សហគមន៍ការពារព្រៃឈើអណ្ដូងបរ នៅឃុំបេង នៃស្រុកបន្ទាយអំពិល រិះគន់ថា អង្គភាពយោធាជាច្រើនផ្នែក ដែលចូលទៅយកដីព្រៃរបស់សហគមន៍ដោយសំអាងថា យកទៅធ្វើជាទីតាំងដើម្បីការពារព្រំដែននោះ បច្ចុប្បន្នគឺអាចមិនយកទៅធ្វើជាមូលដ្ឋានយោធាទាំងអស់ទេ។
សហគមន៍បានរកឃើញថា សព្វថ្ងៃនេះផ្ទៃដីខ្លះដែលទាហានហួងហែងក្រៅតែពីមានអ្នកចូលទៅសង់ផ្ទះរស់នៅក៏មានធ្វើជាទីលានទទួលទិញដំឡូងមី ហើយផ្ទៃដីខ្លះទៀតត្រូវគេយកទៅជួលឱ្យអ្នកមកពីតំបន់ផ្សេងភ្ជួរដាំដំឡូងមីជាដើម។
តំណាងសហគមន៍ការពារព្រៃឈើអណ្ដូងបរ ក្នុងខេត្តឧត្តរមានជ័យ អំពាវនាវឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម គួរពិនិត្យមើលឡើងវិញទៅលើអង្គភាពយោធាជាច្រើនផ្នែកដែលចូលទៅបោះទីតាំងយកដីព្រៃសហគមន៍នោះ តើពិតជាយកទៅបម្រើការងារការពារព្រំដែនមែន ឬក៏ដីខ្លះត្រូវបុគ្គលមានអំណាចយកទៅធ្វើកម្មសិទ្ធិឯកជន?
ការអំពាវនាវរបស់សហគមន៍ព្រៃឈើបែបនេះ ធ្វើឡើងបន្ទាប់ពីគេរកឃើញថា ដីព្រៃរបស់សហគមន៍ជាច្រើនពាន់ហិកតារ ដែលទាហានចូលទៅកាន់កាប់ដោយថា ធ្វើជាមូលដ្ឋានយោធាការពារព្រំដែនខ្មែរជាប់ នឹងថៃនោះ បច្ចុប្បន្នគឺផ្នែកខ្លះមានការសង់ផ្ទះទំនើបៗ និងខ្លះទៀតបានជួលទៅឱ្យអ្នកមកពីតំបន់ផ្សេងភ្ជួរធ្វើជាចម្ការដំឡូងមីទៅហើយ។
ប្រធានសហគមន៍ការពារព្រៃឈើអណ្ដូងបរ គឺលោក កើត ម៉ាប់។ លោកអះអាងថា កាលពីអំឡុងខែឧសភា ឆ្នាំ២០០៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងប្រគល់ដីព្រៃទំហំជាង ៦.០០០ហិកតារ មកឱ្យសហគមន៍របស់លោកការពារ។ ចាប់ពីអំឡុងឆ្នាំ២០១១ នៅពេលដែលទំនាស់ព្រំដែនខ្មែរ-ថៃ ជិតប្រាសាទព្រះវិហារ កើតឡើង គឺមានអង្គភាពយោធាជាច្រើនបានបញ្ជូនទៅនៅក្នុងតំបន់ព្រៃរបស់លោក ហើយនៅឆ្នាំ២០១៤ កងទាហានដែលនៅក្នុងតំបន់ព្រៃសហគមន៍នោះ បានចាប់ផ្ដើមហាមឃាត់តឹងតែងមិនឱ្យសហគមន៍ចូលទៅមើលព្រៃឈើទេ។
លោក កើត ម៉ាប់ បញ្ជាក់ថា កាលណោះទាហានបានកាប់រានយកដីព្រៃបណ្ដើរៗ ដោយគេអះអាងថា យកទៅធ្វើជាទីតាំងការពារព្រំដែន ប៉ុន្តែកាលពីសប្ដាហ៍មុនលោកបានចូលទៅពិនិត្យមើលព្រៃសហគមន៍ម្ដងទៀត មិនឃើញមានមូលដ្ឋានយោធាទេ បែរជាឃើញកន្លែងខ្លះត្រូវគេសង់ផ្ទះទំនើបៗ និងកន្លែងខ្លះទៀតធ្វើជាស្តង់ទិញដំឡូងមី ដោយខ្លះជួលឱ្យប្រជាពលរដ្ឋមកពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ភ្ជួរធ្វើចម្ការដំឡូងមីផង៖ «កន្លែងដែលគេថា សម្រាប់កាំភ្លើងធំកាលពីឆ្នាំ២០១៣ ឥឡូវកើតជាស្តង់ទទួលទិញដំឡូងមី។ កន្លែងមួយមានម្ចាស់ឈ្មោះ អាត់ ធា បានជួលទៅឱ្យថៃ ឯកន្លែងមួយទៀតម្ចាស់ឈ្មោះ ឈាន ឆន ជួលឱ្យអ្នកមកពីស្រុកថ្មពួក»។
ប្រធានសហគមន៍ការពារព្រៃឈើអណ្ដូងបរ ដដែលរិះគន់ថា បើទាហានយកតំបន់ព្រៃសហគមន៍ធ្វើជាបន្ទាយយោធា ហេតុអ្វីបានជាកាប់រានព្រៃអស់ ហើយម្យ៉ាងទៀតយកដីព្រៃសហគមន៍ទៅជួលឱ្យអ្នកធ្វើចម្ការដំឡូងមីដូច្នេះ គឺមិនត្រឹមត្រូវទេ។
អាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទមេបញ្ជាការយោធា ដែលប្រចាំនៅតំបន់ព្រៃសហគមន៍នោះ ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់របស់សហគមន៍បានថា យ៉ាងណានៅឡើយនៅថ្ងៃទី២៣ ខែមីនា។
ចំណែកអភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង បានច្រានចោលថា ការចោទប្រកាន់របស់សហគមន៍ទៅលើទាហានថា យកដីព្រៃចែកគ្នា និងជួលឱ្យអ្នកផ្សេងធ្វើចម្ការដំឡូងមីនោះ គឺជារឿងមិនពិតទេ។ លោក ហាំង ម៉េង បញ្ជាក់ថា តាមពិតដីព្រៃសហគមន៍ជាច្រើនពាន់ហិកតារនោះ គឺរដ្ឋមានគោលនយោបាយចែកឱ្យគ្រួសារកងទ័ពសង់ផ្ទះរស់នៅផង ព្រមទាំងតំបន់ខ្លះធ្វើជាមូលដ្ឋានយោធាផង។ ឯរឿងដែលថា មានដីខ្លះជួលឱ្យអ្នកផ្សេងភ្ជួរដាំដំឡូងមីនោះ ប្រហែលជាគ្រួសារយោធាខ្លះ ដែលមិនទាន់មានលទ្ធភាពធ្វើកសិកម្មខ្លួនឯងក៏ជួល ឬប្រវាស់ទៅឱ្យអ្នកផ្សេង៖ «បើយើងស្ដាប់តែមួយចំហៀង ដែលគ្រាន់តែមើលឃើញធ្វើម៉េចវានឹងត្រឹមត្រូវ។ ឥឡូវនេះខាងមន្ត្រីរដ្ឋាភិបាលបានទៅធ្វើផ្ទះជូនគ្រួសារកងទ័ពបានប្រហែលជាមួយខ្នងហើយហ្នឹង»។
ទោះជាយ៉ាងណាអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ខ្លះ បានអះអាងប្រហាក់ប្រហែលនឹងសហគមន៍ការពារព្រៃឈើដែរ ថាព្រៃសហគមន៍អណ្ដូងបរ រាប់ពាន់ហិកតារ ដែលទាហានចូលកាន់កាប់នោះ គេហាក់ដូចជាមិនឃើញធ្វើមូលដ្ឋានយោធាឱ្យធំដុំទេ ហើយផ្ទៃដីខ្លះមានអ្នកភូមិចូលសង់ផ្ទះ និងជួលទៅឱ្យអ្នកមកពីខេត្តផ្សេងភ្ជួរដាំដំឡូងមែន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែមីនា លោកបានធ្វើដំណើរចូលទៅតំបន់ព្រៃសហគមន៍អណ្ដូងបរ នោះ ហើយឃើញកន្លែងខ្លះមានសង់ផ្ទះថ្មីៗ ព្រមទាំងកន្លែងខ្លះទៀតគេជួលឱ្យអ្នកមកពីស្រុកថ្មពួក កាប់រានព្រៃ និងភ្ជួរដីដាំដំឡូងមែន៖ «នៅតាមច្រកចូលសុទ្ធតែទាហានយាម ប៉ុន្តែចូលដល់ក្នុងសុទ្ធតែចម្ការ មានអ្នកថ្មពួក ដឹកដើមដំឡូងមីមកដាំជាហូរហែ»។
អតីតមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេងបានអះអាងថា ជាការពិតតំបន់ព្រៃសហគមន៍អណ្ដូងបរ ដែលទាហានកាន់កាប់នោះ មិនសូវឃើញមានធ្វើបន្ទាយការពារព្រំដែនទេ ភាពពិតផ្ទៃដីភាគច្រើនប្រហែលជាគេចែកគ្នា ហើយជួលឱ្យអ្នកដាំដំឡូង។ អតីតមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដដែលបញ្ជាក់ថា តំបន់នោះសូម្បីតែលោកជារដ្ឋបាលព្រៃឈើក៏ចូលទៅមិនបានដែរ គឺទាហានរារាំង ប៉ុន្តែដល់ចូលទៅមើលឃើញហាក់ដូចជាមិនមានទីតាំងយោធាធំដុំទេ។
សហគមន៍ព្រៃឈើជាច្រើនក្នុងខេត្តឧត្តរមានជ័យ និយាយថា ដីព្រៃការពារជាច្រើនពាន់ហិកតារបានបាត់បង់ជាបន្តបន្ទាប់ដោយសារតែទាហាន និងអ្នកមានអំណាចចូលទៅដណ្ដើមកាន់កាប់។
ប្រធានសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល លោក ត្រេន ត្រៃ ឱ្យដឹងថា ព្រៃសហគមន៍របស់លោកទំហំជាង ១.០០០ហិកតារ បច្ចុប្បន្នបានបាត់បង់ជាង ១០០ហិកតារទៅហើយ ដោយសារតែទាហាន និងអ្នកមានអំណាចដណ្ដើមយក។
នៅក្នុងខេត្តឧត្តរមានជ័យ ទាំងមូលមានសហគមន៍ការពារព្រៃឈើចំនួន ១៣កន្លែង ក៏ប៉ុន្តែបច្ចុប្បន្នមានសហគមន៍ខ្លះ បានរលាយខ្លួនបាត់តែម្ដង ដោយសារតែមានជនចំណាកស្រុកទាហាន ព្រមទាំងអ្នកមានអំណាចខ្លះ ដណ្ដើមកាន់កាប់ដីធ្វើជាកម្មសិទ្ធិ ហើយនៅពេលសហគមន៍ដាក់បណ្ដឹងទៅអាជ្ញាធរខេត្ត និងថ្នាក់រដ្ឋាភិបាលជាដើម ប៉ុន្តែមិនឃើញមានអ្នកចុះទៅដោះស្រាយសោះនោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនគួរព្រងើយកន្តើយដូច្នេះទេ ពីព្រោះកាលពីប្រគល់ព្រៃទៅឱ្យសហគមន៍ការពារ គឺមានចុះហត្ថលេខាប្រគល់ត្រឹមត្រូវ ប៉ុន្តែដល់ពេលមានការយកទៅធ្វើជាមូលដ្ឋានយោធា ឬក៏ចែកឱ្យគ្រួសារកងទ័ពជាដើមនោះ គួរតែមានលិខិតជូនដំណឹង ឬក៏ប្រកាសដកហូតឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកុំឱ្យសហគមន៍ចំណាយពេលវេលាក្នុងការដើរតវ៉ាសព្វទីកន្លែងដូចបច្ចុប្បន្ននេះ៕