Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ការ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​ឡ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​​មិន​មាន​លទ្ធផល

$
0
0

ការ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​ឡ​ចំហាយ​របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ឈ្មោះ សិន តៃ នៅ​រាជធានី​ភ្នំពេញ ដែល​សម្លាប់​កម្មការិនី​ម្នាក់ និង​របួស ៧​នាក់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា នៅ​មិន​ទាន់​ចេញ​លទ្ធផល​ទេ។ ខាង​សហជីព​ថា ករណី​នេះ​ថ្មី​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់ខ្ពស់។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡ​នៅ​រោងចក្រ សិន តៃ ថា ហេតុការណ៍​នេះ​ជា​ករណី​ថ្មី​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​ការ​ប្រើ​ឡ​ចំហាយ​នេះ៖ «ខ្ញុំ​មើល​ឃើញ​ថា វា​ជា​ហេតុការណ៍​ថ្មី​មួយ ដែល​មន្ត្រី​ក្រសួង ឬ​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចុះ​ពិនិត្យ ទៅ​ដល់​រោងចក្រ​ទាំង​អស់ ដែល​មាន​ការ​ប្រើប្រាស់​​បំពង់​ហ្គាស ឬ​ប្រើប្រាស់​ហ្គាស ឬ​ក៏​ប្រើ​ឧបករណ៍​ដែល​ពាក់ព័ន្ធ​ទៅ​ហ្នឹង​សុវត្ថិភាព ដែល​អាច​ពាក់ព័ន្ធ​ទៅ​ដល់​កម្មករ​ហ្នឹង ធ្វើ​ម៉េច​សុំ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​រៀបចំ​ប្រព័ន្ធ​ការពារ​របៀប​ម៉េច ដើម្បី​ចៀសវាង​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ដូច​ដែល​បាន​កើត​ឡើង​នៅ​រោងចក្រ​មួយ​កាល​ពី​ម្សិលមិញ។ វា​ត្រូវ​ការ​ប្រើប្រាស់​ច្រើន មាន​ច្រើន​បច្ចេកទេស ដែល​ត្រូវ​ប្រើប្រាស់ រោងចក្រ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ដែល​ប្រើ ហើយ​យើង​អត់​ដែល​ចាប់​អារម្មណ៍ ឬ​ពិនិត្យ​ទៅ​លើ​របស់​ទាំង​អស់​ហ្នឹង»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់​ថា មាន​កម្មការិនី​ម្នាក់​ស្លាប់​ម្នាក់​របួស​ធ្ងន់ និង ៦​នាក់​ផ្សេង​ទៀត​របួស​ស្រាល ដោយសារ​ការ​ផ្ទុះ​ឡ​ដុត​អុស​យក​ចំហាយ​របស់​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ សិន តៃ កម្ពុជា (Zhen Tai Garment (Cambodia) Co., Ltd) ដែល​ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​នោះ។

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា ក្រសួង​រ៉ាប់រង​ជួយ​ជន​រង​គ្រោះ​ដែល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ក្រោម​កម្មវិធី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស។ ចំណែក​អ្នក​ស្លាប់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ស្វាយរៀង។

ទាក់ទង​នឹង​មូលហេតុ​នៃ​ករណី​ផ្ទុះ​ឡ​ដុត​យក​ចំហាយ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ សិន តៃ កម្ពុជា នោះ ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​បន្ទុក​បច្ចេកទេស​វិទ្យាសាស្ត្រ លោក ភោគ សុវណ្ណរិទ្ធិ បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មីនា ថា ខាង​លោក​នៅ​មិន​ទាន់​បញ្ចប់​របាយការណ៍​សន្និដ្ឋាន​នៅ​ឡើយ​ទេ៖ «ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​មើល​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​មក​វិញ។ ដល់​អ៊ីចឹង រង់ចាំ​ឲ្យ​បាន​របាយការណ៍​មក​វិញ​សិន បាន​អាច​សន្និដ្ឋាន​បាន​ថា វា​កើត​ឡើង​ដោយ​សារ​អី»

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា រហូត​​មក​ដល់​ម៉ោង​នេះ មាន​រោងចក្រ​នៅ​កម្ពុជា ជា​ច្រើន កំពុង​ប្រើប្រាស់​ឡ​ដុត​យក​ចំហាយ​សម្រាប់​គោល​បំណង​ច្រើន​យ៉ាង។

លោក​ផ្ដល់​អនុសាសន៍​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ពី​សុវត្ថិភាព​ជា​មុន​ចំពោះ​ឡ​នៅ​តាម​រោងចក្រ​ទាំង​នោះ៖ «រោងចក្រ​មួយ​ចំនួន​កំពុង​តែ​ប្រើប្រាស់​ឧបករណ៍​ហ្គាស ឬ​បំពង់​ហ្គាស។ អ៊ីចឹង​ថា​តើ​ឧបករណ៍​ហ្នឹង​វា​ថ្មី ឬ​ក៏​វា​ចាស់ ហើយ​ការ​ប្រើប្រាស់​ហ្នឹង​មាន​ការ​ទទួល​ស្គាល់​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ពី​ស្ថាប័ន​ជំនាញ​ឬ​អត់? ដូច្នេះ​ទាំង​អស់​នេះ ជា​ហេតុផល​ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​ការ​កើត​ឧប្បត្តិហេតុ​ហ្នឹង​ទៀត»

លោក​ថ្លែង​ទៀត​ថា ស្រប​ពេល​ដែល​រោងចក្រ​មិន​អាច​ចៀសវាង​ការ​ប្រើប្រាស់​ឡ​ចំហាយ​ទាំង​នេះ​បាន រោងចក្រ​គួរ​មាន​វិធានការ​សាងសង់​របាំង​ដែក​រឹងមាំ ដើម្បី​កុំ​ឲ្យ​ខ្ទាត​ត្រូវ​កម្មករ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​នោះ។

ឡ​ចំហាយ​ដែល​ផ្ទុះ​នៅ​រោងចក្រ សិន តៃ ជា​ឡ​ដុត​អុស មាន​ទំហំ​ទទឹង​ប្រមាណ ១​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ជិត ២​ម៉ែត្រ​កន្លះ។ មាន​របាយការណ៍​ថា ពេល​ផ្ទុះ​ឡ​នោះ​បាន​ហោះ​​ពី​ទីតាំង​ដើម ទម្លុះ​ដំបូល​ស័ង្កសី ផ្លោង​ទៅ​ត្រូវ​កម្មការិនី ដែល​កំពុង​ទទួល​បាយ​ថ្ងៃ​ត្រង់ នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ហើយ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង និង​របួស ៧​នាក់។ ក្នុង​នោះ​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles