ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់សមត្ថកិច្ចមូលដ្ឋាននៅស្រុកនេះ ថាមិនទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប។ ពលរដ្ឋអះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍យ៉ាងកាវ ឬការអូសអួន កើតមានជាច្រើនកន្លែង និងដោយសេរីនៅតំបន់បឹងទន្លេសាប។
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បញ្ជាក់ថា លោកកំពុងញាប់ដៃញាប់ជើងធ្វើការងារនេះ។
ប្រជានេសាទនៅស្រុកឯកភ្នំ កំពុងព្រួយបារម្ភខ្លាចហិនហោចត្រីនៅតំបន់បឹងទន្លេសាប ហើយប៉ះពាល់ដល់របរធ្វើនេសាទប្រចាំថ្ងៃរបស់ពួកគាត់។
ប្រជានេសាទម្នាក់រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក អ៊ន អឿន ឲ្យដឹងនៅថ្ងៃទី២៣ ខែមីនាថា ទូកកាណូតធំៗជាច្រើនគ្រឿងរបស់ក្រុមអ្នកមានលុយធ្វើនេសាទដោយប្រើឧបករណ៍យ៉ាងកាវ គឺការអូសអួនចម្ងាយប្រមាណ ៥០០ម៉ែត្រក្នុងមួយកន្លែង កំពុងធ្វើសកម្មភាពនៅបឹងទន្លេសាបក្នុងភូមិក្បាលតោល យ៉ាងគគ្រឹកគគ្រេង ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយទេ។
លោកអះអាងថា ការធ្វើនេសាទខុសច្បាប់នេះ ដោយសារសមត្ថកិច្ចមូលដ្ឋានឃុបឃិតគ្នាជាមួយអ្នកមានលុយ៖ «គេបណ្ដាក់គ្នាចេញធ្វើនេសាទម្ដងៗកាណូតប្រហែល ១០គ្រឿង ហើយសមត្ថកិច្ចមិនទប់ស្កាត់សោះ។ ចំពោះអ្នកនេសាទតូចតាច ដូចជាដាក់មងជាដើម គេបើកកាណូតកាត់ខ្ទេចខ្ទីគ្មានសល់ ឲ្យនៅជិតមិនបានទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភា មានប្រសាសន៍ថា មន្ត្រីជលផលពុំមានពាក់ព័ន្ធនឹងការធ្វើនេសាទខុសច្បាប់ទាំងនោះឡើយ ហើយលោកថា សមត្ថកិច្ចក៏កំពុងមមាញឹកទប់ស្កាត់បញ្ហានេះដូចគ្នា៖ «ឥឡូវខ្ញុំមកដល់ផ្ទាល់ហើយបាទ! ហើយយប់មិញខ្ញុំឃ្លាំមើលអស់មួយយប់ហើយ ហើយព្រឹកមិញសមត្ថកិច្ចរបស់ពួកខ្ញុំក៏ចាប់បានកាណូតនេសាទមួយក្រុមធំដែរ»។
ទោះជាយ៉ាងនេះក្ដី តំណាងប្រជានេសាទខេត្តបាត់ដំបង លោក ហុន ហាន កត់សំគាល់ថា កន្លងទៅយុទ្ធនាការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់របស់សមត្ថកិច្ច ភាគច្រើនធ្វើឡើងបែបគោះទឹកបង្អើលត្រី គឺគ្មានប្រសិទ្ធភាពឡើយ។ លោកស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធដកមន្ត្រីប្រចាំការនៅតំបន់បឹងទន្លេសាប ឲ្យអស់ ហើយដាក់អ្នកថ្មីជំនួសវិញ និងមានវិធានការឲ្យបានតឹងរ៉ឹងជាងពេលបច្ចុប្បន្ន៖ «ខ្ញុំមិនចង់ឲ្យមានតទៅទៀត បើកាលណាមានតទៅ គឺបទល្មើសនៅតែមិនចេះអស់ទេ។ ម្យ៉ាងទៀតសមត្ថកិច្ចប្រាប់លេខទូរស័ព្ទរបស់មន្ត្រីអន្តរក្រសួង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីរាយការណ៍ប្រាប់ ហើយសមត្ថកិច្ចចុះទប់ស្កាត់បានទាន់ពេល»។
របាយការណ៍ក្រុមប្រឹក្សាស្រុកឯកភ្នំ ឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបស្រុកមួយនេះ ប្រមាណ ៣ពាន់គ្រួសារ (៣.២០០) រស់នៅពឹងផ្អែកទាំងស្រុងទៅលើរបរធ្វើនេសាទរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ឲ្យបានទាន់ពេលទេ ត្រីនៅតំបន់បឹងទន្លេសាប នឹងហិនហោចក្នុងពេលឆាប់ៗ ហើយនឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់៕