Quantcast
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​សារព័ត៌មាន​​គ្មាន​ច្បាប់​និង​មិន​បង់ពន្ធ

Image may be NSFW.
Clik here to view.

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ មករា បាន​ព្រមាន កម្ចាត់​រាល់​ទម្រង់​សារព័ត៌មាន​ទាំងឡាយ​ណា​ដែល លោក​ចោទ​ថា ធ្វើ​ការ​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន និង​សារព័ត៌មាន​ទាំងឡាយ​ដែល​មិន​បាន​ចុះបញ្ជី និង​បង់ពន្ធ​ជូន​រដ្ឋ​អោយ​បាន​ត្រឹមត្រូវ។ ទោះជា​យ៉ាងណា ក៏ដោយ​ក្រុម​អ្នក ឃ្លាំមើល​និយាយ​ថា វិធានការ​ម៉ឺងម៉ាត់​របស់​លោក ហ៊ុន សែន ទៅលើ​បញ្ហា​ចុះបញ្ជី​សារព័ត៌មាន គឺ​គ្រាន់តែ​ជា​ល្បិច​មួយ ក្នុង​ការ​រឹតត្បិត​សេរីភាព​សា​ព័ត៌មាន​នៅ​កម្ពុជា​ប៉ុណ្ណោះ។

មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី​លោក ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ​បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ ទៅ​លើ​បណ្ដាញ​សារព័ត៌មាន​ទាំងឡាយ​ណា​ដែល​តែងតែ​ជំរិត​ទារ​លុយ​ពី​ប្រភព ដើម្បី​ចុះផ្សាយ​ជាពិសេស​ពាក់ព័ន្ធ​ករណី​ព្រៃឈើ ឬ​ការ​ជួញដូរ​ឈើ សារព័ត៌មាន​ដែល​បើក​ដំណើរការ ដោយ​គ្មាន​ច្បាប់ គ្មាន​ចុះបញ្ជី មិន​បាន​បង់ពន្ធ និង​សារព័ត៌មាន​ដែល​លោក​ចោទ​ថា បាន​តាំង​ខ្លួន​ជា​ចៅក្រម អ្នក​កាត់​សេចក្ដី​ជាដើម លើ​ភាគី​ពាក់ព័ន្ធ​ជាដើម៖ «ប្រភេទ​សារព័ត៌មាន​ទីមួយ​គឺ​មិន​ត្រូវ​អោយ​មាន​តទៅទៀត​ទេ គឺជា​ប្រភេទ​ព័ត៌មាន​ដែល​ដើរតួ​បែប​ប្រភេទ​ម៉ាហ្វីយ៉ា ដែល​ដើរតួ​បែប ជំរិត​ទា​ប្រាក់ មាន​លុយ​អោយ​បាន​ផ្សាយ អត់​លុយ​អោយ​អត់​ផ្សាយ។ ប្រភេទ​សារព័ត៌មាន​ទីពីរ គឺជា​សារព័ត៌មាន​អត់​ច្បាប់ មិន​គោរព​ច្បាប់ មិន​ចុះបញ្ជី​តាម​ច្បាប់ នឹង​រត់​គេចវេច លួច​បន្លំ​អត់​បង់ពន្ធ។ ក្រោយ​បែក​រឿង គេ​ដើរតួ​សម្ដែង​ជា​អ្នករងគ្រោះ​ខាង​នយោបាយ តាមរបៀប​ថ្មី​ដើម្បី​ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រទេស​របស់​ខ្លួន»

ការ​គំរាម​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​ជាង ៣៤០០​នាក់ នៅ​មណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា ដែល​ជា​ជំនួប​លើក​ទី​២ រវាង​នាយករដ្ឋមន្ត្រី និង​អ្នកកាសែត។

កាលពី​ឆ្នាំ​២០១៧ ក្នុង​ជំនួប​លើក​ទី​១ រវាង​នាយករដ្ឋមន្ត្រី និង​ក្រុម​អ្នក​កាសែត ពួកគេ​បាន​ត្អូញត្អែរ​ថា​មិន​មាន​ឱកាស​ជួប​ជជែក​ដោយ​ផ្ទាល់ ជាមួយ​លោក ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ឧបសគ្គ និង​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពួកគេ​ក្នុង​ពេល​បំពេញ​មុខងារ​ជា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ឡើយ។

នៅ​ក្នុង​ជំនួប​នោះ ពួកគេ​បាន​ត្រឹម​តែ​អង្គុយ​ស្ដាប់​ចំហ​មាត់​ស្ដាប់​ការ​ទូន្មាន របស់​លោក ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​អ្នក​ជំនាញ​សារព័ត៌មាន​ប៉ុណ្ណោះ។

ចំណែក​នៅ​ក្នុង​ជំនួប​លើក​ទី​២​នេះ ក៏​មិន​ខុសគ្នា​ពី​ជំនួប​លើក​ទី​១ នោះ​ដែរ។ ក្រោយ​ការ​ប្រដៅ​ដល់​ក្រុម​អ្នកកាសែត​រួច លោក ហ៊ុន សែន បាន​លើក​កែវ​ស្រា​ជាមួយ​ក្រុម​មន្ត្រី​របស់​ជាន់ខ្ពស់​របស់ លោក​ដើម្បី​បញ្ចប់​សារ​គំរាម។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បាន​វាយ​តម្លៃ​សារ​គំរាម​របស់​លោក ហ៊ុន សែន អំពី​ការ​ប្រើ​វិធានការ​ក្ដៅ​ទៅលើ​សារព័ត៌មាន​ដែល​មិន​បាន​ចុះ​បញ្ជី និង​មិនបាន​បង់ពន្ធ​នោះ​ថា​គ្រាន់ តែ​ជា​ការ​យក​លេស​ដើម្បី​បំបិទមាត់​ក្រុម​អ្នក​រិះគន់ និង​ធ្វើ​អោយ​សេរីភាព​សារព័ត៌មាន​រួម​តូច​ចង្អៀត​ក្នុង​កណ្ដាប់ដៃ​នៃ​ការ​គ្រប់គ្រង​អំណាច ដោយ​គណបក្ស​តែមួយ​នោះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) អះអាង​ថា លោក ហ៊ុន សែន យក​លេស គ្រប់​បញ្ហា​ទាំងអស់​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នក​សារព័ត៌មាន។

លោក​បន្ត​ថា ពេលខ្លះ​លោក ហ៊ុន សែន ប្រឌិត​ករណី​មិន​បង់ពន្ធ ហើយ​ពេល​ខ្លះ​ទៀត​លោក​បាន​គំរាមកំហែង​អ្នក​យកព័ត៌មាន​ណា ដែល​ហ៊ាន​រាយការណ៍​ប៉ះពាល់​ដល់​ចំណុច​រសើប​របស់​រដ្ឋាភិបាល។

លោក ហ្វីល រ៉ូបើតសិន បញ្ជាក់​ថា ការ​រឹតត្បិត​ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​របប​មួយ​ដែល​គ្មាន​ការ​រិះគន់៖ «ជា​យុទ្ធសាស្ត្រ វា​គឺជា​ការ​ព្យាយាម​បំបិទ​សំឡេង​អ្នក​សារព័ត៌មាន ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ឬ​ដោយ​ក្រុមហ៊ុន ដែល​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល។ យើង​ឃើញ​ស្ថាប័ន​ពន្ធដារ​របស់​រដ្ឋាភិបាល​បាន​ប្រឌិត​រឿងរ៉ាវ​ពាក់ព័ន្ធ​ករណី​មិន បង់ពន្ធ​របស់​កាសែត The Cambodia និង​ការ​បិទ​ស្ថាប័ន ព័ត៌មាន ជាច្រើន​ដែល​បាន​ផ្សាយ​បន្ត ឲ្យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ដោយ​មិន​អោយ​មានការ​បកស្រាយ។ បញ្ហា​ទាំងនេះ​គឺ​គ្រាន់ តែ​ជា​បុព្វហេតុ​ក្នុង​ការ​បិទ​សំឡេង​ក្រុម​សារព័ត៌មាន ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ»

ទោះជា​យ៉ាងណាក៏ដោយ សមាគម​កម្ពុជា​ការពារ​អ្នកកាសែត ដែល​ជា​ស្ថាប័ន​គាំទ្រ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សាទរ​ភ្លាមៗ​ដល់​គោលជំហរ របស់​លោក ហ៊ុន សែន ដែល​ពួកគេ​ចាត់ទុកថា​បាន​ខិតខំ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​អ្នកកាសែត និង​មន្ត្រី​សាធារណៈ​ដែល​ជា​ប្រភព​ផ្ដល់​ព័ត៌មាន សម្រាប់​បម្រើ​អោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​តែង​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន សម្រាប់​អ្នកកាសែត​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ក្នុង​សង្គម។

លោក ហ្វីល រ៉ូបើតសិន អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក​មាន​អ្នកកាសែត​ជា​ច្រើន​រូប​បាន​បាត់​ខ្លួន អ្នកខ្លះ​ត្រូវ បាន​សម្លាប់ អ្នកខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន និង​ការ​បិទ​បណ្តាញ​សារព័ត៌មាន ជាច្រើន​ស្ថាប័ន។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ចាប់​ឃុំ​ខ្លួន​អតីត​អ្នក​យកព័ត៌មាន​របស់​អាស៊ីសេរី ពីរ​រូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដោយ​ចោទប្រកាន់​ពី​បទ​លួច​ផលិត និង​ផ្តល់​ព័ត៌មាន​ឲ្យ​ស្ថាប័ន​អាស៊ីសេរី ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន។

តាមរយៈ​ការចោទប្រកាន់​នេះ អ្នក​ទាំងពីរ អាច​ប្រឈម​នឹង​ការ​ជាប់​ឃុំឃាំង ពី​៧​ឆ្នាំ ដល់​១៥​ឆ្នាំ ក្នុង​ពន្ធនាគារ។

ក្រោយពី​ការ​ចាប់​ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីររូប​នេះ​មក បាន​នាំ​អោយ​ក្រុម​អ្នក​សារព័ត៌មាន​ជាច្រើន​ដែល​ធ្លាប់​រាយការណ៍​អំពី ការរំលោភ​សិទ្ធិមនុស្ស អំពើពុករលួយ និង​ចំណុច អសកម្ម​របស់​រដ្ឋាភិបាល​មានការ​ភ័យ​ខ្លាច ចំពោះ​សុវត្ថិភាព​របស់​ពួកគេ។ មនុស្ស​ភាគច្រើន​បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស អ្នក​ខ្លះ​ទៀត បញ្ឈប់​អាជីព​ជា​អ្នក​សារព័ត៌មាន ហើយ​ខ្លះ​ទៀត​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​តែម្ដង។

គណៈកម្មាធិការ​ការពារ​អ្នកកាសែត​ដែល​ហៅ​កាត់​ថា CPJ ដែល​មាន​មូលដ្ឋាន​ក្នុង​បុរី​ញូវយ៉ក (New York) សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក យ៉ាង​ហោចណាស់​មាន​អ្នក​សាព័ត៌មាន​ចំនួន​ជាង ១០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

អ្នកកាសែត​ទាំងនោះ​រួមមាន លោក ចាន់ តារា អ្នកកាសែត​កោះសន្តិភាព លោក ជិត ដួងតារាវុធ មក​ពី​សារព័ត៌មាន​អ្នក​ប្រយុទ្ធ លោក ជួ ជិតថារិទ្ធ អ្នក​អត្ថាធិប្បាយ​របស់​វិទ្យុ​តាព្រហ្ម លោក ឃឹម សំបូរ អ្នកកាសែត​មនសិការ​ខ្មែរ និង​អ្នកកាសែត​ជា​ច្រើន​រូប​ទៀត មាន​ទាំង​អ្នកកាសែត​បរទេស​លោក មៃឃើល ស៊ីននៀ (Michael Senior) ផង​ដែរ។

លោក ហ្វីល រ៉ូបើតសិន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ផ្លូវ​ណា​ដែល​ត្រូវ​អនុញ្ញាត​អោយ​មាន​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ ដំណើរការ​នៅ​កម្ពុជា​បាន​ទៀត​នោះ​ទេ ដរាបណា​រដ្ឋាភិបាល​របស់ លោក​នៅ​បន្ត​ក្ដោបក្ដាប់ បន្ត​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​សារព័ត៌មាន អព្យាក្រឹត្យ និង​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​ដើម្បី​បុព្វហេតុ​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​អំណាច​បែប​ផ្ដាច់ការ ដោយ​គណបក្ស​តែមួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles