Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខេត្ត​កំពង់ធំ​ថា​ព្រៃ​សហគមន៍​អូរ​តាគង់​រង​ការ​កាប់​បំផ្លាញ​រៀង​រាល់​យប់

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​កាន់​តែ​ខ្លាំង​ពី​វាសនា​ព្រៃ​សហគមន៍​ក្បាល​អូរ​តាគង់ ដ្បិត​ព្រៃ​សហគមន៍​នេះ​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ជន​ល្មើស​ជា​រៀង​រាល់​យប់។ ប្រជា​សហគមន៍​លើក​ឡើង​ថា បញ្ហា​ប្រឈម​ក្នុង​កិច្ច​ការពារ​ព្រៃ​សហគមន៍ គឺ​ជន​ល្មើស​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​ជា​ពេលវេលា​មួយ​ពិបាក​សម្រាប់​ពួក​គាត់​ចុះ​ល្បាត។

ព្រៃ​សហគមន៍​ក្បាល​អូរ​តាគង់ ស្ថិត​នៅ​ក្នុង​ឃុំ​ដងកាំបិត ដែល​មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ (.៧៧៣​ហិកតារ) ចេះ​តែ​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ជន​ល្មើស​ធ្វើ​អាជីវកម្ម​ជា​រៀង​រាល់​យប់ ដោយ​មាន​មេ​ខ្លោង​ចាំ​ទទួល​ទិញ​ឈើ​ពី​ពួក​គេ​នៅ​ស្រុក​សណ្ដាន់។ ប្រជាពលរដ្ឋ​អះអាង​ថា បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​អំពី​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ធំៗ​នៅ​ក្នុង​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​វិធានការ​ឡើយ។

អនុប្រធាន​ព្រៃ​សហគមន៍​ក្បាល​អូរ​តាគង់ លោក គឹម ឆេង មាន​ប្រសាសន៍​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៧ តែ​ម្តង។ លោក​បន្ត​ថា ក្នុង​មួយ​យប់ៗ ឈើ​ដែល​ដឹក​ចេញ​ពី​ព្រៃ​សហគមន៍​ប្រមាណ ៤​ម៉ែត្រ​គូប​ទៅ ៥​ម៉ែត្រ​គូប។ ប្រភព​ដដែល​បន្ថែម​ថា ប្រជាពលរដ្ឋ​អាច​ចុះ​ល្បាត​បាន​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ចំណែក​ពេល​យប់​គឺ​ពួក​គាត់​រវល់​ការងារ​ផ្ទាល់​ខ្លួន ទើប​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ជន​ល្មើស៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ទៅ​មុខ​ទៀត វា​បាត់បង់​គម្រប​ព្រៃ វា​អស់​ព្រៃ​សេសសល់​ទាំង​ប៉ុន្មាន វា​អស់​ជា​បន្តបន្ទាប់»

ព្រៃ​សហគមន៍​ក្បាល​អូរ​តាគង់ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ​ស្ថិត​នៅ​ឃុំ​ដងកាំបិត ហើយ​បច្ចុប្បន្ន​គម្រប​ព្រៃ​ឈើ​នៅ​សេសសល់​មាន​ប្រមាណ ៥០០​ហិកតារ​ប៉ុណ្ណោះ។ ការ​បាត់បង់​គម្រប​ព្រៃ​ឈើ​យ៉ាង​ច្រើន​នេះ មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​កាប់​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ និង​មួយ​ផ្នែក​ទៀត​ដោយសារ​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម។

ក្រៅ​ពី​ព្រៃ​សហគមន៍​ក្បាល​អូរ​តាគង់ ក៏​មាន​ព្រៃ​សហគមន៍​ផ្សេង​ទៀត ដូចជា​ព្រៃ​សហគមន៍​ក្បាល​អូរ​ធ្នង់ ដែល​មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ ក៏​កំពុង​រង​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ដែរ។

ប្រជា​សហគមន៍​បញ្ជាក់​ថា ប្រភេទ​ឈើ​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ គឺ​ឈើទាល និង​ផ្ដៀក ដែល​មាន​តម្លៃ​ចន្លោះ​ពី ៧០​ម៉ឺន​ទៅ ១​លាន​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មីនា ថា មិន​មែន​តែ​ព្រៃ​សហគមន៍​ទាំងនេះ​ទេ​ដែល​រង​ការ​កាប់​បំផ្លាញ ប៉ុន្តែ​ក៏​មាន​ព្រៃ​សហគមន៍​ផ្សេង​ទៀត​ដែរ គ្រាន់​តែ​តំបន់​ខ្លះ​សកម្មភាព​បទល្មើស​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ខាង​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​ប្រជា​សហគមន៍​ជា​ហូរហែ ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំងនោះ ហើយ​មន្ត្រី​ជំនាញ​ក៏​ធ្លាប់​ផ្តល់​ថវិកា​មួយ​ចំនួន​ដែល​បាន​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជូន​ពួក​គាត់ សម្រាប់​ការពារ​ព្រៃ​សហគមន៍​របស់​ខ្លួន។ យ៉ាង​នេះ​ក្តី លោក​ថា​ទាំង​សហគមន៍ និង​មន្ត្រី​ជំនាញ​មិន​អាច​នៅ​យាម​ព្រៃ ២៤​ម៉ោង​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​អាច​កើត​ឡើង​ដោយ​លួច​លាក់​បាន៖ «ចង់​ឲ្យ​ដោះស្រាយ​ហ្នឹង ពួក​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក ពីព្រោះ​គ្នា​ក៏​តិច ហើយ​ស្រុក​ហ្នឹង​ក៏​រវល់​ដែរ។ គាត់​មិន​មាន​ជំនាញ​ខាង ជី.អាយ.អេស ឬ ជី.ភី.អេស ហ្នឹង​គ្រប់គ្រាន់ (GIS/GPS)»

ព្រៃ​សហគមន៍​ទាំងនេះ គឺ​មាន​ទីតាំង​នៅ​ស្ថិត​នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ក្នុង​ស្រុក​សណ្ដាន់។ ព្រៃ​សហគមន៍​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ទាំងមូល គឺ​មាន​ចំនួន​ជាង ៤០​កន្លែង ហើយ​បច្ចុប្បន្ន​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​ជាច្រើន​កំពុង​រង​ការ​កាប់​បំផ្លាញ​គួរ​ឲ្យ​បារម្ភ។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក សេង សុខហេង មើល​ឃើញ​ថា ប្រជា​សហគមន៍​បាន​ខិតខំ​ការពារ​ព្រៃ​អភិរក្ស​របស់​ខ្លួន ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ។ បន្ថែម​ពី​នេះ ការ​ឆ្លើយតប​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​នៅ​មាន​ភាព​យឺតយ៉ាវ និង​មិន​សូវ​មាន​ការ​គាំទ្រ​ទាំង​បច្ចេកទេស ឬ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ឡើយ។ លោក​អះអាង​ថា បទល្មើស​អាច​កើត​ឡើង​ដោយសារ​មាន​ការ​គាំទ្រ​ពី​ឈ្មួញ​ធំៗ និង​មន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ខ្នង៖ «ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ការងារ​ច្រើន​ទាំង​ការ​ស៊ើប​អង្កេត ទាំង​ការ​ចាប់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង និង​ការ​ស្រាវជ្រាវ​រក​មេ​ខ្លោង​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ហ្នឹង»

លោក សេង សុខហេង យល់​ថា អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​រឿង​នេះ ដោយ​មិន​ត្រូវ​រុញ​ដាក់​សហគមន៍​ឡើយ ពីព្រោះ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃ​ឈើ​ដោយ​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles