Quantcast
Viewing all articles
Browse latest Browse all 11174

គ្រួសារ​យុវជន​ដែល​សមត្ថកិច្ច​បាញ់​សម្លាប់​ពេល​បង្ក្រាប​គ្រឿងញៀន​ទទួល​យក​សំណង​តែ​ទាមទារ​ឲ្យ​ចាប់​ជន​ដៃដល់

Image may be NSFW.
Clik here to view.

គ្រួសារ​របស់​យុវជន ដែល​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​បាញ់​បែក​លលាដ៍ក្បាល នៅ​ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៧ ប្រាប់​ថា ក្រុម​គ្រួសារ​ទទួល​បាន​សំណង​រដ្ឋប្បវេណី​រួចរាល់​ហើយ ប៉ុន្តែ ពួកគេ​ទទូច​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ក្នុង​បណ្ដឹង​អាជ្ញា។

ឪពុក​យុវជន ហឿន ស៊ុយទ្រី ដែល​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​ខែត្រ​តាកែវ គឺ​លោក ហម សាវី ថា ក្រុម​គ្រួសារ​បាន​យល់ព្រម​ទទួល​យក​លុយ​ចំនួន ៨.០០០​ដុល្លារ ពី​ក្រុម​គ្រួសារ​របស់​ជន​ដៃដល់ ដើម្បី​ទុក​ធ្វើ​បុណ្យខួប​មួយ​ឆ្នាំ​ឲ្យ​កូនប្រុស។ លោក​ថា ក្រុម​គ្រួសារ​ព្រម​ទទួលយក​ថវិកា​នេះ ដោយសារ​ជា​សំណង​ជំងឺ​ចិត្ត ក្នុង​បណ្ដឹង​រដ្ឋប្បវេណី ប៉ុន្តែ​សម្រាប់​បណ្ដឹង​ផ្នែក​ព្រហ្មទណ្ឌ ក្រុម​គ្រួសារ​នៅតែ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃដល់ និង​ទទូច​ឲ្យ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខែត្រ​តាកែវ ឈ្មោះ ជ័យ ឬទ្ធី ទទួល​ខុស​ត្រូវ ព្រោះ​មន្ត្រី​រូប​នេះ ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលណោះ ដូច្នេះ​គ្រួសារ​ទទូច​ឲ្យ​ចេញមុខ​បកស្រាយ​ជាមួយ​ក្រុម​គ្រួសារ​សព។ «»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច យុវជន​ម្នាក់ ឈ្មោះ ហឿន ស៊ុយទ្រី បាន​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ ១​គ្រាប់កាំភ្លើង​ធ្លុះ​លលាដ៍ក្បាល។ ឪពុកម្ដាយ​របស់​ជន​រងគ្រោះ​បាន​ចោទប្រកាន់​ក្រុម​សមត្ថកិច្ច​ថា បាន​ចាប់​វាយ​ខ្នោះដៃ​កូន​គាត់​ទៅ​ក្រោយ បន្ទាប់​មក​ប៉ូលិស​បាន​វាយ បង្ខំ​ឲ្យ​យុវជន ហឿន ស៊ុយទ្រី សារភាព​ថា លាក់​ទុក​ថ្នាំញៀន​នៅ​ទីណា ខណៈ​ដែល​សមត្ថកិច្ច​ឆែកឆេរ ផ្ទះ​មិន​ឃើញ​ថ្នាំញៀន។

ម្ដាយ​យុវជន ហឿន ស៊ុយទ្រី រំលឹក​ទិដ្ឋភាព​នោះ​ទាំង​ខ្លោចផ្សា ថា អ្នកស្រី​ទទួល​យក​មិនបាន​ទេ ចំពោះ​សកម្មភាព​សមត្ថកិច្ច វាយ​ធ្វើ​ទារុណកម្ម និង​បាន​បាញ់​សម្លាប់​កូន នៅ​ចំពោះ​មុខ​អ្នកស្រី។ ក្រោយ​ពី​លឺ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ ម្ដាយ​ជនរងគ្រោះ ប្រាប់​ថា សមត្ថកិច្ច​បាន​ដោះអាវ ដើម្បី​គ្រប់​ក្បាល​ជនរងគ្រោះ និង​អូស​បណ្ដើរ​ចេញពី​កន្លែង​កើតហេតុ។ ម្ដាយ​ជនរងគ្រោះ​អះអាង​ថា គាត់​បាន​អង្វរ​សមត្ថកិច្ច​យូរ​ណាស់ ទម្រាំ​អនុញ្ញាត​ឲ្យ​បាន​យក​កូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្បែរ​ផ្ទះ ទាំង​ជាប់​ខ្នោះដៃ ក្រោយ​មក គ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​តាកែវ។ ពេល​ទៅ​ដល់ មន្ទីរពេទ្យ​ខែត្រ​តាកែវ គ្រួសារ​ជនរងគ្រោះ អះអាង​ថា សមត្ថកិច្ច បាន​ដោះ​ខ្នោះដៃ​ឲ្យ​ជនរងគ្រោះ និង​បាន​នាំ​គ្នា​រត់ចោល​ជនរងគ្រោះ ឯ​ក្រុម​គ្រួសារ​បាន​ទៅ​ខ្ចី​លុយ​គេ ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ទាំង​កណ្ដាលយប់។

ម្ដាយ​ជនរងគ្រោះ អ្នកស្រី ទន់ វួចហៀង អះអាង​ថា ក្រោយ​ការ​បាញ់​សម្លាប់​កូន​អ្នកស្រី​ភ្លាម សមត្ថកិច្ច​ស្រុក​សំរោង ខែត្រ​តាកែវ បាន​ហៅ​គ្រួសារ​ទៅ​សម្របសម្រួល​ដើម្បី​យក​លុយ ៤.០០០​ដុល្លារ ដើម្បី​ជា​ថ្នូរ​ឈប់​ឲ្យ​ក្រុម​គ្រួសារ​ប្ដឹង​ទៅ​តុលាការ។ គ្រួសារ​ជនរងគ្រោះ មិន​ព្រម​ទទួលយក និង​ទាមទារ​ឲ្យ​អ្នកដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន គឺ​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ឈ្មោះ ជ័យ រិទ្ធី និង​ជន​ដៃដល់​ដែល​បាន​បាញ់​កូន​អ្នកស្រី ឲ្យ​ទទួលទោស​តាមច្បាប់។

ម្ដាយ​ជនរងគ្រោះ​រំលឹក​ព្រឹត្តិការណ៍ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា​ថា នៅ​ម៉ោង​ប្រហែល ៦​ល្ងាច ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ ដែល​អះអាង​ថា ពួកគេ គឺជា​មន្ត្រី​ព្រះរាជអាជ្ញា និង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​តាកែវ ទទួល​បន្ទុក​ចុះ​បង្ក្រាប​គ្រឿងញៀន បាន​ចូល​ទៅ​ចាប់​យុវជន ហឿន ស៊ុយទ្រី វាយ​ខ្នោះ បាញ់​មួយ​គ្រាប់​ធ្លុះ​លលាដ៍ក្បាល ហើយ​ក្រោយ​បាញ់​ធ្លុះ​លលាដ៍ក្បាល​សមត្ថកិច្ច​បាន​ដោះអាវ​ជនរងគ្រោះ​គ្រប​លើ​ក្បាល និង​វាយដំ​បន្ថែម​ទៀត ទាំង​នៅ​នឹង​មុខ​របស់​ម្ដាយ​ជនរងគ្រោះ។ ម្ដាយ​ជនរងគ្រោះ ហៅ​ទង្វើ​បាញ់សម្លាប់ និង​វាយ​កូនប្រុស នៅ​ចំពោះ​មុខ​គាត់ និង​ការ​ស្រែក​ដង្ហោយ​សុំ​អង្វរ​ឲ្យ​លែង​កូន គឺជា​រូបភាព​ដ៏​ខ្លោចផ្សា ដែល​ដក់​ក្នុង​ចិត្ត​អ្នកស្រី ក្នុងនាម​ជា​ម្ដាយ។

គ្រួសារ​ជនរងគ្រោះ​បន្ត​អះអាង​ថា ដំបូង​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​បាន​ឆែកឆេរ​ផ្ទះ​អ្នកស្រី​ទាំងមូល​ហើយ បើ​ទោះ​ជា​រក​មិន​ឃើញ​ថ្នាំញៀន​ដូច​ការសង្ស័យ​ក៏ដោយ ក៏​ពួកគេ​មិនបាន​លើកលែង​ឲ្យ​គ្រួសារ​អ្នកស្រី​ដែរ។ ម្ដាយ​ជនរងគ្រោះ​បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ជនរងគ្រោះ​ដែល​ជា​កូន​អ្នកស្រី វាយ​បង្ខំ​ឲ្យ​ប្រាប់​ពី​កន្លែង​លាក់​ថ្នាំញៀន​នៅ​ក្នុង​ផ្ទះ ហើយ​កូន​អ្នកស្រី​បាន​ប្រាប់​ទៅវិញ​ថា គ្មាន​ថ្នាំញៀន​នោះ​ទេ។

ឪពុក​ជនរងគ្រោះ គឺ​លោក ហម សារី អះអាង​ថា កូនប្រុស​របស់​លោក មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន ប៉ុន្តែ​បាន​ផ្ដាច់​ជា​យូរ​មក​ហើយ ហើយ​បើ​ទោះ​ជា កូនប្រុស​ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿងញៀន ក៏​មិន​ត្រូវ​បាញ់សម្លាប់​ដែរ លោក ហម សារី បន្ទោស​សមត្ថកិច្ច​ខែត្រ​តាកែវ ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​គ្រឿងញៀន ទើប​មានបំណង​ចាប់​កូនប្រុស​លោក ដើម្បី​គំរាម​យក​ប្រាក់។

បើ​ទោះ​ជា​ឪពុក​ជនរងគ្រោះ មិន​ហ៊ាន​ចោទ​ថា សមត្ថកិច្ច​ជា​អ្នក​បាញ់​កូនប្រុស ព្រោះ​លោក​មិន​បាន​ឃើញ​ហេតុការណ៍​បាញ់​នោះ​ផ្ទាល់​ភ្នែក តែ​លោក​យល់ថា ប្រតិបត្តិការ​នោះ មានតែ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ទេ ដែល​មាន​កាំភ្លើង។ ឪពុក​ជនរងគ្រោះ​សង្ស័យ​ថា ការ​បង្ក្រាប​គ្រឿងញៀន​តែ​នៅ​ក្នុង​ផ្ទះ​របស់​លោក​កាលណោះ ជា​ចេតនា​ឆ្លៀតឱកាស ដើម្បី​បង្ខំ​គ្រួសារ ឲ្យ​លុយ​ទៅ​សមត្ថកិច្ច ជា​ថ្នូរ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ករណី​គ្រឿងញៀន។ ឪពុក​ជនរងគ្រោះ ទទូច​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃដល់​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់ លោក​មេធាវី ចាន់ ហឿន ពន្យល់​ថា ជា​គោលការណ៍​ច្បាប់​ក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​បែបនេះ គ្រួសារ​ជនរងគ្រោះ​មាន​សិទ្ធិ​ទទួល​បាន​សំណង​រដ្ឋប្បវេណី (ថវិកា) ដើម្បី​យក​ទៅ​ព្យាបាល ឬ​ចាត់ចែង​ផ្សេងៗ។ ប៉ុន្តែ បណ្ដឹង​អាជ្ញា​មិន​ត្រូវ​ផុត​រលត់​ទេ វៀរលែងតែ​ចៅក្រម​ស៊ើបសួរ រក​ឃើញ ជន​ត្រូវ​ចោទ​គ្មាន​ទោស។ «»

ត្បិត​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ទទួល​សំណង​រដ្ឋប្បវេណី​រួចរាល់ ប៉ុន្តែ គិត​មកដល់​ថ្ងៃ​ទី​២៤ មករា គ្រួសារ​ជនរងគ្រោះ អះអាង​ថា សមត្ថកិច្ច​មិនទាន់​ចាប់​បាន​ជន​ដៃដល់ ដែល​បាញ់សម្លាប់​កូនប្រុស​នោះ​ទេ ខណៈ​ដែល​សាលាដំបូង​ខែត្រ​តាកែវ ក៏​មិនទាន់​បាន​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្ស័យ​ថា ករណី​នេះ ប៉ូលិស និង​មន្ត្រី​តុលាការ​ខែត្រ​តាកែវ អាច​ទទួល​បាន​ផលប្រយោជន៍​ពី​គ្នា ឬ​ទំនាស់​ផលប្រយោជន៍​ជាមួយគ្នា ទើប​ដំណើរការ​រឿងក្ដី​នេះ អូស​បន្លាយ​យូរ។ លោក សន ជ័យ មើល​ឃើញ​ថា ប្រសិនបើ​មន្ត្រី​យុត្តិធម៌ ពិតជា​ចង់​រក​យុត្តិធម៌​ជូន​ពលរដ្ឋ រឿងក្ដី​នេះ​ងាយស្រួល​រក​ជនល្មើស​យ៉ាង​ស្រួល ហើយ​ប្រសិនបើ​នៅតែ​មិន​ព្រម​មាន​ចំណាត់​ការ​នោះ​ទេ ស្ថាប័ន​តុលាការ​នៅ​ខែត្រ​តាកែវ នឹង​រង​ការរិះគន់ និង​ម៉ាក​ងាយ​ពី​ពលរដ្ឋ​ខែត្រ​តាកែវ ថា មិន​ឯករាជ្យ ឬ​ខ្លាច​អំណាច​អ្នកធំ។ «»

គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល ស្នើ​ឲ្យ​តុលាការ​ខែត្រ​តាកែវ ពន្លឿន​នីតិវិធី និង​ប្រញាប់​ចាប់​ខ្មាន់​កាំភ្លើង ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles