សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មិនទាន់ហ៊ានសន្និដ្ឋាន ឬរកមូលហេតុផ្ទុះកន្លែងផលិតកាំជ្រួចមួយកន្លែង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅឡើយទេ។ សមត្ថកិច្ចអះអាងថា នឹងបើកការស៊ើបអង្កេតស៊ីជម្រៅលើករណីផ្ទុះនេះ ក្រោយពីក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីជូនស្ត្រីរងគ្រោះ ដែលជាម្ចាស់ផ្ទះផលិតកាំជ្រួចនោះរួចរាល់។
អាជីវកម្មផលិត និងនាំចូលកាំជ្រួចពីក្រៅប្រទេសមួយកន្លែងនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ប្រឈមនឹងការបិទទ្វារ បើសមត្ថកិច្ចរកឃើញថា ម្ចាស់ផ្ទះពុំមានច្បាប់បើកអាជីវកម្ម ឬផលិតមិនត្រឹមត្រូវ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា ឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ថា មន្ត្រីជំនាញនឹងចុះស្រាវជ្រាវបន្ថែមលើច្បាប់បើកអាជីវកម្ម ហើយក្នុងករណីដែលម្ចាស់ផ្ទះមានច្បាប់ ប៉ុន្តែបើការផលិតនោះមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ខាងសមត្ថកិច្ចក៏អាចនឹងបិទអាជីវកម្មនេះដែរ។ លោកថា លទ្ធផលយ៉ាងណា នឹងដឹងក្រោយការស៊ើបអង្កេតពេលធ្វើបុណ្យសពស្ត្រីនោះរួច៖ «យើងអត់ទាន់បានស្រាវជ្រាវអីល្អិតល្អន់ទេ ដោយសារជាប់រវល់បុណ្យសព តែតាមការបំភ្លឺពីប្ដីគាត់ថា ប្រពន្ធគាត់ទៅយកវែកឆាដែលហាលថ្ងៃមកកូររំសេវហ្នឹងវាឆេះ។ ប៉ុន្តែយើងមិនទាន់ជឿជាក់នៅឡើយទេ ព្រោះវាម៉េចងាយឆេះម្ល៉េះ»។
កាលពីរសៀលថ្ងៃទី២២ ខែមីនា ស្នូរផ្ទុះយ៉ាងខ្លាំងមួយបានកើតឡើងក្នុងផ្ទះផលិតកាំជ្រួច ឋិតនៅក្បែរផ្សារព្រៃខ្មែរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្ត្រីម្ចាស់ផ្ទះឈ្មោះ ឯក នី អាយុ ៦៩ឆ្នាំ ខ្ទាតប៉ើងពីក្នុងផ្ទះចេញមកក្រៅរបងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍ផ្ទុះនេះ ក៏បណ្ដាលឲ្យប្ដីស្ត្រីរងគ្រោះដែលឋិតនៅក្បែរនោះដួលសន្លប់ ដោយកម្លាំងខ្យល់ផ្ទុះនោះ។
កំពុងអង្គុយទម្រេតខ្នងលើកៅអីក្បែរមឈូសប្រពន្ធ លើសាលាឆាន់នៃវត្តត្រពាំងស្នោ លោក ប៉ុន ធឺន រៀបរាប់ទាំងសំឡេងខ្សេវៗថា លោកពុំមានច្បាប់បើកអាជីវកម្មអ្វីនោះទេ ព្រោះលោកគ្រាន់តែធ្វើបញ្ឆេះផ្កាទៀន ឬបញ្ឆេះសម្រាប់អុជចូលគ្រាប់កាំជ្រួចដែលនាំចូលបន្តពីគេប៉ុណ្ណោះ។ លោកថា រយៈពេល ២០ឆ្នាំហើយដែលគ្រួសារលោកប្រកបមុខរបរនេះ ដោយនាំគ្រាប់កាំជ្រួចចូលពីខេត្តកំពង់ស្ពឺ និងប្រទេសថៃ ហើយជាមធ្យមក្នុងផ្ទះលោកមានកាំជ្រួចចំនួន ៣០០ដើម ប៉ុន្តែលោកប្រុងប្រយ័ត្នខ្ពស់ ដោយរក្សាទុកនៅកន្លែងដែលមានកម្ដៅមិនលើសពី ៤០អង្សាសេ ដែលប្រឈមនឹងការផ្ទុះនោះទេ៖ «ពេលហេតុការណ៍កើតឡើង ខ្ញុំនៅបន្ទប់ទឹកក្រោយ ហើយយាយដេញខ្ញុំថាឲ្យទៅងូតទឹកទៅ ខ្ញុំជូនទៅឲ្យជាងគេមើលធ្មេញ ហើយខ្ញុំទៅងូតទឹក ទើបចាក់ទឹកបានតែពីរផ្ដិលលើក្បាល ឮសូរក្រាំងឡើងទៅ។ ខ្ញុំសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ កុំបិទអាជីវកម្មខ្ញុំ ព្រោះខ្ញុំចាស់ហើយ មិនដឹងទៅរកអីទេ។ ខ្ញុំទៅលីទៅសែងអីក៏អត់រួចដែរ មានតែមុខរបរហ្នឹងបានចំណេញបន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត»។
កាំជ្រួចត្រូវបានគេប្រើប្រាស់ក្នុងពិធីបុណ្យសព និងបុណ្យប្រពៃណីជាតិជាច្រើនទៀត ប៉ុន្តែការផលិត និងការយកទៅប្រើមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕