Quantcast
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ប្រមេរ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួប​ប្រជុំ​គ្នា

Image may be NSFW.
Clik here to view.

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចោទ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​នេះ ថា​បាន​ហាមប្រាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​មានការ​ជួប​ប្រជុំ​គ្នា​ចាប់​ពី ៥​នាក់​ឡើង​ទៅ។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​រំលោភ​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​ចែង​ថា ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ជួប​ប្រជុំ​គ្នា ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ប្រមេរ វិញ​អះអាង​ថា ការ​ហាម​មិន​ឱ្យ​ជួប​ប្រជុំ​នេះ គឺ​ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឱ្យ​ដឹង​ជា​មុន។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ថ្លែង​ថា ពួកគាត់​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​សកម្មភាព​រឹតត្បិត​របស់​អាជ្ញាធរ​មូលដ្ឋាន​មក​លើ​ពួកគាត់ ជាពិសេស គឺ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តែម្ដង ដែល​តែងតែ​តាមដាន និង​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ជួប​ប្រជុំ​គ្នា​ចាប់​ពី ៥​នាក់​ឡើង​ទៅ។

​តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ លោកស្រី ទេព ទឹម អះអាង​ប្រាប់​អាស៊ីសេរី​ថា រាល់​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួប​ប្រជុំ គឺ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រមេរ ឈ្មោះ ខុល អ៊ី តែង​ចុះទៅ​សួរនាំ និង​ហាម​ពួកគាត់​មិន​ឱ្យ​ជួប​ប្រជុំគ្នា​ឡើយ ជាពិសេស​គឺ​ការ​ជួប​ប្រជុំ​ចាប់ពី​មនុស្ស ៥​នាក់​ឡើង​ទៅ។ លោកស្រី​បន្ត​ថា សមត្ថកិច្ច​រូប​នោះ​តែង​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​ជួប​ប្រជុំ​គ្នា​ដោយ​មិន​មាន​ការ​អនុញ្ញាត ហើយ​ថា បើ​ពលរដ្ឋ​ចង់​ជួប​ប្រជុំ​គ្នា​បែប​នេះ ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​លើ មាន​ស្រុក និង​ខេត្ត​ជា​មុន​សិន។

លោកស្រី ទេព ទឹម៖ «ជួប​ជុំ​ជួន​កាល​ ១០ នាក់ ១៥​នាក់ ឬ​ក៏​ ៣ ទៅ ៤​នាក់​​ បើ​គេ​មិនឃើញ​ទើប​យើង​បាន​ជួប បើ​គេ​​ឃើញ​​គេ​​មក​ហាម​​ យើង​ក៏​ផ្អាក​សិន​ទៅ​​ ចាំ​ថ្ងៃ​ក្រោយ​ចាំ​យើង​មក​ជួប​គ្នាទៀត​ ឬ​មួយ​ក៏​ជួប​ស្ងាត់ៗ។ ជួប​គ្នាហ្នឹង​គ្មាន​​​គ្មាន​រឿង​អ្វី​ក្រៅ​ពី​រឿង​ដី​ធ្លី​ដើម្បី​​រក​​ដំណោះ​ស្រាយ​ រក​វិធីសាស្ត្រ​យ៉ាង​ម៉េច ធ្វើ​វិធានការ​ណា​​ទៀត​​ដើម្បី​ឱ្យ​បាន​ជោគ​ជ័យ​តែ​ប៉ុណ្ណឹង​ទេ។ ពួក​យើង​មិន​ដែល​ធ្វើ​អ្វី​ខុស​ទេ គ្រាន់​តែ​ទាមទារ​ដើម្បី​​មុខ​របរ​ជីវភាព​​រស់​នៅ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ កសិករ​ពិតៗ​ ឱ្យ​មាន​ដី​ស្រែ​ដី​ចម្ការ​ប៉ុណ្ណឹង​ទេ»

​លោកស្រី​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប្រមេរ បាន​លាប​ពណ៌​ពលរដ្ឋ​ថា ជា​ក្រុម​ប្រឆាំង និង​ចង់​បង្កើត​អបគមន៍ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់ ឬ​គិតគូរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ចិន នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ដើរ​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដែល​រំលោភ​យក​ដីធ្លី​កេរអាករ​របស់​ពួក​គាត់​ទៅ​វិញ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ការ​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ជួប​ប្រជុំ​គ្នា​នេះ​តែម្ដង។

​លោកស្រី​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​បែប​នេះ ថា​គឺ​ជា​ការ​ប្រើ​អំណាច​ផ្តាច់ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ និង​ជាការ​រំលោភ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ៖ «ខ្ញុំ​យល់​ឃើញ​ថា ​គេ​​​ប្រើ​អំណាច​​​​រារាំង​មិន​ឱ្យ​យើង​ជួប​ជុំ​គ្នា គេ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​យើង ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រ​៤១ ខ្ញុំ​មាន​សិទ្ធិ​ជួប​ជុំ​គ្នា ​ប្រជុំ​ចែក​រំលែក​ រក​វិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​យើង​មាន តែ​នេះ​គេ​បំបិទ​សិទ្ធិ​សេរីភាព​របស់​យើង​តែម្ដង គេ​មិន​ឱ្យ​យើង​មាន​សិទ្ធិ​ជួប​ជុំ​គ្នា។ ដោយសារ​តែ​នៅ​ទី​នេះ​វា​ក្ដៅ​គគុក​អ៊ីចឹង ឱ្យ​តែ​មាន​ការ​​ជួប​ជុំ​គ្នា គឺ​គេ​ខ្លាច​យើង​ធ្វើ​អ្វី​មួយ​ប្រឆាំង​នឹង​គេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រមេរ លោក ខុល អ៊ី អះអាង​ថា លោក​មិន​បាន​ហាមឃាត់​ពលរដ្ឋ​មិនឱ្យ​ជួប​ប្រជុំ​គ្នា​ឡើយ តែ​គ្រាន់តែ​ចង់ឱ្យ​ពលរដ្ឋ​សហការ​ផ្តល់​ព័ត៌មាន​ឱ្យ​ពួក​លោក​បានដឹង​ជាមុន ប្រសិនបើ​មាន​ការ​ជួប​ប្រជុំ។ លោក​ថា ឱ្យ​ជូន​ដំណឹង​ជាមុន​ដល់​អាជ្ញាធរ​មូលដ្ឋាន​នេះ គឺ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​បាតុភាព​ណា​មួយ​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ៖ «គ្មាន​អ្នក​ណា​ហាម​ឃាត់​​គាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​ទេ គ្រាន់​តែ​ថា គាត់​ធ្វើ​អ្វី​សូម​​ឱ្យ​អាជ្ញាធរ​គាត់​ដឹង​ផង ព្រោះ​បើ​មាន​ហានិភ័យ​អ្វី​ផ្សេងៗ​ទៅ ក្រែង​ខ្ញុំ​មិន​បាន​ដឹង​ក្នុង​នាម​ជា​អាជ្ញាធរ​ម្នាក់​ដែរ។ ខ្ញុំ​ជា​សេនាធិការ​ឱ្យ​មេ​​ឃុំ អ៊ីចឹង​បើ​មេ​ឃុំ​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​ហាម​ឃាត់​ទៅ​ហើយ​ បើ​​គាត់​អត់​សុំ​ច្បាប់​សុំ​ទម្លាប់​​ហើយ​ទៅ​ធ្វើ​សកម្មភាព​អ៊ីចឹង​​​ខ្ញុំ​គឺ​ត្រូវ​ទៅ​ហាម​ឃាត់​ហើយ»

​ទោះបីជា​យ៉ាង​ណា អ្នក​សម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព​សហគមន៍ និង​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា ពិត​ជា​មាន​ករណី​បែប​នេះ​កើត​ឡើង​នៅ​ក្នុង​ឃុំ​​ប្រមេរ​មែន។ លោក​ថា សូម្បី​តែ​បុគ្គលិក​អង្គការ​របស់​លោក​ដែល​ចុះ​ទៅ​អប់រំ​ពលរដ្ឋ​នៅ​ទី​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​តាមដាន និង​សង្កេត​គ្រប់​សកម្មភាព​ផង​ដែរ ហើយ​ពេល​ខ្លះ​អាជ្ញាធរ​ថែម​ទាំង​បាន​ចោទ​ប្រកាន់​អង្គការ​របស់​លោក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ឬ​ជា​អ្នក​ញុះញង់​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ ឱ្យ​ងើប​តវ៉ា​រឿង​ដីធ្លី​របស់​ពួកគាត់​ទៀត​ផង។

លោក ប៉ិក សោភ័ណ អះអាង​ថា នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹមសារ​ច្បាប់ ហើយ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ប្រមេរ បញ្ឈប់​សកម្មភាព​បែប​នេះ​ត​ទៅ​ទៀត៖ «ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​​យើង គឺ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ពី​សិទ្ធិ និង​កាតព្វកិច្ច​​របស់​ពលរដ្ឋ​របស់​សហគមន៍​ អ៊ីចឹង​​ពួក​គាត់​មាន​សិទ្ធិ​​​ជួប​ជុំ​ មាន​សិទ្ធិ​ពិ​ភាក្សា​ការងារ​នៅ​ក្នុង​មូលដ្ឋាន​របស់​​គាត់ ហើយ​គាត់​​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​​នយោបាយ​​​ផង​ដែរ។ អ៊ីចឹង​​កន្លែង​ត្រង់​នេះ​ពេល​អាជ្ញាធរ ឬ​ក៏​ប៉ូលិស​​ធ្វើ​បែប​នេះ បាន​ន័យ​ថា ​អាជ្ញាធរ ឬ​ក៏​ប៉ូលិស​​កំពុង​​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​ រំលោភ​ច្បាប់​ដែល​មាន​ជា​ធរមាន​មក​ដល់​បច្ចុប្បន្ន​នេះ»

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន​ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ។

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ លោកស្រី ទេព ទឹម ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ចោទ​ប្រកាន់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​បែប​នេះ​តទៅ​ទៀត។  លោកស្រី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ផង៖ «ខ្ញុំ​សំណូមពរ​សុំ​ឱ្យ​រដ្ឋាភិបាល មន្ត្រី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​​ សូម​​កុំ​ឱ្យ​មាន​ការ​រារាំង​​​ការ​ជួប​ជុំ​គ្នា​របស់​សហគមន៍​ ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី ហើយ​សូម​ឱ្យ​​ឈប់​​ចោទ​ប្រកាន់​លើ​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ដែល​ជា​អ្នក​ដឹក​នាំ​សហគមន៍​ដើម្បី​​រក​ដំណោះ​ស្រាយ​​ សូម​ឈប់​​ចោទ​ប្រកាន់​ទៅ។ សូម​ឱ្យ​​ជួយ​​អន្តរាគមន៍​ដល់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​យើង​ខ្ញុំ​​ឱ្យ​មាន​ដី​ធ្លី និង​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស សម្រាប់​​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​អនាគត»

អស់​រយៈពេល​ជាង ៥​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ ទទួល​រង​នូវ​ការ​គាប​សង្កត់ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជុំវិញ​វិវាទ​ដីធ្លី​រវាង​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ចិន ចំនួន​ពីរ គឺ​ក្រុមហ៊ុន ឡាន ហ្វេង (Lang Feng) និង​ក្រុមហ៊ុន រ៉ូយ ហ្វេង (Rui Feng)។ ទំនាស់​ដីធ្លី​នេះ​បាន​អូស​បន្លាយ​តាំង​តែ​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​នឹង​សព្វថ្ងៃ ដោយ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ឡើយ បើ​ទោះ​បី​ជា​ពួកគាត់​បាន​ព្យាយាម​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ក្ដី។

ក្តី​បំណង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ក្នុង​ឃុំ​ប្រមេរ គឺ​ចង់​ឃើញ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​របស់​ពួកគាត់​ឱ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​មាន​លទ្ធភាព​ដាំ​ដុះ​បង្កបង្កើនផល និង​ទាញ​យក​ផល​ពី​ព្រៃ​ធម្មជាតិ​ដូច​ពី​មុន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles