
មន្ត្រីនៃមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក គឹម សុវណ្ណ ឲ្យដឹងនៅថ្ងៃទី២៤មករា ថា គម្រោងសាងសង់ផ្លូវរថភ្លើង នៅខេត្តបន្ទាយមានជ័យ បានតភ្ជាប់គ្នារួចរាល់ហើយ ក្នុងនោះនៅសល់តែផ្លូវស្ថានីយរទេះភ្លើងទេ ដែលមិនទាន់រួចរាល់នោះ។
លោកបន្ថែមថា មូលហេតុដែលសាងសង់ស្ថានីយរទេះភ្លើងមិនទាន់ហើយ គឺដោយសារត្រូវជួសជុលអាគារថ្មីផង និងត្រូវធ្វើផ្លូវបំបែកច្រើនខ្សែផង៖ «ផ្លូវយើងសាងសង់ជិតចប់អស់ហើយក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនោះ គឺនៅសល់តែបន្តិចបន្តួចទេ។ ចំណែកកន្លែងជៀសគ្នាក្នុងរាយើងនៅសាងសង់បង្ហើយ បើពីប៉ោយប៉ែតមកសិរីសោភ័ណយើងបានតភ្ជាប់អស់ហើយ»។
កាលពីចុងឆ្នាំ២០១៧ អាជ្ញាធរខ្មែរ និងថៃបានរួមគ្នាតភ្ជាប់ផ្លូវរថភ្លើង ពីព្រំដែនផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ភ្ជាប់មកកម្ពុជា តាមច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យលោក គឹម សុវណ្ណ អះអាងថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបញ្ចប់ការសាងសង់ផ្លូវរថភ្លើង ពីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែតដែលមានប្រវែងជាង៣០០ គីឡូម៉ែត្រ នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមខែកក្កដា ឆ្នាំ២០១៨ខាងមុខ ។ ចំណែកឯ បើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់កម្ពុជា-ថៃ នៅមិនទាន់បានកំណត់ជាក់លាក់នៅឡើយ។ ប៉ុន្តែក្នុងជំនួបរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ មករា បានបញ្ជាក់ថា ផ្លូវភ្លើងពីបាងកកមកភ្នំពេញនឹងបើកដំណើរការនៅឆ្នាំ២០២០ខាងមុខ៕