំហែងត្រូវមានទោស»។
លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការយកតួនាទីជាអាជ្ញាធររដ្ឋ គំរាមពលរដ្ឋរឿងទប់ស្កាត់បទល្មើសព្រៃឈើ គឺជារឿងខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។ លោកពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញថែរក្សាសម្បត្តិធម្មជាតិអនុលោមតាមច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្ដល់កិច្ចសហការបង្ក្រាបបទល្មើស។ លើសពីនេះ ប្រសិនពលរដ្ឋប្រទះឃើញបទល្មើសព្រៃឈើ ផ្ដល់ដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ក៏ប៉ុន្តែអាជ្ញាធរមិនផ្ដល់កិច្ចសហការបង្ក្រាបទេនោះ វាជាកំហុសដ៏ធំមួយ ហើយពលរដ្ឋទាំងអស់មានសិទ្ធិប្ដឹងបរិហារមន្ត្រីអាជ្ញាធរ។
ច្បាប់ព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕