អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងនៅថ្ងៃទី២៤ ខែមីនា ថា ក្រសួងនៅតែរក្សាជំហរមិនទទួលយកសុពលភាពសមាជរបស់បក្សប្រឆាំងដែលធ្វើឡើងកាលពីដើមខែមីនា នោះទេ។ ការបញ្ជាក់ជំហររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនេះ ស្របពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់តាំងមន្ត្រីជំនាញឲ្យជួបពិភាក្សាជាមួយបក្សប្រឆាំងអំពីបញ្ហានេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៤ ខែមីនា ចាត់តាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ដើម្បីទទួលជួបជាមួយតំណាងរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ខាងមុខ នាទីស្ដីការក្រសួងមហាផ្ទៃ។
ការចាត់តាំងមន្ត្រីឲ្យជួបពិភាក្សាជាមួយបក្សប្រឆាំងនេះ ធ្វើឡើងមួយថ្ងៃក្រោយពីបក្សអ្នកនាំពាក្យ និងជាប្រធានគណៈកម្មាធិការគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ផ្ញើលិខិតស្នើសុំជួបជាមួយលោក ស ខេង ឬតំណាងរបស់ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សារកដំណោះស្រាយសមស្រប។
លោក ខៀវ សុភ័គ ថ្លែងថា មូលហេតុដែលលោក ស ខេង មិនជួបផ្ទាល់ជាមួយបក្សប្រឆាំង ព្រោះលោកយល់ថា ការជួបត្រឹមកម្រិតមន្ត្រីជំនាញ ឬរដ្ឋបាលគឺវាគ្រប់គ្រាន់ហើយ។
បើទោះជាមានជំនួបក្តី លោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃ នៅតែរក្សាជំហរមិនទទួលស្គាល់សុពលភាពសមាជបក្សប្រឆាំងឡើយ មានន័យថា ក្រសួងមហាផ្ទៃ មិនហ៊ានទទួលស្គាល់ប្រធាន និងអនុប្រធានបក្សប្រឆាំងដែលត្រូវបានជ្រើសរើសដោយសមាជនោះទេ៖ «លិខិតចេញទាំងប៉ុន្មានគឺអ៊ីចឹង មិនអាចទៅពិភាក្សាទទួលស្គាល់វិញ គឺមិនអាចទេ ចង់និយាយថា ឲ្យធ្វើកែតម្រូវឲ្យត្រូវ គឺមិនអាចទេ នៅតែខុសហ្នឹងផ្អែកលើមូលដ្ឋានហ្នឹង អត់មានសុំឲ្យលើកលែង ឬការទទួលស្គាល់អីអត់មានទេ អ៊ីចឹងបានថាលោកឲ្យជួបត្រឹមកម្រិតជំនាញ មិនមែនកម្រិតនយោបាយទេ»។
ប៉ុន្តែនៅពេលសួរថា តើក្រសួងមហាផ្ទៃ នឹងចាត់វិធានការយ៉ាងណាចំពោះបក្សប្រឆាំងបើក្រសួងមិនផ្ដល់សុពលភាពដល់សមាជបក្សប្រឆាំងនោះ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនទាន់អាចនិយាយរឿងនេះបានទេ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមីនា បានផ្ញើលិខិតទៅកាន់បក្សប្រឆាំង ដោយអះអាងថា សមាជបក្សប្រឆាំងបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងអនុប្រធាន ៣រូបផ្សេងទៀត គឺបានអនុវត្តផ្ទុយលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ កាលពីខែឧសភា ឆ្នាំ២០១៣ ដែលមានន័យថា គណបក្សមិនអាចជ្រើសតាំងប្រធានថ្មីក្នុងរយៈពេលតិចជាង ១៨ខែក្រោយពីការលាលែងរបស់ប្រធានបក្សចាស់នោះឡើយ។ ផ្ទុយទៅវិញ បក្សប្រឆាំងបានជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំបក្សមិនដល់ ១ខែផងក្រោយពីប្រធានចាស់ គឺលោក សម រង្ស៊ី លាលែងចេញពីតំណែងប្រធានបក្ស។
ក្រៅពីបញ្ហាលក្ខន្តិកៈគណបក្សក្នុងលិខិតផ្ញើទៅកាន់បក្សប្រឆាំងកាលពីថ្ងៃទី២២ ខែមីនា ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យបក្សប្រឆាំងដកចេញនូវចំណងជើង "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" ដែលមានចែងនៅក្នុងគោលនយោបាយអាទិភាព ៥ចំណុចរបស់បក្សប្រឆាំងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខផងដែរ។ ក្រសួងមហាផ្ទៃ អះអាងថា ចំណងជើងនេះមានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ជាពិសេសគឺផ្ទុយពីរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រនៅកម្ពុជា។
ចំណែកបក្សកាន់អំណាចវិញ ក៏កំពុងត្រៀមចាត់វិធានការផ្លូវច្បាប់ចំពោះបក្សប្រឆាំងដោយសារចំណងជើង "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សង្កត់ធ្ងន់ថា ក្រសួងនៅតែរក្សាជំហរឲ្យបក្សប្រឆាំងដកពាក្យស្លោកនេះចេញដើម្បីកុំឲ្យមានរឿងវែងឆ្ងាយទៅមុខទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ខៀវ សុភ័គ ខាងលើនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានផ្ដល់សុពលភាពដល់គណបក្សសង្គ្រោះជាតិ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដើម្បីចូលរួមប្រកួតប្រជែកការបោះឆ្នោតជាតិ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹងដល់ក្រសួងមហាផ្ទៃ រួចរាល់ហើយ អំពីការកែប្រែសមាសភាពក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សនេះ ហើយគណបក្សសង្គ្រោះជាតិ មិនតម្រូវឲ្យក្រសួងមហាផ្ទៃ ផ្ដល់សុពលភាពដល់គណបក្សសង្គ្រោះជាតិទៀតនោះឡើយ៖ «»។
លោក អេង ឆៃអ៊ាង បន្តថា គណបក្សសង្គ្រោះជាតិ បានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនត្រង់មាត្រា៤៥ និងមាត្រា៤៧ ដើម្បីបើកច្រកអោយគណបក្សមានប្រធានគណបក្សថ្មីក្នុងករណីដែលប្រធានបក្សលាលែង ឬបាត់បង់សមត្ថភាព ឬទទួលមរណភាព ដែលមានរយៈពេល ១៨ខែមុនចប់អាណត្តិ ហើយអោយមានអនុប្រធានយ៉ាងតិចមួយរូប។
ទោះជាយ៉ាងណា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងកាលពីពេលថ្មីៗនេះថា បក្សប្រឆាំងមិនដកចំណងជើងនេះចេញឡើយ ហើយនៅតែអនុញ្ញាតឲ្យសកម្មជនបក្សរបស់ខ្លួនប្រើពាក្យស្លោកនេះក្នុងពេលឃោសនាបោះឆ្នោត ដោយលោកបញ្ជាក់ថា វាគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ៕