Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា នៅ​ចុង​ខែ​មីនា

$
0
0

តុលាការ​កំពូល​បាន​បើក​ការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក នី ចរិយា ក្នុង​សំណុំ​រឿង​សម​គំនិត​សូក​ប៉ាន់​សាក្សី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា។ លោក ឃឹម ប៉ុណ្ណ ដែល​ទទួល​ភារៈ​ដឹកនាំ​ការ​កាត់​ក្ដី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ជាមួយ​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​រឿង​ក្ដី​នេះ នៅ​ដំណាច់​ខែ​មីនា ខាង​មុខ។

មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ គឺ​លោក សំ សុគង់ រំពឹង​ថា នៅ​ថ្ងៃ​ប្រកាស​សាលដីកា​ដែល​នៅ​សល់​ពេល​ប្រមាណ ១​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ តុលាការ​អាច​នឹង​ពិចារណា​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដូច​ការ​ស្នើ​សុំ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​មុខ​បរិវេណ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា លោក សំ សុគង់ មាន​សុទិដ្ឋិនិយម​ថា តុលាការ​ប្រហែល​ជា​ផ្ដល់​លទ្ធភាព​ឲ្យ​លោក នី ចរិយា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដូច​ការ​ស្នើ​សុំ។ លោក​បន្ត​ថា នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​លោក​បាន​ជម្រាប​ជូន​អង្គ​សវនាការ​ថា មូលហេតុ​ដែល​លោក​ប្ដឹង​សាទុក្ខ​មក​កំពូល​នៅ​ពេល​នេះ​ប្រឆាំង​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​នោះ ព្រោះ​កូន​ក្ដី​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ត្រូវ​ការ​ពេល​ព្យាបាល​នៅ​ខាង​ក្រៅ​ជា​ចាំបាច់។ ម្យ៉ាង​ទៀត​លោក នី ចរិយា សន្យា​សហការ​ជាមួយ​តុលាការ​ជានិច្ច៖ «ខ្ញុំ​សង្ឃឹម​ថា ឯកឧត្ដម​ក្រុមប្រឹក្សា​ជំនុំជម្រះ ក៏​ដូច​ជា​លោក​ជំទាវ និង​ឯកឧត្ដម​ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​នឹង​ពិចារណា​យ៉ាង​ល្អិតល្អន់​អំពី​បញ្ហា​ផ្លូវ​ច្បាប់ ក៏​ដូច​ជា​ភស្តុតាង ហើយ​និង​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន»

លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ គ.ជ.ប និង​មន្ត្រី​សមាគម​អាដហុក (Adhoc) ចំនួន ៤​រូប​ផ្សេង​ទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦។អ្នក​ទាំង ៥ រង​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ទាក់ទិន​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​អំពើ​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

សវនាការ​ដែល​ប្រើ​ពេល​ប្រហែល​ជា ៣០​នាទី លោក ឃឹម ប៉ុណ្ណ ដែល​ទទួល​ភារៈ​កាត់​ក្តី​រឿង​នេះ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ភ្លាមៗ ទៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ក្រោយ​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​រួច។ ប៉ុន្តែ​តំណាង​មហា​អយ្យការ​លោក អ៊ុក គឹមសិទ្ធិ ជំទាស់​ទៅ​នឹង​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​របស់​លោក សំ សុគង់ ហើយ​ស្នើ​ឲ្យ​តុលាការ​រក្សា​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មេធាវី​លោក សំ សុគង់ ម្ដង​រួច​មក​ហើយ។

សំ សុគង់ ៨៥៥ ២០១៧
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth RFA/Morm Moniroth

ដោយ​ឡែក ការ​ជំទាស់​របស់​លោក អ៊ុក គឹមសិទ្ធិ នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា នេះ​វិញ ក្រៅ​ពី​ទិដ្ឋភាព​ច្បាប់​ហើយ ជាង​នេះ​ទៅ​ទៀត ការ​លើក​យក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ មក​សំអាង​ហេតុ​របស់​លោក សំ សុគង់ ត្រូវ​បាន​តំណាង​មហា​អយ្យការ​លោក អ៊ុក គឹមសិទ្ធិ យល់​ឃើញ​ថា នេះ​ជា​ការ​ដាក់​គំនាប​មក​លើ​តុលាការ។

ផ្ទុយ​ពី​នេះ លោក សំ សំគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​យល់​ឃើញ​ថា ការ​លើក​ពី​អង្គហេតុ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ មក​សំអាង​ហេតុ​គឺ​មិន​ទាន់​ខុស​អ្វី​ឡើយ​ព្រោះ​យុទ្ធនាការ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​លោក នី ចរិយា នេះ​ហើយ។ មិន​តែ​ប៉ុណ្ណោះ បើ​តុលាការ​ដោះលែង​នោះ ការ​ទាមទារ​នេះ​នឹង​ពុំ​មាន​ទៀត​ទេ ហើយ​បញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម​ដូច​អាជ្ញាធរ និង​តុលាការ​ចោទ​ប្រកាន់​នោះ​នឹង​ពុំ​មាន​ទៀត​ឡើយ៖ «យើង​ឃើញ​ថា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ គោល​បំណង​ដែល​សំខាន់​ដែល​ពលរដ្ឋ​គាត់​ព្រឹត្តិការណ៍​ថ្ងៃ​ច័ន្ទ​គឺ​គោលដៅ​គឺ​គាត់​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង។ ដោះ​លែង​មន្ត្រី​សមាគម​អាដហុក ទាំង ៤​នាក់ និង​លោក នី ចរិយា ម្នាក់​ដែរ​គឺ​គោល​បំណង​អ៊ីចឹង»

នៅ​ថ្ងៃ​បើក​សវនាការ​នេះ កម្លាំង​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​តាំង​ពី​ខាង​ក្រៅ​របង​តុលាការ​ខាង​ក្នុង​នៃ​បរិវេណ​តុលាការ និង​នៅ​ក្នុង​បន្ទប់​សវនាការ​ថែម​ទៀត​ផង។ អ្នក​កាសែត និង​អ្នក​សង្កេតការណ៍​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​ការ​ចេញ​ចូល​ស្ដាប់​ការ​កាត់​ក្ដី​ខុស​ពី​លើក​មុនៗ បើ​ទោះ​ជា​ជា​សវនាការ​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ​ក្ដី។ ទូរស័ព្ទ​ម៉ាស៊ីន​ថត​រូប និង​ថត​សំឡេង ត្រូវ​ដក​ហូត​ទាំង​អស់ សូម្បី​កាន់​ចូល​ត្រឹម​បរិវេណ​ដែល​ពុំ​មែន​ជា​បន្ទប់​ជំនុំជម្រះ​ក៏ដោយ​ចុះ។

អ្នក​ឃ្លាំមើល​សវនាការ​នៃ​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដ៏​តឹងតែង​ដូច​នេះ មិន​ត្រឹមតែ​តុលាការ​ទេ​ដែល​រង​ការ​រិះគន់ លើស​ពី​នេះ​ទៅ​ទៀត នឹង​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​អាច​នឹង​ត្រូវ​បាត់បង់​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles