
ព្រះតេជព្រះគុណ លួន សុវ៉ាត គ្រោងដឹកនាំប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប ធ្វើយុទ្ធនាការដើរប្រមូលដុំថ្មប្រាសាទបុរាណ ដែលនៅរាយប៉ាយតាមវាលស្រែរបស់អ្នកស្រុក យកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីកុំឲ្យថ្មបាក់បែកខូចបន្តទៀត។ ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា មូលហេតុដែលព្រះអង្គនាំពលរដ្ឋប្រមូលថ្មប្រាសាទទុក ដោយសារការទន្ទឹងរង់ចាំមើលវិធានការពីសំណាក់អាជ្ញាធរជាច្រើនថ្ងៃហើយ នៅតែគ្មានចំណាត់ការនៅឡើយ។
ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកជីក្រែង នឹងចាប់ធ្វើយុទ្ធនាការប្រមូលថ្មប្រាសាទបុរាណ ដែលរាយប៉ាយតាមវាលស្រែក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាព្រះតេជព្រះគុណ លួន សុវ៉ាត និងប្រជាពលរដ្ឋទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការជាមួយអ្នកភូមិ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ជាតិឲ្យបានគង់វង្ស។
សកម្មជនការពារដីធ្លី និងសិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកា នៅថ្ងៃទី២៣ មករា ថា មូលហេតុដែលព្រះអង្គនាំពលរដ្ឋដឹកដើរប្រមូលថ្មប្រាសាទបុរាណ យកទៅរក្សាទុក គឺដោយសារព្រះអង្គទន្ទឹងរង់ចាំមើលអាជ្ញាធរជាច្រើនថ្ងៃមកហើយ អាជ្ញាធរនៅតែពុំមានវិធានការថែរក្សាថ្មបុរាណនៅឡើយ។ ព្រះអង្គមានថេរដីកាបន្ថែមទៀតថា ប្រសិនបើមិនប្រមូលយកទៅរក្សាទុកនៅទីសុវត្ថិភាពទេ គឺថ្មបុរាណទាំងអស់នោះ នឹងបាក់បែកខូច ហើយមួយចំនួនទៀត នឹងធ្លាក់ទៅលើដៃរបស់ជនខិលខូចជាពុំខាន៖ «ដោយសារយើងស្រលាញ់សម្បត្តិវប្បធម៌ អរិយធម៌របស់ជាតិ ដែលជាកេរ្តិ៍មរតករបស់បុព្វបុរសខ្មែរយើងដែលបានបន្សល់ទុករាប់ពាន់ឆ្នាំកន្លងមកហើយ។ ដូច្នេះហើយ បានជាអាត្មាមានចិត្តស្រលាញ់របស់មរកតដែលមិនអាចកាត់ថ្លៃបាន បើនិយាយឲ្យចំជាអត្តសញ្ញាណជាតិខ្មែរយើងមិនចង់ឲ្យបាត់បង់»។
ចំណែកប្រជាពលរដ្ឋនៅឃុំជីក្រែង លោក រី រ៉ូ ថ្លែងថា ប្រជាពលរដ្ឋនៅក្នុងភូមិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយព្រះសង្ឃដើរប្រមូលថ្មប្រាសាទបុរាណនៅតាមដីស្រែ។ ពលរដ្ឋរូបនេះ សោកស្ដាយជាខ្លាំង ចំពោះថ្មបុរាណដែលនៅរាយប៉ាយតាមវាលស្រែនោះ។ ម្យ៉ាងទៀត ពួកគេចង់ប្រមូលថ្មបុរាណទាំងអស់នោះទៅរក្សាទុក ប៉ុន្តែខ្លាចអាជ្ញាធរចោទថា ពួកគាត់លួចរបស់បុរាណ ទើបបានជាថ្មបុរាណនៅរាយប៉ាយរហូតមក៖ «បើនិយាយទៅខ្ញុំស្រលាញ់ណាស់របស់បុរាណ ហើយខ្ញុំតែងរក្សាទុក បើទោះជាកម្ទេចថ្មីក៏ខ្ញុំរើសទុកដែរ ដោយនឹងឃើញថារបស់ពីបុរាណមកយើងមិនអាចធ្វើបាទេ។ នៅកន្លែងទីទួលនេះមានច្រើនណាស់ដែលអាជ្ញាធរដឹងលឺ ប៉ុន្តែដូចជាអត់មានជួយថែរក្សាការពារជាសម្បត្តិជាតិទេ ហើយមានជនខិលខូចខ្លះឃុបឃិតជាមួយអាជ្ញាធរទៀតផង ព្រោះសូម្បីទីទួលប្រាសាទនៅក្នុងភូមិក៏អាជ្ញាធរមើលមិនឃើញដែរ គឺបណ្ដោយឲ្យជនខិលខូចកាប់គាស់ខ្ទេចខ្ទីអស់»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ មករា ដោយទូរស័ព្ទពុំមានអ្នកទទួល។
ទោះជាយ៉ាងនេះក្ដី កន្លងមកមេភូមិតារាមឈ្មោះ ស៊ន់ អះអាងថា បន្ទាប់ពីប្រជាពលរដ្ឋបានជូនដំណឹងមក គឺអ្នកស្រីបានចុះទៅមើលបង្គោលថ្មប្រាសាទបុរាណនោះភ្លាមដែរ ប៉ុន្តែអ្នកស្រីថា មិនទាន់បានរៀបចំទុកដាក់វត្ថុបុរាណទាំងនៅឡើយទេ៖ «ខ្ញុំខ្លាចបាត់បង់នឹងហើយបានជាចេះតែការពារទុកតាំងពីណាមក ក៏នាំគ្នាសហការគ្នាជាមួយគណៈកម្មការភូមិ និងគណៈកម្មការវត្ត ចំណែកអាជ្ញាធរឃុំ និងអាជ្ញាធរស្រុក គេដឹងដែរតើថា មានថ្មបុរាណនៅតំបន់នេះ»។
មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ច័ន្ទ ចំរើន លើកឡើងថា ការទុកដាក់ថ្មប្រាសាទបុរាណឲ្យបានគង់វង្ស គឺជាតួនាទីរបស់អាជ្ញាធរពាក់ព័ន្ធ ហើយអាជ្ញាធរមិនត្រូវធ្វើមិនដឹងមិនលឺ ដោយទុកឲ្យសម្បត្តិបេតិកភណ្ឌរបស់ជាតិ នៅរាយប៉ាយចោលលើដីស្រែនោះទេ៖ «ប្រជាពលរដ្ឋគាត់នៅមានកម្រិត ដូច្នេះការចុះទៅប្រមូលថ្មវាពាក់ព័ន្ធទៅនឹងសុវត្ថិភាពនឹងបញ្ហាអ្វីផ្សេងៗទៀតមកលើពលរដ្ឋ។ ដូច្នេះមិនគួរណាឲ្យប្រជាពលរដ្ឋទៅប្រមូលថ្មទេ គួរណាសមត្ថកិច្ចដែលអ្នកមានបច្ចេកទេសក្នុងការថែរក្សាៗនឹងរួសរាន់ទៅបានឆាប់មិនត្រូវបណ្ដែតបណ្ដោយព័ត៌មានទេបាទ»។
ព្រះអង្គ លួន សុវ៉ាត មានថេរដីកាបន្ថែមទៀតថា បង្គោលថ្មប្រាសាទបុរាណដែលប្រមូលទុកនោះ ខ្លះប្រវែងកន្លះម៉ែត្រ និងខ្លះទៀតជាងកន្លះម៉ែត្រ ព្រមទាំងមានក្បាច់រចនានៅល្អស្អាត។ ថ្មនេះទំនងមានអាយុកាលប្រហាក់ប្រហែលថ្មប្រាសាទអង្គរវត្តដែរ និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីស្ពានបុរាណផ្លូវជាតិ៦ នៃឃុំជីក្រែង។ ប្រជាពលរដ្ឋអះអាងថា ថ្មបុរាណនេះនៅរាយប៉ាយតាមភ្លឺស្រែរបស់អ្នកស្រុកមានប្រមាណពី ៤០ទៅ ៥០ដុំ ស្ថិតនៅក្នុងភូមិតារាម និងភូមិភ្នៀត នៃឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ កាលពីថ្ងៃទី១៧ មករា ព្រះតេជព្រះគុណ លួន សុវ៉ាត សហការជាមួយប្រជាពលរដ្ឋប្រមូលបានថ្មបុរាណចំនួន ១២ដុំ ហើយបានយកទៅរក្សាទុកលើដីទួលមួយកន្លែងក្នុងឃុំជីក្រែង ចំណែកថ្មដែលនៅសេសសល់ ព្រះអង្គនឹងនាំប្រជាពលរដ្ឋប្រមូលរក្សាទុកបន្តទៀតក្នុងពេលឆាប់ៗនេះ៕