បើទោះជាមានការព្រួយបារម្ភដោយសារការកំហិតរបស់រដ្ឋាភិបាលឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បញ្ចុះអត្រាការប្រាក់ក៏ដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់នៅថ្ងៃទី២៣ ខែមីនា ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនព្រួយបារម្ភនោះទេ តែត្រូវចំណាយត្បិតត្បៀតជាងមុន ពិសេសការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក។
វិស័យមីក្រូហិរញ្ញតម្លៃជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាប្រធានបទដ៏ចាប់អារម្មណ៍មួយនៃការពិភាក្សាចាប់ពីថ្ងៃទី១៣ ខែមីនា ក្រោយពេលរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា បានបញ្ជាឲ្យគ្រឹះស្ថានដែលវិនិយោគរកស៊ីក្នុងវិស័យនេះ បញ្ចុះអត្រាការប្រាក់ត្រឹម ១៨ភាគរយក្នុងមួយឆ្នាំ។ ការបញ្ចុះអត្រាការប្រាក់ពី២០ ទៅ ៣០ភាគរយ ដែលគ្រឹះស្ថានទាំងនេះ កំណត់យកពីអតិថិជនរបស់ខ្លួននៅពេលបច្ចុប្បន្ន។
នៅសល់ចំនួនបីសប្ដាហ៍ទៀត ពោលចាប់ពីថ្ងៃទី១ ខែមេសា តទៅ អតិថិជនដែលស្នើសុំខ្ចីប្រាក់ ឬសុំខ្ចីប្រាក់ឡើងវិញ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបង់អត្រាការប្រាក់យ៉ាងច្រើនបំផុត ១៨ភាគរយ ក្នុងមួយឆ្នាំ ឬប្រមាណ ១,៥ភាគរយ ក្នុងមួយខែ។
ប្រជាពលរដ្ឋដែលភាគច្រើនរស់នៅតាមទីជនបទប្រមាណ ២លាននាក់ កំពុងជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ កសិករទទួលបានប្រាក់កម្ចីទំហំតូចចាប់ពី ១០០ដុល្លារ ដល់ ១.០០០ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
នៅប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៨៣ កំពុងប្រតិបត្តិការក្នុងនោះគ្រឹះស្ថានធំៗចំនួន១០ តំណាងប្រភពទុន ៩០ភាគរយ នៃការវិនិយោគ ៣ពាន់លានដុល្លារនេះ។
អ្នកសេដ្ឋកិច្ចព្រួយបារម្ភថា គ្រឹះស្ថានតូចៗជាច្រើនទៀត ដែលមិនមានទុនបម្រុងគ្រប់គ្រាន់អាចនឹងបិទទ្វារ ឬឈប់ឲ្យមានកម្ចីទំហំតូចដោយសារចំណាយផ្នែកប្រតិបត្តិការថ្លៃពេក។
អ្នកឯកទេសផ្នែកសេដ្ឋកិច្ចជនបទ លោក ង៉ែត ជូ វិភាគថា ប្រសិនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ផ្ដើមអនុវត្តអត្រាការប្រាក់ដែលបានកំណត់ថ្មី មិនអាចទទួលបានប្រាក់ចំណេញ ឬប្រាក់ទូទាត់ថ្លៃចំណាយគ្រប់គ្រាន់ ពួកគេអាចនឹងបញ្ឈប់ការឲ្យខ្ចីប្រាក់ទំហំតូច ហើយបើវាកើតឡើងមែន គឺកសិករ ឬអ្នកក្រីក្រនេះឯង នឹងត្រូវរត់ទៅរកខ្ចីបុលប្រាក់ពីគ្រឹះស្ថានក្រៅផ្លូវការ ឬអ្នកចងការប្រាក់តាមភូមិដែលយកអត្រាការប្រាក់ថ្លៃជាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលពេលខ្លះយករហូតដល់ ១០០ភាគរយ ក្នុងមួយឆ្នាំ។ ស្ថានភាពនេះហើយដែលអ្នកសេដ្ឋកិច្ច ព្រមានពីការធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំងរបស់ប្រជាពលរដ្ឋដោយសារប្រាក់បំណុល។ ក៏ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុ មិនព្រួយបារម្ភថា គ្រឹះស្ថានតូចៗដទៃ នឹងដួលរលំដោយសារការរកស៊ីមិនចំណេញ បន្ទាប់ពីបញ្ចុះអត្រាការប្រាក់នោះទេ។
លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ការមិនព្រួយបារម្ភនេះ បន្ទាប់ពីអ្នកវិនិយោគបង្ហាញជំហរវិជ្ជមាន និងជឿជាក់លើវិស័យនេះ៖ «នឹងមិនមានបញ្ហាទេ។ ពិនិត្យមើលតម្លៃប្រតិបត្តិការ ដើម្បីទប់ទល់នឹងការចំណាយ...»។
លោកពន្យល់ថា នៅពេលយកអត្រាការប្រាក់ ១៨ភាគរយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកហិរញ្ញវត្ថុ ដូចជាបុគ្គលិកម្នាក់ ត្រូវមានសមត្ថភាពគ្រប់គ្រងប្រាក់កម្ចីចន្លោះពី ៣០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ដែលបច្ចុប្បន្ន ម្នាក់កាន់ប្រាក់កម្ចី ២០ម៉ឺនដុល្លារ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យដឹងថា ប្រសិនបើកម្ចីចាប់ពី ៣ពាន់ដុល្លារឡើងទៅ ការយកអត្រាការប្រាក់ ១៨ភាគរយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអាចរកប្រាក់ចំណេញដដែល ក៏ប៉ុន្តែចំពោះប្រាក់កម្ចីក្រោម ៣ពាន់ដុល្លារ ពិបាករកប្រាក់ចំណេញ តែគ្រឹះស្ថាននឹងមិនបោះបង់កម្ចីខ្នាតតូចនោះទេ។
លោក ហួត អៀងតុង បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ នឹងមិនដួលដោយសារការបញ្ចុះអត្រាការប្រាក់នោះទេ៖ «នៅរឹងមាំដដែល តែត្រូវបត់បែនតាមស្ថាប័នរៀងៗខ្លួន...»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបជាមួយធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីនេះ ដើម្បីជជែកពីយុទ្ធសាស្ត្រ ដែលត្រូវធ្វើនៅពេលអនុវត្តការពិតានអត្រាការប្រាក់ ១៨ភាគរយនេះ។
បើតាមលោក ហួត អៀងតុង ធនាគារជាតិ ទទួលយកការស្នើសុំការបន្ធូរបន្ថយថ្លៃអាជ្ញាប័ណ្ណផ្ដល់ឥណទានផ្ទាល់ ការលើកចេញប្រាក់តម្កល់ទៅពិចារណាដែលលោក អៀងតុង រំពឹងថា នឹងទទួលបានព័ត៌មាននៃការសម្រេចទាំងនេះនៅសប្ដាហ៍ខាងមុខ។
ពេលការកំណត់នេះចេញភ្លាមៗ អ្នកសេដ្ឋកិច្ចយល់ថា វានឹងប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ ដែលអាចដកការវិនិយោគវិញ ដោយភ័យថា ប្រាក់ចំណេញអាចថយចុះក្រោយពេលបញ្ចុះអត្រាការប្រាក់៕