Clik here to view.

មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួនលើកឡើងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមសកម្មភាពចលនាសង្គ្រោះជាតិ ជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេស ដោយមិនបារម្ភពីការគំរាមកំហែងណាមួយឡើយ។ ពួកគាត់អះអាងថា មូលហេតុដែលចូលរួមចលនាថ្មីនេះ ដោយយល់ថា ចលនានេះនឹងអាចជួយឲ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ បាន។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបណ្ដាខេត្តមួយចំនួនលើកឡើងថា ប្រសិនបើមានសញ្ញាភ្លើងខៀវពីថ្នាក់ដឹកនាំនៅក្រៅប្រទេសភ្លាម គឺថ្នាក់ដឹកនាំគណបក្សនៅថ្នាក់មូលដ្ឋាននឹងទូងស្គរឲ្យសកម្មជនចូលរួមចលនាសង្គ្រោះជាតិ ដោយមិនបង្អន់យូរឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល មានប្រសាសន៍ថា សកម្មជនគណបក្សលោកនៅខេត្តស្វាយរៀង ភាគច្រើនតាមដានការវិវត្តន៍នៃស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់បំផុត។ លោកអះអាងថា ក្រោយពេលទទួលដំណឹងពីថ្នាក់ដឹកនាំនៅក្រៅប្រទេស ដែលបានបង្កើតចលនាសង្គ្រោះជាតិភ្លាម គឺសកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមានអារម្មណ៍ត្រេកអរជាខ្លាំង ពីព្រោះចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយមក ពួកគាត់មិនអាចធ្វើសកម្មភាពនយោបាយដើម្បីជួយប្រជាពលរដ្ឋបាននោះទេ។
មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ថែមទៀតថា សព្វថ្ងៃពួកគេរង់ចាំតែសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស ដើម្បីចូលរួមចលនាសង្គ្រោះជាតិ ដោយមិនខ្លាចប្រឈមនឹងការគំរាមកំហែងពីសំណាក់សមត្ថកិច្ចឡើយ៖ «ព្រោះដឹងស្រាប់ហើយប្រជាធិបតេយ្យដែលជោគជ័យបានដោយសារការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះប្រទេសជាតិពឹងពាក់ទៅលើប្រជាពលរដ្ឋ ថ្នាក់ដឹកនាំរបស់គណបក្សដូចជាចលនាសង្គ្រោះជាតិ នឹងធ្វើមិចឲ្យមានការស្រុះស្រួលគ្នាដើម្បីការងាររបស់យើងបន្តទៀត»។
ទោះជាយ៉ាងណាលោក ម៉ៅ វិបុល បញ្ជាក់ថា សកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមួយចំនួនតូច ហាក់មានចិត្តស្ទាក់ស្ទើរក្នុងការចូលរួមចលនាថ្មីនេះ ដោយសារពួកគាត់មិនយល់ច្បាស់ពីចលនាថ្មីនេះ ថានឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់ប្រជាពលរដ្ឋនោះ៖ «ប៉ុន្តែមួយចំនួនតូចគាត់តវ៉ាគាត់មិនទាន់យល់ ពួកគាត់ត្រូវការថ្នាក់ដឹកនាំពន្យល់គាត់ឲ្យបានច្បាស់លាស់ ព្រោះការងារនៅតាមមូលដ្ឋានគាត់បាត់ព័ត៌មានច្រើនពីថ្នាក់ដឹកនាំ។ ដូច្នេះគាត់នៅរង់ចាំដោយថា គាត់មិនរុញរាទេ បើថ្នាក់ដឹកនាំកំពូលៗពួកគាត់នឹងធ្វើភ្លាម»។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ឌឹម សារឿន អះអាងថា សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមចលនាសង្គ្រោះជាតិ ដោយមិនខ្វល់ពីការចាប់ចងរបស់សមត្ថកិច្ចឡើយ។ លោក ឌឹម សារឿន បន្ថែមទៀតថា មូលហេតុដែលពួកគាត់ចូលរួមចលនាថ្មីនេះ ព្រោះរដ្ឋាភិបាលបានរុញពួកគាត់ចូលដល់ជញ្ជាំងហើយ ដូច្នោះពួកគាត់ត្រូវតែងើបឈរស៊ូដើម្បីបន្តជីវិតទៅមុខទៀត៖ «ហួសពេលខ្លាចបានន័យថាគេរំលាយយើងមានច្បាប់ពេញលេញគេនៅរំលាយយើងបាន ហើយកម្លាំងយើងរាប់រយនាក់គេរំលាយយើងបាន តែឥឡូវយើងអត់ខ្លាចដោយសារគេមិនអាចរំលាយយើងបានទេ ហើយយើងកាន់តែខ្លាចទៅៗ គេកាន់តែជិះជាន់យើងថែមទៀត ហើយជាតិយើងកាន់តែលិចលង់ទៅៗ ប្រជាពលរដ្ឋកាន់តែក្រីក្រទៅ ហើយធ្វើចំណាកស្រុកកាន់តែច្រើនទៅ ដូច្នេះយើងត្រូវតែរើបម្រាស់»។
ទោះជាយ៉ាងនេះក្ដី កន្លងមកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និយាយថា ការប្រកាសបង្កើតចលនាសង្គ្រោះជាតិ គឺមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះ តើចលនានេះបង្កើតឡើងឈរលើទិដ្ឋភាពច្បាប់ត្រឹមត្រូវដែរ ឬទេ? លោកព្រមានថា បើចលនានេះខុសច្បាប់នឹងមានវិធានការតាមច្បាប់។
ទោះជាយ៉ាងនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក ម៉ាប់ ភៀត មានប្រសាសន៍ថា ចាប់តាំងពីតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ មក សកម្មជនគណបក្សលោកមួយចំនួនបានរត់គេចខ្លួនទៅប្រទេសថៃ និងមួយចំនួនទៅលាក់ខ្លួននៅផ្ទះសាច់ញាតិនៅតាមបណ្ដាខេត្ត មិនទាន់វិលត្រឡប់មកវិញនៅឡើយ។ ក៏ប៉ុន្តែលោកអះអាងថា បើទោះបីជាប្រឈមនឹងការចាប់ខ្លួនក៏ដោយ ក៏សមត្ថកិច្ចមិនអាចហាមឃាត់សកម្មជនគណបក្សប្រឆាំងបានដែរ។
បន្ថែមពីនេះ លោកថា សកម្មជនមួយចំនួនធំកំពុងទន្ទឹងរង់ចាំសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស ដើម្បីចូលរួមចលនាថ្មីនេះជាមួយសកម្មជននៅតាមបណ្ដាខេត្តផ្សេងៗ ដោយមិនរុញរាឡើយ៖ «បើនិយាយភាសាសាមញ្ញគឺគាត់ចាប់ផ្ដើមមានសង្ឃឹមបន្តិចៗឡើងវិញហើយពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយរបស់យើងឡើងវិញ តាមរូបភាពណាដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យគាត់ជឿជាក់យើងឡើងវិញថា យើងនឹងបន្តនយោបាយ។ បើសិនជាយើងទុកនៅដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋថា យើងបាត់បង់អស់ហើយ ម្យ៉ាងទៀតមួយចំនួនថា យើងឈប់ធ្វើសកម្មភាពឡើងវិញ»។
ចលនាសង្គ្រោះជាតិ ផ្ដួចផ្ដើមដោយលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា រួមនឹងអ្នកទោសនយោបាយដទៃទៀត ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងឲ្យមានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិ៕