Clik here to view.

សង្គមស៊ីវិលឃ្លាំមើលអំពើពុករលួយ ព្រួយបារម្ភអំពីការផ្ដល់ប័ណ្ណឲ្យជនបរទេសដែលអាចមានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសកម្ពុជា។ ការសម្ដែងក្ដីព្រួយបារម្ភនេះ ក្រោយពេលដែលសមត្ថកិច្ច ចាប់បានជនបរទេសប្រព្រឹត្តិល្មើសច្បាប់ជាច្រើននាក់ ដែលកាន់ប័ណ្ណពណ៌លឿង មានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា បើទោះប័ណ្ណលឿងដែលផ្ដល់ឲ្យជនបរទេសមិនមែនទម្រង់នៃការផ្ដល់សញ្ជាតិ ប៉ុន្តែ លោកនៅតែសម្ដែងក្ដីព្រួយបារម្ភ ដែលអាជ្ញាធរបានផ្ដល់សិទ្ធិឲ្យជនបរទេសធំធេងពេក ក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា។ លោក សន ជ័យ ផ្ដល់ទស្សនៈថា មិនគួរផ្ដល់សុពលភាពអចិន្ត្រៃយ៍ទេ គួរតែកំណត់ពេលវេលា ដើម្បីតាមដាន និងពិនិត្យមើលលក្ខណៈសម្បត្តិរបស់ជនបរទេសនោះ។ សង្គមស៊ីវិលរូបនេះ យល់ថា ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ភាពអាសន្ន និងដើម្បីផលប្រយោជន៍របស់កម្ពុជា៖ «យើងមិនគួរណាមានសុពលភាពផ្ដល់ជូនដល់ជនបរទេសជាអចិន្ត្រៃយ៍ ឬជាប់រហូតអញ្ចឹងនោះទេ ព្រោះវាអាច ឲ្យកើតមានបញ្ហា វាគួរតែមានការកំណត់ពេលវេលា ឧទាហរណ៍ ថា ៣ ឆ្នាំ ឬក៏៥ ឆ្នាំ អីជាដើម សម្រាប់យើងវាគួរតែជាការពិនិត្យមើលជាលក្ខណៈសម្បត្តិជនបរទេសនេះដែរ កុំឲ្យពួកវា អាចអសកម្ម ឬក៏មានរឿងផ្ដេសផ្ដាស រឿងទី២យើងទប់ស្កាត់ ចង់ឃើញជនបរទេសនៅកម្ពុជានឹងបំពេញកាតព្វកិច្ចឲ្យបានម៉ត់ចត់»។
Image may be NSFW.
Clik here to view.ប័ណ្ណពណ៌លឿង មានទំហំប៉ុនអត្តសញ្ញាណប័ណ្ណ មានរចនាបទប្រហាក់ប្រហែលគ្នា និងមានត្រាក្រសួងមហាផ្ទៃ ត្រូវបានអាជ្ញាធរធ្វើឡើងសម្រាប់ផ្ដល់ឲ្យជនបរទេស ឬជនអន្តោប្រវេសន្ត ស្នាក់នៅក្នុងប្រទេសកម្ពុជា។ ថ្វីត្បិតវាគ្រាន់តែជាប័ណ្ណស្នាក់នៅ ប៉ុន្តែ ប័ណ្ណនេះ អាចប្រើប្រាស់ និងស្នាក់នៅកម្ពុជា ជាអចិន្ត្រៃយ៍ គឺមានសិទ្ធិរស់នៅកម្ពុជារហូត និងកាន់រហូតមិនមានផុតកំណត់ នៃសុពលភាពប្រើប្រាស់ទេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានចែកចាយបន្តគ្នា និងខ្លះឆ្ងល់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន សម្រាប់ជនជាតិខ្មែរ មានសុពលភាពត្រឹម១០ឆ្នាំ ត្រូវផុតកំណត់ប្រើប្រាស់។ ប៉ុន្តែ សម្រាប់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍វិញ មានសុពលភាពជារៀងរហូត តើមួយណាមានតម្លៃជាង? តើមួយណា មានសិទ្ធិធំជាង? តើជនបរទេស ឬជនជាតិខ្មែរមានសិទ្ធិជាង?
ជនបរទេស ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចង់សំដៅ គឺជនជាតិចិន និងជនជាតិវៀតណាម ដែលគេសង្កេតឃើញមានកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះ និងរស់នៅយ៉ាងអនាធិបតេយ្យពាសពេញប្រទេសកម្ពុជា។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងប្រធានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ ផល បានទេ នៅថ្ងៃទី១៧ ខែមករា ដោយទូរស័ព្ទមិនចូល។ ប៉ុន្តែ ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា ប្រាប់ថា មិនបានដឹងអំពីរឿងចេញប័ណ្ណលឿង សម្រាប់ជនបរទេសនេះទេ៖ «ខ្ញុំខាងចាប់យកជនបរទេសខុសច្បាប់»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការផ្តល់ប័ណ្ណឲ្យជនបរទេសរស់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេស មិនមានអ្វីទាស់ខុសទេ បើទោះជានៅសហរដ្ឋអាមេរិកក៏មានប័ណ្ណព័ណបៃតងសម្រាប់ជនបរទេសស្នាក់នៅដែរ។ ក៏ប៉ុន្តែ លោកបារម្ភពីគណៈកម្មការពិនិត្យ និង វាយតម្លៃជនបរទេស ដើម្បីផ្ដល់ប័ណ្ណឲ្យស្នាក់នៅប្រទេសកម្ពុជាអចិន្ត្រៃយ៍ អាចមានភាពសុក្រឹតភាព ដែលអាចទទួលយកបានដែរឬទេ? លោកមើលឃើញថា ក្ដីបារម្ភនោះ គឺគណៈកម្មការបានពិនិត្យ និងវាយតម្លៃជនបរទេសបានកម្រិតណា ព្រោះប័ណ្ណលឿងស្នាក់នៅអចិន្ត្រៃយ៍នេះ គឺជាជំហាននៃការផ្ដល់សញ្ជាតិឲ្យជនបរទេស៖ «យើងបារម្ភពីការងារអនុវត្តទៅការបំពេញឲ្យប័ណ្ណលឿងជនបរទេសនេះដែលជន បរទេស និងពលរដ្ឋជនអន្តោប្រវេសន៍មិនត្រឹមត្រូវ បើផ្ដល់ឲ្យមានន័យថាជនទាំងនោះស្របច្បាប់ផ្ដល់ការមិនស្របច្បាប់ ដល់ពេលវេលាណាមួយហើយបើសិនជាយើងមិនផ្ដល់ដោយមិនត្រូវតាមនីតិវិធី សុក្រឹតត្រឹមត្រូវ មុននឹងផ្ដល់ប័ណ្ណនេះទេវាអាចប្រឈមនៅថ្ងៃមុខ»។
ក្រៅពីជនជាតិវៀតណាម ដែលសំបួររស់នៅតាមមាត់ទន្លេ និងលើទឹកទន្លេ ក្នុងប្រទេសកម្ពុជា ពលរដ្ឋ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ បានសម្ដែងក្ដីព្រួយបារម្ភ អំពីកំណើនជនជាតិចិន រស់នៅខេត្តព្រះសីហនុ៕