Clik here to view.

ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា ដែលអាជ្ញាធរខណ្ឌ៧មករា បានកោះហៅប្រជុំរកដំណោះស្រាយនៅព្រឹកថ្ងៃទី២៣ ខែមករា ឲ្យដឹងថា មានពលរដ្ឋខ្លះបានព្រមទទួលយកសំណងជាលុយចំនួន ១៦.០០០ដុល្លារ និងមានពលរដ្ឋខ្លះទៀតក៏មិនទាន់ព្រមទទួលយកទេ។
ពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា នាក់ ដែលតែងចេញតវ៉ា ៦ឆ្នាំមកហើយ គឺអ្នកស្រី ង៉ូវ ណារី ប្រាប់ថា អ្នកស្រីព្រមទទួលយកដំណោះស្រាយរបស់អភិបាលខណ្ឌ៧មករា គឺថវិកា ១៦.០០០ដុល្លារ ជាថ្នូរនឹងការចាកចេញពីបុរីកីឡា។
អ្នកស្រីប្រាប់ពីមូលហេតុព្រមទទួលយកដំណោះស្រាយនេះ ដោយសារចង់យកថវិកាពីអាជ្ញាធរមកទិញបន្ទប់ស្នាក់នៅក្នុងបុរីកីឡាវិញ ហើយម្យ៉ាង ដោយសារអភិបាលខណ្ឌ៧មករា លោក លឹម សុភា បានប្រើឥរិយាបថសមរម្យក្នុងការរកដំណោះស្រាយឲ្យ លោកមិនបានប្រើពាក្យអសុរោះ គំរាមកំហែង ដូចអភិបាលរងក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា។ អ្នកស្រី ង៉ូវ ណារី អះអាងថា មានពលរដ្ឋខ្លះព្រមទទួលយកថវិកា ១៦.០០០ដុល្លារ ប៉ុន្តែក៏មានពលរដ្ឋខ្លះ នៅមិនទាន់ព្រមទទួលយកដែរ ដោយកំពុងពិចារណា៖ «»។
អាជ្ញាធរខណ្ឌ៧មករា កាលពីថ្ងៃទី២២ ខែមករា បានចេញលិខិតកោះហៅពលរដ្ឋទាំង ១០គ្រួសារ ដែលតែងចេញតវ៉ាទាមទារផ្ទះនៅបុរីកីឡា និងពលរដ្ឋក្រុម ៣០គ្រួសារផ្សេងទៀតនៅក្នុងសហគមន៍បុរីកីឡា ដូចគ្នា ឲ្យចូលទៅដោះស្រាយដើម្បីស្វែងរកចំណុចរួមមួយ ដើម្បីបញ្ចប់ទំនាស់រ៉ាំរ៉ៃនៅថ្ងៃទី២៣ ខែមករា វេលាម៉ោង ៨ព្រឹក នៅសាលាខណ្ឌ។
នេះជាលើកទី២ហើយ ដែលអភិបាលខណ្ឌ៧មករា លោក លឹម សុភា កោះហៅពលរដ្ឋបុរីកីឡា ដែលនៅសេសសល់ទៅដោះស្រាយទំនាស់នៅសាលាខណ្ឌ បន្ទាប់ពីអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់បានដាក់ថ្ងៃផុតឱសានវាទកាលពីខែធ្នូ បញ្ជាឲ្យក្រុមពលរដ្ឋបុរីកីឡា ទាំង ១១គ្រួសារ ចាកចេញពីផ្ទះទៅរស់នៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ ប៉ុន្តែពលរដ្ឋមិនព្រមចាកចេញតាមការបញ្ជានេះទេ។
នៅអំឡុងថ្ងៃឱសានវាទរបស់សាលាក្រុង កាលពីចន្លោះថ្ងៃទី១៦ ដល់២២ ធ្នូ ឆ្នាំ២០១៧ និងក្រោយថ្ងៃឱសានវាទ ក្រុមពលរដ្ឋទាំងនោះបាននាំគ្នាដាក់ញត្តិ និងតវ៉ាជាច្រើនលើកច្រើនសានៅមុខសាលារាជធានីភ្នំពេញ និងមុខភូមិគ្រឹះ អ្នកស្រី ស៊ុយ សុផាន ជាម្ចាស់ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex)។ ម្ដងម្កាល ពួកគាត់បានស្រែកជេរប្រទេចដាក់បណ្ដាសាអ្នកស្រី ស៊ុយ សុផាន ដោយសារពួកគេចោទថា ស្ត្រីមានអំណាចរូបនេះបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការកម្ទេចផ្ទះពួកគាត់ដែលអ្នកភូមិអះអាងថា ជាការប្លន់យកដី និងបណ្ដេញពលរដ្ឋទាំងអស់ចេញពីបុរីកីឡា ធ្វើឲ្យពួកគេបែកបាក់គ្រួសារ គ្មានមុខរបរ បាត់បង់សុភមង្គល កូនត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន រស់នៅជាជនអនាធិបតេយ្យនៅលើដីរបស់ខ្លួនឯងជាដើម។
សកម្មជនសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ដ ហាក់មិនទាន់ពេញចិត្តចំពោះដំណោះស្រាយអាជ្ញាធរខណ្ឌ៧មករា នោះទេ។ លោកផ្ដល់យោបល់ថា អាជ្ញាធរខណ្ឌ៧មករា ឬសាលាក្រុង គួរជ្រើសរើសយន្តការមួយឲ្យស្មើភាពគ្នាក្នុងការដោះស្រាយ។ ពោលគួរយកគំរូតាមរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ដែលប្រើប្រាស់យន្តការមួយដើម្បីដោះស្រាយរួមនៅអគារប៊ូឌីង មិនមែនប្រើប្រាស់វិធីសាស្ត្រឆ្លៀតឱកាសដោះស្រាយម្ដងមួយគ្រួសារ ដោយប្រើការចរចាលើសម្ដី គ្មានយន្តការច្បាស់លាស់ក្នុងការដោះស្រាយ៖ «»។
ជាច្រើនឆ្នាំមកនេះ ពលរដ្ឋនៅសហគមន៍បុរីកីឡា អះអាងថា ពួកគាត់រស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ គឺក្រោយពេលដែលអាជ្ញាធរប៉ូលិសកងរាជអាវុធហត្ថបានយកគ្រឿងចក្រទៅឈូសកម្ទេចផ្ទះ និងដេញវាយដំ បង្ខំឲ្យពួកគាត់ចាកចេញពីលំនៅ។ បើទោះជាពលរដ្ឋមួយចំនួនព្រមទទួលយកលុយសំណង ប៉ុន្តែពលរដ្ឋនៅបុរីកីឡា ចាំមិនភ្លេចទេថា ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរក្រុងភ្នំពេញ ជាអ្នកធ្វើឲ្យពួកគាត់រស់នៅបាត់បង់សុភមង្គលរាប់ឆ្នាំមកនេះ។
មូលហេតុចម្បងដែលធ្វើមានជម្លោះរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំមកនេះ ដោយសារក្រុមផានអ៊ីម៉ិច មិនគោរពតាមការសន្យាសាងសង់អគារចំនួន ១០អគារ គឺក្រុមហ៊ុននេះសាងសង់បានតែ ៨អគារ ដោយបានសរសេរលិខិតទៅប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអតីតអភិបាលក្រុងភ្នំពេញ លោក កែប ជុតិម៉ា ថាក្រុមហ៊ុននេះវិនិយោគខាតនៅតំបន់បុរីកីឡា ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សដែលតាមដានជម្លោះនេះ អះអាងថា ក្រុមហ៊ុននេះត្រូវរ៉ូវជាមួយសាលារាជធានីភ្នំពេញ ហើយកុហកលោក ហ៊ុន សែន អំពីការខាតបង់នេះ៕