Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហជីព​និន្នាការ​ផ្សេង​គ្នា​សាទរ​ចំពោះ​កម្មវិធី​ថ្មី​ជំរុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ

$
0
0

អ្នក​បញ្ជា​ទិញ​ម៉ាក​យីហោ​ល្បី​ឈ្មោះ និង​សហជីព​ពិភពលោក បាន​ជ្រើស​យក​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សាកល្បង​មុន​គេ​នៅ​ក្នុង​តំបន់​អាស៊ី សម្រាប់​កម្មវិធី អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (Action, Collaboration,Transformation) ដែល​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា "សកម្មភាព សហប្រតិបត្តិ និង​ការ​កែទម្រង់"។ កម្មវិធី​នេះ​មាន​គោលបំណង​ជជែក​ពិភាក្សា​គ្នា​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា។

សហជីព​គាំទ្រ​រដ្ឋាភិបាល​ និង​សហជីព​​ដែល​ជា​សមាជិក​របស់​សហជីព​ពិភពលោក (Industry all) បាន​សាទរ​ចំពោះ​គម្រោង​ថ្មី​ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ថា នេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ជា​វិធី​ថ្មី​មួយ​ទៀត អាច​ដំឡើង​ឲ្យ​កម្មករ​មាន​ប្រាក់​ឈ្នួល​សមរម្យ ព្រោះ​កន្លង​មក​សហជីព​បាន​ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​ដំឡើង​តែ​ប្រាក់​ឈ្នួល​អប្បបរមា​ប៉ុណ្ណោះ។ លោក​ថា ជាង​នេះ​ទៅ​ទៀត គ្រប់​និន្នាការ​សហជីព​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្ទាស់​គ្នា ឬ​ខ្វែង​គំនិត​គ្នា​នោះ​ទេ ដែល​ជា​សារ​ពី​សហជីព​រួម​គ្នា​មួយ។

លោក​បន្ត​ថា កម្មវិធី​នេះ​មាន​គម្រោង​យុទ្ធសាស្ត្រ​បច្ចេកទេស​សមហេតុសមផល​ដែល​អាច​ទៅ​រួច​នៅ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ឲ្យ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​សាកល្បង​មុន​គេ៖ «ការ​ជួបជុំ​គ្នា​នេះ​គឺ​ជា​ចំណុច​ល្អ ដោយសារ​តែ​លទ្ធភាព​នៃ​ការ​បង្កើត​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ ដែល​ពី​មុន​យើង​ចរចា​ប្រាប់​ឈ្នួល​អប្បបរមា​មាន​ការ​លំបាក។ នៅ​ពេល​នេះ​គឺ ATC មិន​ត្រឹម​តែ​ប្ដេជ្ញា​ចិត្ត​ជួយ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ប្រាក់​ឈ្នួល​សមរម្យ​ទេ វា​មាន​ការ​ធានា​ពី​អ្នក​បញ្ជា​ទិញ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ឯកភាព​អនុវត្ត​មុន​គេ និង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ដែល​សន្យា​រៀបចំ​ប្រាក់​ឈ្នួល​សមរម្យ​ឲ្យ​អាជីវកម្ម​ដំណើរ​ការ​ទៅ​មុខ និង​ក្រុមហ៊ុន​ដែល​ធ្វើ​ហ្នឹង​រហូត​ដល់​បង្កើន​តម្លៃ​ទិញ និង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល និង​ប្រទេស​ហត្ថលេខី​ត្រូវ​ជួយ​រៀបចំ​យ៉ាង​ម៉េច​ឲ្យ​ដំណើរ​ការ​បាន​ល្អ»

សហជីព​ប្រមាណ ១០ នៅ​កម្ពុជា បាន​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (ACT) ដែល​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា សកម្មភាព សហប្រតិបត្តិ និង​ការ​កែទម្រង់ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ក្នុង​រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ មាន​គោលបំណង​ជជែក​ពិភាក្សា​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​បណ្ដឹង​របស់​កម្មករ ពាក់ព័ន្ធ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​កម្មករ​មិន​គ្រប់គ្រាន់ កម្មករ​គ្មាន​តម្លៃ និង​រស់​នៅ​ដោយ​ពិបាក ជា​ពិសេស​គឺ​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់​ដេរ។

សហជីព​ពិភពលោក និង​អ្នក​បញ្ជា​ទិញ (buyer) ធំៗ ល្បី​ឈ្មោះ​ចំនួន ១៧ ដូចជា ម៉ាក អេច្ឆ អែន អ៊ឹម (H&M) ម៉ាក​ភូម៉ា (Puma) ម៉ាក​ថាកហ្គេត (Target) និង​ស៊ី អែន អេ (C&A) បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ទើប​លេច​ចេញ​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៨។

កម្មវិធី​នេះ​នឹង​ធ្វើ​កិច្ចការ​សំខាន់​ជា​អាទិ លើក​ទឹក​ចិត្ត​ប្រទេស​សាកល្បង​ជំរុញ​ក្រុមហ៊ុន​ផលិត​ដោយ​សហការ​ធ្វើ​អាជីវកម្ម​រយៈពេល​វែង បង្កើន​តម្លៃ​បញ្ជា​ទិញ សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ឲ្យ​ផ្ដល់​ប្រាក់​ឈ្នួល​សមរម្យ។ ប្រទេស​ណា​ដែល​សាក​ល្បង​គម្រោង​នេះ នឹង​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​បញ្ជា​ទិញ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​នោះ​ខិតខំ​ផលិត ពោល​គឺ​អ្នក​បញ្ជា​ទិញ​នឹង​ប្ដេជ្ញា​ចិត្ត​ទិញ។

អ្នក​បញ្ជា​ទិញ​ផ្លាស់ប្ដូរ​ទំនិញ​ពី​អ្នក​ផ្គត់ផ្គង់​គឺ​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​សាកល្បង​នោះ​ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​ចរចា​អនុសញ្ញា​រួម​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា។ ម្ចាស់​ម៉ាក​យីហោ​ធានា​ថា ការ​អនុវត្ត​របស់​អ្នក​បញ្ជាទិញ​របស់​ខ្លួន​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​រោងចក្រ​ដើម្បី​ឲ្យ​រោងចក្រ​មាន​អាជីវកម្ម​យូរ​អង្វែង។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ថ្លែង​លោក​ស្វាគមន៍​រាល់​យន្តការ​ចរចា​ដែល​ជួយ​ដល់​កម្មករ។ លោក​ថា កន្លង​មក​ក្រុម​សហជីព​ក៏​តែងតែ​ពឹង​ពាក់​ទៅ​លើ​អ្នក​បញ្ជា​ទិញ​រាល់​ពេល​ជជែក​ពី​រឿង​ប្រាក់​ឈ្នួល​គឺ​សហជីព​តែងតែ​ស្នើ​សុំ​ឲ្យ​ដំឡើង​ការ​បញ្ជា​ទិញ​ដល់​ថៅកែ​រោងចក្រ​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ឲ្យ​កម្មករ៖ «ឥឡូវ​នេះ​បើ​សិន​ជា​មាន​ក្រុម​អ្នក​បញ្ជា​ទិញ​គាត់​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការងារ​នេះ យើង​ស្វាគមន៍​មែនទែន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ជួយ​ជំរុញ​ឲ្យ​ថៅកែ​ហ្នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់។ ជួនកាល​ថៅកែ​គាត់​និយាយ​ថា ប្រាក់​ឈ្នួល​ឲ្យ​ច្រើន​ម៉េច​កើត​បើ​អ្នក​បញ្ជា​ទិញ​គាត់​មិន​ទិញ​ថ្លៃ​ផង អ៊ីចឹង​យន្ត​ការ​នេះ​សំខាន់»

គម្រោង​​នេះ គេ​គ្រោង​ធ្វើ​នៅ​ប្រទេស​ចំនួន​៥ នៅ​ក្នុង​តំបន់​អាស៊ី មាន​ដូចជា កម្ពុជា វៀតណាម ភូមា បង់ក្លាដេស និង​ប្រទេស​ឥណ្ឌូនេស៊ី។ លោក អាត់ ធន់ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សាក​ល្បង​អនុវត្ត​មុន​គេ ដោយ​បាន​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ក្រុម​ការងារ បច្ចេកទេស នៅ​តែ​ការ​កំណត់​ពេល​វេលា​ចរចា​គ្នា​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ ប្រហែល​ជា​អាច​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៨ នេះ។

ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ កម្មករ​រោងចក្រ​ពេញ​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល ១៧០​ដុល្លារ និង​សម្រាប់​កម្មករ​សាកល្បង​ទទួល​បាន ១៦៥​ដុល្លារ​ក្នុង​១​ខែ។ ចំណែក​អត្ថប្រយោជន៍​ដទៃ​ទៀត​ដែល​កម្មករ​ធ្លាប់​ទទួល​បាន​គឺ​នៅ​រក្សា​ដដែល។

ថ្វី​បើ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន ១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ក្ដី ប៉ុន្តែ​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​មិនទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ ដោយ​ពួកគេ​យល់​ថា ប្រាក់​ឈ្នួល​គោល​នេះ​មិន​ទាន់​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles