
ព្រះតេជព្រះគុណ លួន សុវ៉ាត និងប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប សម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះថ្មប្រាសាទបុរាណ ដែលនៅរាយប៉ាយតាមដីស្រែរបស់អ្នកស្រុកថាអាចនឹងបាត់បង់អស់ នៅថ្ងៃណាមួយជាពុំខាន។ ក្ដីព្រួយបារម្ភនេះ ដោយសារជាថ្មប្រាសាទបុរាណជាច្រើនដុំត្រូវបានអ្នកភូមិ យកទៅគរទុកនៅតាមភ្លឺស្រែ ហើយពុំទាន់មានអាជ្ញាធរណាយកថ្មទៅរក្សាទុកនៅទីមានសុវត្ថិភាពនៅឡើយ។
ព្រះតេជព្រះគុណ លួន សុវ៉ាត និងប្រជាពលរដ្ឋនៅស្រុកជីក្រែង ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធប្រមូលថ្មប្រាសាទបុរាណ យកទៅរក្សាទីសុវត្ថិភាពឲ្យបានឆាប់ ដើម្បីកុំឲ្យថ្មប្រាសាទធ្លាក់ទៅលើដៃរបស់ជនខិលខូច។
ពលរដ្ឋរស់នៅជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប លោក ច្រឹក សុភាព ឲ្យដឹងនៅថ្ងៃទី២១ មករាថា បង្គោលថ្មប្រាសាទបុរាណជាច្រើនដុំ នៅរាយប៉ាយតាមដីស្រែរបស់អ្នកស្រុកនៅភូមិតារាម និងភូមិភ្នៀត ឃុំជីក្រែង ដោយពុំមានអាជ្ញាធរណាអើពើយកថ្មទៅរក្សាទុក នៅទីមានសុវត្ថិភាពនោះទេ។ ពលរដ្ឋរូបនេះអះអាងទៀតថា ពួកគាត់គ្មានលទ្ធភាពយកថ្មប្រាសាទទាំងនោះទៅរក្សាទុកទេ ចំណែកអាជ្ញាធរមូលដ្ឋានក៏បានដឹងថា មានថ្មប្រាសាទនៅតាមដីស្រែដែរ ក៏ប៉ុន្តែហាក់គ្មានវិធានការ ដើម្បីរក្សាសម្បត្តិបេតិកភណ្ឌរបស់ជាតិឲ្យបានគង់វង្ស៖ «ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ខ្ញុំឃើញថ្មប្រាសាទរាយប៉ាយដូច្នេះខ្ញុំសោកស្ដាយ ព្រោះជារបស់បុរាណ មិនគួរណាអាជ្ញាធរមិនគិតគួរសោះ។ ព្រោះខ្ញុំខំទៅប្រាប់អាជ្ញាធរឲ្យមកមើល គេគ្រាន់តែមកអើតហើយទៅវិញ ដោយមិនគិតរឿងរបស់បុរាណអីទេ»។
លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងភូមិចង់នាំគ្នាប្រមូលថ្មប្រាសាទ ទៅគរទុកមួយកន្លែងរួចធ្វើរបងដែកព័ទ្ធជុំវិញ ដើម្បីការពារកុំឲ្យថ្មបាក់បែកខូច ក៏ប៉ុន្តែគ្មានថវិកា។
ឆ្លើយតបនឹងបញ្ហានេះមេភូមិតារាម ឈ្មោះ ស៊ន់ មានប្រសាសន៍ថា ក្រោយពីប្រជាពលរដ្ឋបានជូនដំណឹងមក គឺអ្នកស្រីបានចុះទៅមើលបង្គោលថ្មប្រាសាទបុរាណនោះភ្លាម ក៏ប៉ុន្តែអ្នកស្រីថា មិនទាន់បានរៀបចំទុកដាក់វត្ថុបុរាណទាំងនៅឡើយទេ៖ «ខ្ញុំខ្លាចបាត់បង់នឹងហើយបានជាចេះតែការពារទុកតាំងពីណាមក ក៏នាំគ្នាសហការគ្នាជាមួយគណៈកម្មការភូមិ និងគណៈកម្មការវត្ត ចំណែកអាជ្ញាធរឃុំនិងអាជ្ញាធរស្រុក គេដឹងដែរតើថា មានថ្មបុរាណនៅតំបន់នេះ»។
ចំណែកព្រះអង្គ លួន សុវ៉ាត មានថេរដីកាថា កាលពីថ្ងៃទី១៧ មករាព្រះអង្គបាននាំប្រជាពលរដ្ឋដើរប្រមូលបង្គោលថ្មប្រាសាទបុរាណ បានចំនួន១២បង្គោល ព្រមទាំងបានយកទៅរក្សាទុកនៅទីទូលដីស្រែរបស់អ្នកភូមិ។ ព្រះអង្គមានថេរដីកាបន្ថែមថា វត្ថបូរាណទាំងអស់នេះ អាចនឹងបាត់បង់នៅថ្ងៃខាងមុខ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនយកថ្មទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពនោះ៖ «វាទៅជាតួនាទីការថែទាំប្រាសាទ ការថែទាំកេរ្តិ៍ដំណែលមរតក វប្បធម៌ អាជ្ញាធរវាហាក់ដូចជាមិនសូវចូលរួមគិតគូរទេ សព្វថ្ងៃបានព្រះសង្ឃទេ ដើររើសថ្ម ដូចព្រះសង្ឃនៅវត្តជីក្រែងក៏បានដើររើសថ្មតាមប្រាសាទផ្សេងៗ យកទៅដាក់ក្នុងវត្ត។ ចំណែកអាត្មាបានរើសយកទៅដាក់នៅទីទូល ប៉ុន្តែនៅទូលនោះអាត្មាគិតថា បើសិនជាឈ្មួញខិលខូចណាមួយគេដឹង ហើយអាចនឹងគេមកលួចយកទៅបាត់ក៏ថាបានដែរ»។
ព្រះអង្គ លួន សុវ៉ាត មានថេរដីកាបន្ថែមទៀតថា បង្គោលថ្មប្រាសាទបុរាណដែលប្រមូលទុកនោះប្រវែងប្រហែលជាងកន្លះម៉ែត្រ ហើយមានក្បាច់រចនានៅស្អាតល្អ ម្យ៉ាងទៀតថ្មនេះទំនងមានអាយុកាលប្រហាក់ប្រហែលថ្មប្រាសាទអង្គរវត្តដែរ និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីស្ពានបុរាណផ្លូវជាតិ៦ នៃឃុំជីក្រែង។ ប្រជាពលរដ្ឋអះអាងថា ថ្មបូរាណដែលនៅរាយប៉ាយតាមភ្លឺស្រែរបស់អ្នកស្រុកក្នុងឃុំជីក្រែង មានប្រមាណ ៤០ដុំ ហើយមួយធំនៅរាយប៉ាយតាមដីស្រែមិនទាន់បានប្រមូលយកទៅទុកនៅឡើយ៕