Clik here to view.

ពលរដ្ឋជាង ៥០០គ្រួសាររស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ អះអាងថា ពួកគេមិនទាន់អាចធ្វើកសិកម្ម និងខកខានមិនបានធ្វើស្រែចិញ្ចឹមជីវិត ដោយសារតែក្រុមហ៊ុនពុំទាន់ភ្ជួររាស់ដី និងឈូសឆាយព្រៃឲ្យក្លាយជាវាលទាំងស្រុងសម្រាប់ពួកគេនៅឡើយទេ។ ពួកគេបន្តថា បញ្ហាបណ្ដាលឲ្យអ្នកភូមិមួយចំនួនខ្វះខាតស្បៀងអាហារ។
ពលរដ្ឋរស់នៅឃុំស្រែគរ ភាគច្រើនដែលព្រមទទួលគោលនយោបាយសំណងរបស់រដ្ឋាភិបាលឲ្យដឹងកាលថ្ងៃទី១៨ ខែមករា ថា ដីកសិកម្មជាង ២.៥០០ហិកតារ ដែលក្រុមហ៊ុនផ្តល់ជូនពលរដ្ឋមួយគ្រួសារ ៥ហិកតារភាគច្រើន សំបូរដោយព្រៃរេចរឹល ហើយនៅតំបន់ខ្លះជាដីទួលខ្ពស់ និងលិចទឹកមិនអាចធ្វើកសិផលបាន។
ពលរដ្ឋមួយគ្រួសារដែលយល់ព្រមទទួលសំណងរស់នៅឃុំស្រែគរ លោក ឡាំង ទុយ ត្អូញថា អ្នកភូមិភាគច្រើនបង្ខំចិត្តភ្ជួររាស់ និងសម្អាតដីខ្លួនឯង ទើបអាចធ្វើកសិកម្មបាន ដ្បិតដីកសិកម្មដែលក្រុមហ៊ុនផ្តល់ជូនភាគច្រើនជាព្រៃ និងមិនទាន់ភ្ជួររាស់។ លោកថា ពលរដ្ឋមួយចំនួនខកខានមិនបានធ្វើស្រែ ៣ឆ្នាំជាប់គ្នា ព្រោះគ្មានប្រាក់ភ្ជួររាស់ និងឈូសឆាយព្រៃ។ បញ្ហានេះបង្កឲ្យពលរដ្ឋរាំងស្ទះមិនអាចធ្វើស្រែនៅរដូវវស្សាបា៖ «ក្រុមហ៊ុនចែកឲ្យគ្រប់គ្រួសារយើងធ្វើខ្លួនឯង។ ដើមធំៗ និងតួចៗនៅពេញហ្នឹង ខ្លះត្អូញចង់ស្រឡះដែរ តែវាអស់ស្រឡះនៅខ្លួនឯង»។
ដីព្រៃស្រោងជាង ២ពាន់ហិកតាររបស់រដ្ឋ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឈូសឆាយកំណត់ជាគោលនយោបាយសំណង និងបែងចែកជូនពលរដ្ឋមួយគ្រួសារ ៥ហិកតារ ស្មើៗគ្នា រីឯពលរដ្ឋបំបែកគ្រួសារក្រុមហ៊ុនសម្រេចផ្តល់ជូន ២ហិកតារផ្សេងទៀត។ ក៏ប៉ុន្តែពលរដ្ឋបារម្ភថា ដីទាំងនោះមួយចំនួនជាតំបន់លិចទឹក មិនអាចធ្វើកសិកម្មបាន និងមានផ្នែកខ្លះជាដីព្រៃមិនទាន់ឈូសឆាយ។
មេឃុំស្រែគរ ដែលទើបតែងតាំងថ្មី មកពីបក្សកាន់អំណាច លោក ហ្វឿង ជឿន ឲ្យដឹងថា ក្រុមហ៊ុនធ្លាប់បានឈូសឆាយ និងភ្ជួររាស់ដីជូនពលរដ្ឋ មួយគ្រួសារ ៥ហិកតារច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែពលរដ្ឋភាគច្រើនទុកដីនៅទំនេរយូរឆ្នាំ នាំឲ្យដុះព្រៃ និងដើមឈើធំៗលំបាកធ្វើកសិកម្ម។
លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួនខិតខំសម្អាតដីខ្លួនឯង ដាំដំណាំ និងធ្វើស្រែ រីឯពលរដ្ឋខ្លះទៀតទុកដីនៅទំនេរចោល៖ «និយាយទីភាគច្រើនសុទ្ធតែព្រៃ គាត់អត់ធ្វើ ព្រោះវា ២ ទៅ ៣ឆ្នាំហើយ ក្រុមហ៊ុនឈូសឆាយឲ្យ។ អ្នកខ្លះដាំដំណាំក៏ល្អប្រសើរ ហើយអ្នកខ្លះអត់ធ្វើដើមឈើអីវាដុះហើយ»។
អតីតមេឃុំស្រែគរ មកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ ឲ្យដឹងថា រហូតមកទល់ពេលនេះ មានពលរដ្ឋប្រមាណជាង ២០ភាគរយមានលទ្ធភាពជួលគ្រឿងចក្រភ្ជួររាស់ខ្លួនឯង ដើម្បីដាំដុះរដូវវស្សាឆ្នាំនេះ។
ចំណែកពលរដ្ឋខ្លះទៀត ពុំមានលទ្ធភាពឈូសឆាយព្រៃ។ លោកបញ្ជាក់ថា ដី ៥ហិកតារ ដែលក្រុមហ៊ុនផ្តល់ជូនពលរដ្ឋភាគច្រើនមិនបានធ្វើស្រែនោះទេ ព្រោះត្រូវចំណាយប្រាក់ច្រើន៖ «អត់បានធ្វើស្រែទេ។ អ្នកដែលធ្វើស្រែបានគឺទៅចាប់ដីវាលធ្វើស្រែ យ៉ាងហោចណាស់ ៥០០គ្រួសារមានតែ ៣០គ្រួសារទេ ដែលធ្វើស្រែបាន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ពលរដ្ឋយល់ព្រមទទួលគោលនយោបាយសំណង បានរួមចំណែកអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាល ហេតុនេះក្រុមហ៊ុន និងអាជ្ញាធរមិនគួរពន្យារពេលដោះស្រាយបញ្ហានេះនោះទេ។ លោកថា ការអូសបន្លាយពេលគឺជាបន្ទុកបន្ថែមទៀត នាំឲ្យពលរដ្ឋកាន់តែក្រីក្រមួយកម្រិតទៀត៖ «ចង់និយាយហើយ គាត់លំបាកមួយជាន់ហើយ តែឥឡូវលំបាកទៀត វាប៉ះពាល់សេដ្ឋកិច្ចពួកគាត់ ក្នុងនាមអាជ្ញាធរខែត្រគួរតែយកចិត្តទុកដាក់ពន្លឿន»។
មកទល់ពេលនេះ ពលរដ្ឋដែលយល់ព្រមទទួលសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋ ៥០គ្រួសារនៅឃុំស្រែគរ និងពលរដ្ឋ ៥៧គ្រួសារនៅឃុំក្បាលរមាស មិនព្រមទទួលយកគោលនយោបាយសំណង ខណៈដែលផ្ទះរបស់ពួកគេត្រូវទឹកលិចលង់ទាំងស្រុង៕