
ប្រជាសហគមន៍តាមខេត្តមួយចំនួន គ្រោងលើកគ្នាទៅតាមដានដំណើរការសវនាការក្ដីសកម្មជនបរិស្ថាន អង្គការមាតាធម្មជាតិ ដែលនឹងប្រព្រឹត្តទៅនៅតុលាការខេត្តកោះកុង នៅថ្ងៃទី២៥ មករា ខាងមុខនេះ។ ប្រជាសហគមន៍ទាំងនោះអំពាវនាវឱ្យតុលាការដោះលែងសកម្មជនទាំងពីររូបឱ្យមានសេរីភាពវិញ ត្បិតអ្នកទាំងពីរមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ហើយសកម្មភាពរបស់ពួកគេ គឺគ្រាន់តែជាការចូលរួមជួយថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។
ប្រជាសហគមន៍តាមខេត្តមួយចំនួន ដែលអង្គការមាតាធម្មជាតិធ្លាប់ចុះទៅជួយតស៊ូមតិ និងអប់រំផ្លូវច្បាប់ អះអាងប្រាប់អាស៊ីសេរីថា ពួកគាត់នឹងនាំគ្នាទៅចូលរួមតាមដានសវនាការជំនុំជម្រះក្តី លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី នៅពេលខាងមុខ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់សកម្មជនបរិស្ថានទាំងពីររូបនេះ។
តំណាងស្ត្រីសហគមន៍កោះស្រឡៅ ក្នុងស្រុកកោះកុង ខេត្តកោះកុង គឺលោកស្រី ម៉ូត សុផា បញ្ជាក់ថា លោកស្រីត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចូលរួមឃ្លាំមើលសវនាការ សកម្មជនមាតាធម្មជាតិទាំងពីររូប ព្រោះលោកស្រីយល់ឃើញថា ពួកគេទាំងពីរមិនបានប្រព្រឹត្តកំហុសឆ្គងអ្វី ដែលតុលាការខេត្តកោះកុង«ត្រូវចាប់ឃុំខ្លួនពួកគេបែបនេះឡើយ។ លោកស្រីអះអាងថា លោកស្រីមិនអាចឈរឱបដៃមើលរឿងអយុត្តិធម៌ដែលកើតឡើងទៅលើលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី បាននោះទេ ត្បិតពួកគេទាំងពីរ និងសកម្មជនផ្សេងទៀតរបស់អង្គការមាតាធម្មជាតិ គឺជាអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយដល់សហគមន៍កោះស្រឡៅ ក្នុងការតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់ ដែលបានបង្កផលប៉ះពាល់ជាច្រើនមកលើសហគមន៍៖ «ក្រុមយុវជនយើង គឺសុទ្ធតែកូនខ្មែរទាំងអស់ ហើយគាត់មកការពារទឹកដីខ្មែរ ការពារតំបន់ដែលយើងរស់នៅ ក៏ប៉ុន្តែបែរជាអាជ្ញាធរចាប់ពួកគាត់ដាក់គុក ចោទថាពួកគាត់ហ្នឹងជាបក្សប្រឆាំង។ អ៊ីចឹងពួកខ្ញុំមានការសោកស្ដាយ និងសង្ឃឹមថា ថ្ងៃក្រោយគាត់ (អាជ្ញាធរខេត្តកោះកុង) នឹងយល់អំពីសកម្មភាពរបស់ក្រុមយុវជនទាំងអស់នេះ ប៉ុន្តែពេលនេះពួកខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរខេត្តកោះកុង»។
លោកស្រីអះអាងថា លោកស្រីនឹងជជែកគ្នាជាមួយប្រជាពលរដ្ឋផ្សេងទៀតអំពីគម្រោងឡើងទៅចូលរួមតាមដានសវនាការក្ដីនេះ។ លោកស្រីប្រាប់អំពីបទពិសោធន៍ដែលលោកស្រីធ្លាប់ធ្វើការងារជាមួយសកម្មជនអង្គការមាតាធម្មជាតិថា ពួកគេមិនដែលញុះញង់ប្រជាពលរដ្ឋដើម្បីក្រោកឡើងតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ពោលគឺពួកគេចុះមកបង្រៀនប្រជាពលរដ្ឋអំពីសិទ្ធិ និងច្បាប់ទម្លាប់នានា ជាពិសេសគឺបង្រៀនអំពីមធ្យោបាយក្នុងការតស៊ូមតិដោយអហិង្សា។ លោកស្រីទទូចដល់អាជ្ញាធរខេត្តកោះកុង ដោះលែងសកម្មជនទាំងពីរឱ្យមានសេរីភាពវិញ៖ «ខ្ញុំមានតែសំណូមពរឱ្យតុលាការដោះស្រាយដោយសន្តិវិធីទៅតាមផ្លូវច្បាប់ កុំឱ្យលម្អៀងចោទប្រកាន់ដោយខុស ព្រោះពួកយើងអត់បានធ្វើអ្វីខុសសោះ គាត់ចេះតែចោទប្រកាន់ពួកយើង អ៊ីចឹងសូមឱ្យពួកគាត់ដោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ផង»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ ក្រោយពេលអ្នកទាំងពីរបានជិះទូកថតរូបភាព និងវីដេអូសកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា (Silica) ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាមេបនល្បែងដ៏មានឥទ្ធិពល និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង ជាច្រើនឆ្នាំមកហើយ។
ពួកគេទាំងពីរត្រូវបានតំណាងអយ្យការខេត្តកោះកុង ចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ បន្ទាប់ពីឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារជាង ៤ខែ រួចមក តុលាការខេត្តកោះកុង បានកំណត់យកថ្ងៃទី២៥ មករា ខាងមុខនេះ គឺជាថ្ងៃបើកសវនាការជំនុំជម្រះរឿងក្តីនេះ។
សកម្មជនមួយរូបនៃសហគមន៍អណ្តូងទឹក ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គឺយុវជន គុណ បញ្ញា អះអាងថា រូបគេនឹងប្រជាពលរដ្ឋមួយចំនួនទៀតនឹងនាំគ្នាទៅចូលរួមតាមដានដំណើរការកាត់សេចក្តីនេះ ដោយសារពលរដ្ឋយល់ថា ចំណាត់ការរបស់អាជ្ញាធរខេត្តកោះកុងទៅលើសកម្មជនបរិស្ថានទាំងពីររូបនេះ គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។ យុវជនរូបនេះបន្តថា ដោយសារតែមានក្រុមសកម្មជនអង្គការមាតាធម្មជាតិនេះហើយ ទើបសហគមន៍របស់លោកបានរួចផុតពីវិនាសកម្មធនធានធម្មជាតិ បង្កឡើងដោយអាជីវកម្មបូមខ្សាច់ភ្លូកទឹកភ្លូកដីនៅតំបន់នោះ៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយមែនទែនចំពោះអាជ្ញាធរភូមិឃុំ និងខេត្តកោះកុង ពួកគាត់ (សកម្មជនអង្គការមាតាធម្មជាតិ) ខំធ្វើប៉ុណ្ណឹងហើយ គាត់ (អាជ្ញាធរ) នៅតែចាប់ខ្លួនពួកគាត់ហ្នឹងដាក់ពន្ធនាគារដាក់ទោសអ៊ីចឹង ខ្ញុំគិតថា មិនសមទាល់តែសោះ។ គេ (សកម្មជនមាតាធម្មជាតិ) ខំជួយប៉ុណ្ណឹងហើយ ហើយម្យ៉ាងគាត់ធ្វើនេះក៏មិនមានខុសច្បាប់អ្វីដែរ»។
សហគមន៍អណ្តូងទឹក ក៏ដូចជា សហគមន៍កោះស្រឡៅដែរ គឺជាទីកន្លែងដែលមានការបូមខ្សាច់ខ្នាតធំអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ មុនការទៅដល់នៃសកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ ប្រជាពលរដ្ឋនៅទីនោះមិនសូវយល់ដឹងអំពីរបៀបក្នុងការតស៊ូមតិប៉ុន្មាននោះទេ ជួនកាលពួកគាត់ខ្លាចមិនហ៊ានទៅរារាំងក្រុមហ៊ុនបូមខ្សាច់ឡើយ ឬជួនកាលបើពួកគាត់លើកគ្នាទៅឃាត់វិញ គឺក្នុងទម្រង់ជាអំពើហិង្សាតែម្ដង។ តែក្រោយពេលមានការជួយពន្យល់ណែនាំពីអង្គការមាតាធម្មជាតិ ពួកគាត់ក៏មានការយល់ដឹងច្រើន និងហ៊ានតស៊ូមតិរឿងខ្សាច់នេះដោយគ្មានខ្លាចរអា និងបែបសន្តិភាពនិយមទៀតផង។ ដូច្នេះហើយទើបពួកគាត់ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែង លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី មកវិញ ដើម្បីឱ្យសកម្មជនទាំងពីរអាចបន្តសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិបានតទៅមុខទៀត។
មិនមែនតែសហគមន៍នៅខេត្តកោះកុងនោះទេ សូម្បីតែពលរដ្ឋភូមិកោះគរ ស្រុកស្អាង ខេត្តកណ្តាល ទីដែលមានការបូមខ្សាច់បាក់ច្រាំងទន្លេឯណោះវិញ ក៏មានការទាមទារត្រង់ចំណុចនេះដូចគ្នា។
ពលរដ្ឋភូមិកោះគរម្នាក់ គឺ លោក ជា ចាន់ យល់ឃើញថា ទង្វើរបស់អាជ្ញាធរនេះគឺជាការបំពានច្បាប់ទៅវិញទេ ព្រោះសកម្មភាពរបស់ក្រុមសកម្មជនអង្គការមាតាធម្មជាតិនេះ គឺដើម្បីផលប្រយោជន៍សង្គមប៉ុណ្ណោះ មិនមែនផលប្រយោជន៍បុគ្គលនោះទេ។ លោកបញ្ជាក់ថា នឹងប្រាប់ដំណឹងស្ដីពីសវនាការរឿងក្តីនេះទៅអ្នកភូមិផ្សេងទៀតដែលមានបំណងចង់ទៅចូលរួម ហើយលោកសង្ឃឹមថា តុលាការនឹងសម្រេចក្តីរឿងនេះដោយយុត្តិធម៌៖ «ខ្ញុំចង់ឱ្យគេដោះលែងពួកគាត់ដោយមិនមានលក្ខខណ្ឌ ព្រោះពួកគាត់អត់មានធ្វើអ្វីខុសផង មានទៅបំពាន ទៅវាយ ទៅបាញ់ ឬកាប់ចាក់ឯណា។ ពួកគាត់គ្រាន់តែជាអង្គការមួយដែលជួយទ្រទ្រង់ ជួយប្រទេសជាតិ និងសង្គម ឱ្យបានរីកចម្រើន បែរជាអាជ្ញាធរទៅបំបិទ ទៅបំបាំង ទៅឃាត់ឃាំងចាប់ខ្លួនគាត់អ៊ីចឹង វាមិនសមទាល់តែសោះ»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាត់ទុកថា ជាអ្នកទោសមនសិការ ព្រោះអង្គការមួយនេះរកមិនឃើញថា សកម្មភាពរបស់អ្នកទាំងពីរក្នុងការចុះទៅថតកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនោះ គឺជាការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនោះឡើយ។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ ទាមទារឱ្យអាជ្ញាធរខេត្តកោះកុងដោះលែងសកម្មជនទាំងពីររូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ដោយឡែកក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងបរិស្ថានក្នុងស្រុកវិញ បានបញ្ជាក់ជំហរថា ពួកគេនឹងឃ្លាំមើលសវនាការរឿងក្តីឱ្យបានដិតដល់ ដើម្បីជួយរកយុត្តិធម៌ដល់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ព្រោះពួកគេរកឃើញថា សកម្មជនបរិស្ថានទាំងពីររូបនេះ មិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តំណាងអយ្យការខេត្តកោះកុងនោះឡើយ៕