
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមានថា យោធារបស់លោកនឹងកម្ទេចចលនាសង្គ្រោះជាតិ ចោលតែម្ដង ប្រសិនបើចលនានោះមានវត្តមាននៅកម្ពុជា ហើយបង្កើតឡើងដោយខុសច្បាប់។ លោកបន្តថា យោធាអាចកម្ចាត់ចលនាចោលតែម្ដង ដោយពុំចាំបាច់បទបញ្ជាពីមេបញ្ជាការនោះទេ។
ការអះអាងរបស់លោក ទៀ បាញ់ ធ្វើឡើងចំពោះមុខថ្នាក់ដឹកនាំកងរាជអាវុធហត្ថនៅក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ត នៅថ្ងៃអង្គារ ទី២៣ ខែមករា នេះ។ លោកបន្តទៀតថា ប្រសិនទង្វើរបស់ចលនាសង្គ្រោះជាតិ ជាអំពើខុសច្បាប់ ទោះត្រូវការប្រើកម្លាំងប៉ុន្មាន ឬមធ្យោបាយណាក៏ដោយ មិនថាប្រើយន្តហោះ ឬប្រើកាំភ្លើងធំទេ គឺត្រូវប្រើទាំងអស់។
ចំណែកលោក សៅ សុខា ដែលជាអគ្គមេបញ្ជាការរងយោធា និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា កងរាជអាវុធហត្ថបានត្រៀមលក្ខណៈជានិច្ចដើម្បីបង្ក្រាបរាល់បទល្មើសទាំងអស់ដែលខុសច្បាប់ដើម្បីរក្សាសន្តិភាព និងសន្តិសុខសណ្ដាប់។
រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឯណោះវិញ កាលពីថ្ងៃច័ន្ទ ទី២២ ខែមករា ក៏បានព្រមានធ្ងន់ៗថា ជនទាំងឡាយណាដែលចូលរួម ឬមានការពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមករា បានដកស្រង់សម្ដីលោក ខៀវ សុភ័គ ចុះផ្សាយថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាង និងឯកសារពាក់ព័ន្ធចំពោះអ្នកចូលរួមជាមួយចលនាសង្គ្រោះជាតិថ្មីនេះដើម្បីចាត់វិធានការ។ កាលពីថ្ងៃទី១២ ខែមករា លោក សម រង្ស៉ី លោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមូរ៉ា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានប្រកាសគ្រោងបង្កើតចលនាសង្គ្រោះជាតិ ដែលពួកគេអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងទាមទារឲ្យគណបក្សប្រឆាំង អាចចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ៕