Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​នឹង​បើក​សវនាការ​សំណុំ​រឿង​សកម្មជន​មាតា​ធម្មជាតិ​២​រូប​នៅ​សប្ដាហ៍​ក្រោយ

$
0
0

តុលាការ​ខេត្ត​កោះកុង គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប នៅ​ថ្ងៃ​ទី​២៥ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប លោក​ សំ ចំរើន អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​តតាំង​រឿង​​ក្តី​នេះ​ ហើយ​និង​ខំ​​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដើម្បី​រក​យុត្តិធម៌​ជូន​កូន​ក្តី​របស់​លោក៖ «វា ៩០​ភាគរយ​ហើយ​កម្មវិធី​នៅ​ថ្ងៃ​នោះ ព្រោះ​យើង​បាន​ដាក់​ពាក្យ​ច្រើន​ជំរុញ​ទៅ​ព្រះរាជអាជ្ញា និង​ចៅក្រម​ផង ដើម្បី​ចាត់​ការ​រឿ​ង​នេះ​ឱ្យ​បាន​ឆាប់​ ព្រោះ​យើង​ឃើញ​ថា វា​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ខ្ញុំ​ត្រៀម​រួច​រាល់​អស់​ហើយ ដើម្បី​ការពារ​ក្តី​រឿង​នេះ​ឱ្យ​បាន​ពេញ​លេញ​ និង​គ្រប់​ជ្រុងជ្រោយ ព្រោះ​យើង​បាន​តាម​ដាន​រឿង​នេះ​តាំងពី​ដំបូង​ អ៊ីចឹង​យើង​គិត​ថា យើង​យល់​រឿង​ក្តី​នេះ​បាន​ច្រើន»

សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ ២​រូប​ គឺ​លោក​ ហ៊ុន វណ្ណៈ និង​លោក​ ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ​កញ្ញា ឆ្នាំ​២០១៧ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​បាន​ជិះ​ទូក​ថត​រូបភាព​ និង​វីដេអូ កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

សកម្មជន​បរិស្ថាន​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣​ឆ្នាំ។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​ច្បាប់​ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ដាក់​ពន្ធនាគារ​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន​ដែល​ហ៊ាន​ចេញ​មុខ​តស៊ូ​មតិ​រឿង​ការពារ​ធនធាន​ធម្មជាតិ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ហៅ​​សកម្មជន​ទាំង​ពីរ​រូប​ថា ​ជា​អ្នក​ទោស​មនសិការ​​ និង​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ដោះលែង​អ្នក​ទាំងពីរ​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles