Clik here to view.

អ្នកភូមិក្បាលរមាស និងភូមិស្រែគរចាស់ ជាង ១០០គ្រួសារ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅបន្តទាមទារឲ្យក្រុមហ៊ុនអនុវត្តតាមអនុសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទទួលខុសត្រូវរាល់ការខាតប្រយោជន៍ពលរដ្ឋ ដោយសារតែទំនប់សេសានក្រោមពីរបិទទ្វារទឹកពន្លិចភូមិ។ ពួកគាត់ត្អូញថា អាជ្ញាធររដ្ឋាភិបាលនៅតែរើសអើងពួកគាត់ និងចាត់ទុកពួកគាត់ជាសត្រូវនៃការអភិវឌ្ឍ។
ពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំក្បាលរមាស និងភូមិស្រែគរចាស់ ស្រុកសេសាន ខែត្រស្ទឹងត្រែងនៅតែប្រកាន់ជំហរក្រាញននៀលមិនចាកចេញពីភូមិកំណើត បើទោះបីជាស្ថានភាពរស់នៅកាន់តែលំបាកទៅៗយ៉ាងណាក្តី។ រីឯអ្នកភូមិមួយចំនួនបានរស់នៅលើដីចម្ការវិលជុំ និងខ្លះទៀតសង់ខ្ទមរស់នៅទីទួលខ្ពស់រង់ចាំសេវាសាធារណៈដែលរដ្ឋាភិបាលសន្យាផ្ដល់ជូន។
ពលរដ្ឋដែលបដិសេធមិនទទួលសំណង នៅភូមិក្បាលរមាសចាស់ លោក ប្រ៉ក់ រិទ្ធី ឲ្យដឹងនៅថ្ងៃទី ២១ មករាថា ពលរដ្ឋរស់នៅភូមិក្បាលរមាស ៥៨គ្រួសារ ដែលបដិសេធមិនចាកចេញពីភូមិកំណើត កំពុងរង់ចាំអាជ្ញាធរអនុវត្តតាមអនុសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសន្យាថា នឹងផ្ដល់សេវាសាធារណៈជួនពួកគាត់ រួមមានសេវាសុខភាព និងសេវាអប់រំជាដើម តែផ្ទុយទៅវិញមកទល់ពេលនេះ ពួកគាត់នៅពុំទាន់ទទួលបានពន្លឺលទ្ធផលនៅឡើយទេ។ លោកថា ប្រសិនបើរដ្ឋាភិបាល និងក្រុមហ៊ុនឲ្យតម្លៃការគោរពសិទ្ធិមនុស្ស គួរតែពិចារណាលើការសាងសង់ភូមិថ្មីជូនពួកគាត់ និងកាត់បន្ថយកម្ពស់ទឹកទំនប់កន្លះម៉ែត្រ ដើម្បីសង្គ្រោះធនធានធម្មជាតិ ដីផ្នូរកប់សព និងដីស្រែពួកគាត់មួយចំនួន៖ «តាំងពីហ្នឹងមកមានអនុសាសន៍ និងឮថាខែត្រនឹងអនុវត្តតាមយុទ្ធសាស្ត្រហ្នឹង តែសហគមន៍ក៏មានការសប្បាយចិត្តដែរ តែមកទល់ពេលនេះពុំទាន់មានសកម្មភាពណាមួយ អន្តរាគមន៍មកខែត្រទេ»។
បុរសដដែលបន្តថា មកទល់ពេលនេះ ពុំឃើញមានអាជ្ញាធររដ្ឋាភិបាល និងកាកបាតក្រហមផ្ដល់ជំនួយមនុស្សធម៌ស្បៀងអាហារ និងថ្នាំពេទ្យនោះទេ គឺឃើញតែដាក់កម្លាំងប្រដាប់អាវុធរឹតត្បិតសេរីភាពអ្នកខាងក្រៅ មិនឲ្យចូលសួរសុខទុក្ខពួកគាត់។ លោកថា ពលរដ្ឋរស់នៅភូមិចាស់មានបញ្ហាប្រឈមខ្លាំង គឺស្ត្រីមានផ្ទៃពោះ និងកុមារ។ ជាក់ស្ដែងកុមារជាង ៨០នាក់បោះបង់ការសិក្សា រីឯស្ត្រីមានផ្ទៃពោះលំបាកសេវាថែទាំសុខភាព៖ «ទាក់ទងសុខភាពគាត់ពុំមានថ្នាំ និងពិគ្រោះយោបល់ពេលឈឺថ្កាត់ អ៊ីចឹងគាត់ត្រូវចំណាយថវិកាច្រើន ទៅផ្លូវឆ្ងាយដូចជាទៅរតនគិរី»។
មេឃុំស្រែគរ លោក សៀក មេគង្គ ពីគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវគេដកពីតំណែងឲ្យដឹងថា ក្រុមហ៊ុនអះអាងថា នឹងមិនស្ថាបនាភូមិថ្មីជូនពលរដ្ឋដែលបដិសេធមិនទទួលសំណងនោះទេ ព្រោះការសាងសង់ភូមិថ្មី ត្រូវចំណាយធនធានច្រើន។
កាលពីចុងឆ្នាំ ២០១៧ អភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន បានចេញលិខិតជូនដំណឹងឲ្យដឹងថា ក្នុងករណីដែលពលរដ្ឋមិនទទួលសំណង រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានផ្ដល់ជម្រើសនានា ជូនពលរដ្ឋដែលចង់យកទីតាំងថ្មី ឋិតនៅក្បែរភូមិចាស់ និងធ្លាប់អាស្រ័យផលស្រាប់ ដែលជាទីតាំងមានសុវត្ថិភាព ដើម្បីសាងសង់លំនៅឋានថ្មីរស់នៅ។ លើសពីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនអះអាងថា នឹងបន្តសហការដោះស្រាយផលប៉ះពាល់ ផ្អែកតាមគោលនយោបាយសមស្របជូនពលរដ្ឋផ្ទាល់។ ក៏ប៉ុន្តែមកទល់ពេលនេះ អ្នកភូមិនៅពុំទាន់ទទួលបានដំណោះស្រាយបញ្ហានេះនៅឡើយទេ។
អ្នកឃ្លាំមើលបរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា ក្រុមហ៊ុន និងអាជ្ញាធររដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវផលប៉ះពាល់ទាំងឡាយ ដែលកើតឡើងដោយសារទំនប់ និងទទួលយកសំណូមពររបស់ពលរដ្ឋ ដោះស្រាយ មិនគួរទុកពលរដ្ឋឲ្យរងគ្រោះចោល ក្រោមរួបភាពអភិវឌ្ឍន៍នោះទេ។ លោកកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពឲ្យពលរដ្ឋរស់នៅភូមិចាស់អាចតាំងទីលំនៅតំបន់ក្បែរភូមិចាស់មិនលិចទឹក ក៏ប៉ុន្តែបែរជាក្រុមហ៊ុន និងអាជ្ញាធរមិនអនុវត្ត៖ «ខ្ញុំគិតថា សម្រាប់អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលគួរតែមានវិធានការរួមគ្នាជាមួយក្រុមហ៊ុន ត្រូវទទួលខុសត្រូវសម្រាប់ពលរដ្ឋនៅតំបន់ហ្នឹងដែរ។ បើពុំដូច្នេះទេ យើងនឹងមានបញ្ហាធំហើយ»។
របាយការណ៍អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគរ ៥០គ្រួសារ រាប់បញ្ចូលពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ៕