ក្រសួងមហាផ្ទៃ នឹងបញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញនូវករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបាញ់កាំភ្លើងប្លាតទៅត្រូវជើងយុវជនម្នាក់ដែលមានជម្លោះជាមួយកូនប្រុសរបស់ខ្លួន។ ចំពោះគម្រោងបញ្ចេញចំណាត់ការរបស់ក្រសួងមហាផ្ទៃ នេះ ធ្វើឲ្យពលរដ្ឋសាទរ ហើយសង្ឃឹមថានឹងមានយុត្តិធម៌ពិតសម្រាប់គ្រួសារជនរងគ្រោះ។
ក្រសួងមហាផ្ទៃ ចាត់ទុកថា ករណីមេប៉ុស្តិ៍ឃុំចន្ទ្រា កាន់អាវុធ ហើយផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋមានរបួសស្នាម គឺជាបទល្មើស ឬកំហុសមួយក្នុងវិជ្ជាជីវៈរបស់នគរបាលក្នុងការបំពេញបេសកកម្ម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ការសម្របសម្រួលបញ្ចប់រឿងរវាងភាគីទាំងពីរ គឺជារឿងមួយ ប៉ុន្តែលោកថាករណីនេះ នឹងត្រូវស៊ើបអង្កេតឡើងវិញដើម្បីមានវិធានការ ហើយនឹងរឹតបន្តឹងផ្ទៃក្នុង៖ «»។
គម្រោងស៊ើបអង្កេតថ្មីនេះ បន្ទាប់ពីពលរដ្ឋយល់ថា ចំណាត់ការរបស់អធិការស្រុកចន្ទ្រា មានភាពមិនប្រក្រតី ដែលមិនអាចទទួលយកបាន។
កាលពីយប់ថ្ងៃទី២០ ខែមីនា ពលរដ្ឋបានរាយការណ៍ថា មេប៉ុស្តិ៍នគរបាលឃុំចន្ទ្រា លោក ហាស់ ស៊ីយ៉េត បានទះកំផ្លៀងយុវជនម្នាក់ និងបានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្ដាលឲ្យប្លាតទៅត្រូវកំភួនជើងខាងឆ្វេងយុវជនម្នាក់នោះ ធ្លុះពីម្ខាងទៅម្ខាងចំនួន ១គ្រាប់។ ការបាញ់នោះ បន្ទាប់ពីលោកមេប៉ុស្តិ៍បានឃើញយុវជននោះ មានជម្លោះជាមួយកូនប្រុសរបស់ខ្លួននៅក្នុងបរិវេណសាលាឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាទីដែលមានការរៀបចំដាក់ល្បែងកម្សាន្តកន្ត្រកវិល។ ពលរដ្ឋ និងបងប្រុសរបស់ជនរងគ្រោះបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២១ ខែមីនា មេប៉ុស្តិ៍រូបនោះបានសម្របសម្រួលជាមួយឪពុកម្ដាយជនរងគ្រោះ ដើម្បីបញ្ចប់រឿងដោយផ្តល់សំណងចំនួន ១.២០០ដុល្លារ និងធានាចេញថ្លៃព្យាបាលរហូតជាសះស្បើយ។
ទោះជាយ៉ាងណា អធិការស្រុកចន្ទ្រា លោក សូ ស៊ីថន អះអាងកាលពីថ្ងៃទី២១ ខែមីនា ថា ករណីនេះមិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែបង្ក្រាបក្មេងទំនើង ហើយប៉ះពាល់តិចតួច។ លោកបានបន្តថា រហូតមកដល់ពេលនេះ ករណីនេះបានផ្សះផ្សាតាមរយៈការសុំទោសគ្នាទៅវិញមកចប់សព្វគ្រប់អស់ហើយ ដោយមិនមានការបង់សំណងជាប្រាក់នោះទេ។ លោកបញ្ជាក់ដែរថា ចំពោះរបួសជនរងគ្រោះមិនធ្ងន់ធ្ងរដូចពាក្យចចាមអារ៉ាមឡើយ ដោយគ្រាន់តែលាបប្រេងកូឡាក៏ជាសះស្បើយដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកថា ការលើកឡើងរបស់លោកអធិការស្រុកចន្ទ្រា ដែលថារបួសដែលត្រូវគ្រាប់កាំភ្លើងធ្លុះពីម្ខាងទៅម្ខាង ហើយអាចលាបប្រេងកូឡាក៏ជាដែរនោះ គឺជារឿងមិនគួរឲ្យជឿ និងអស់សំណើច។
សាក្សីម្នាក់សម្ដែងការស្វាគមន៍ចំពោះគម្រោងបញ្ចេញវិធានការរបស់ក្រសួងមហាផ្ទៃ ដែលគេសង្ឃឹមថានឹងផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងជាគំរូល្អដល់នគរបាលដទៃកុំឲ្យប្រើអំណាចធ្វើបាបពលរដ្ឋ៖ «»។
ពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះ ជនរងគ្រោះដែលមានឈ្មោះ មឹង សែន រស់នៅភូមិតែងម៉ៅ ឃុំចន្ទ្រា នោះ នៅតែកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម នៅឡើយ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ទោះបីជាមេប៉ុស្តិ៍នោះគ្មានចេតនាក៏ដោយ មានចេតនាក៏ដោយ គាត់នៅតែមានទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធដែលនាំអ្នកដទៃមានរបួសស្នាម។
ពលរដ្ឋ និងសង្គមស៊ីវិលតែងតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ គប្បីបង្ហាញពីចំណាត់ការរបស់ខ្លួនឲ្យមានតម្លាភាព ហើយចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ និងបំបាត់វប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍៕