ស្ថានភាពរបស់កម្មការិនី ៧នាក់ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះឡចំហាយនៅរោងចក្រកាត់ដេរសំលៀកបំពាក់ សិន តៃ រាជធានីភ្នំពេញ ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។
ប្រធានសហជីពស្មារតីកម្មករខ្មែរ ដែលជាសហជីពមូលដ្ឋាន លោក កឹម សុភេន បានអោយអាស៊ីសេរី ដឹងនៅម៉ោង ៧ព្រលប់ថ្ងៃទី២៤ ខែមីនា ថា កម្មការិនីទាំង ៧នាក់មិនបានធូរស្រាលទេ។ សភាពរបួសបណ្ដាលមកពីចំហាយទឹកក្ដៅបានរលាកលើដៃ ជើង និងក្បាលរបស់ពួកគេ។ ក្នុងចំណោមកម្មការិនីទាំង ៧នាក់នោះ កម្មការិនីម្នាក់ដែលមានផ្ទៃពោះ ៤ខែផង ឈ្មោះ ធី ស្រីម៉ៅ មានសភាពធ្ងន់ធ្ងរជាងគេ គឺបាក់ជើងឆ្វេងផង និងរលាកផង។
មកដល់ព្រលប់ថ្ងៃនេះ កម្មការិនី ៦នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យព្រះកុសុមៈ ឬមន្ទីរពេទ្យលោកសង្ឃ ក្រោមការរាប់រងរបស់ ប.ស.ស នៃក្រសួងការងារ។
កាលពីថ្ងៃទី២២ ខែមីនា ឡចំហាយដែលផ្ទុះនៅរោងចក្រ សិន តៃ ជាឡដុតអុស មានទំហំទទឹងប្រមាណ ១ម៉ែត្រកន្លះ និងបណ្ដោយជិត ២ម៉ែត្រកន្លះ។ កម្លាំងផ្ទុះឡនោះបានហោះពីទីតាំងដើមទម្លុះដំបូលស័ង្កសី ផ្លោងទៅត្រូវកម្មការិនីដែលកំពុងទទួលបាយថ្ងៃត្រង់ នៅចម្ងាយប្រមាណ ១០០ម៉ែត្រ ហើយបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងរបួស ៧នាក់៕