អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើឲ្យអាជ្ញាធរខ្មែរបន្តការស៊ើបអង្កេតករណីឃាតកម្មលោកបណ្ឌិត កែម ឡី បន្ថែមទៀត។ អង្គការទាំងនេះអះអាងថា ដំណើរការកាត់ក្តីរបស់តុលាការកម្ពុជា នៅពុំទាន់អាចដោះស្រាយមន្ទិលសង្ស័យ និងពុំទាន់បំពេញគោលការណ៍ស៊ើបអង្កេតឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិនៅឡើយទេ។
សេចក្ដីថ្លែងការណ៍រួមរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា បញ្ជាក់ថា ការកាត់ក្តីជនល្មើស អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារមួយជីវិត បង្កភាពអយុត្តិធម៌បន្ថែមទៀតសម្រាប់គ្រួសារសពលោកបណ្ឌិត កែម ឡី។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ដែលបានឃ្លាំមើលដំណើរការកាត់ក្តីករណីឃាតកម្មលោកបណ្ឌិត កែម ឡី បានថ្លែងថា ការកាត់ក្តីនេះលាតត្រដាងឲ្យឃើញថា ដំណើរការស៊ើបអង្កេតហាក់បីដូចជាមានកង្វះខាតលើទិដ្ឋភាពសំខាន់ៗជាច្រើន។ លោកបន្តថា ជនរងគ្រោះពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ រួមមានភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី នឹងមិនទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ លុះត្រាតែមានការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់ថា តើមានជនដទៃទៀតជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះដែរ ឬទេ?
បន្ថែមពីលើនេះ នាយកអង្គការលើកលែងទោសអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក ចំប៉ា ប៉ាទែល (Champa Patel) ថ្លែងថា វាច្បាស់ណាស់ថា អាជ្ញាធរកម្ពុជា មានចេតនាចង់បិទបញ្ចប់ករណីសំណុំរឿងនេះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការបរាជ័យក្នុងការស៊ើបអង្កេតលើបទល្មើសដ៏អាក្រក់មួយនេះ នឹងរឹតតែបន្ថែមនូវភាពអយុត្តិធម៌ដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។
ដោយឡែកលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ថ្លែងថា អាជ្ញាធរខ្មែរបរាជ័យក្នុងការស៊ើបអង្កេតលើករណីចន្លោះប្រហោងជាក់ស្ដែងជាច្រើននៅក្នុងដំណើររឿងសារភាពរបស់ចុងចម្លើយ។ លោកថា ការណ៍ដែលតុលាការមិនមានឆន្ទៈក្នុងការពិនិត្យមើលករណីទាំងនោះ ដែលស្ដែងឲ្យឃើញពីដំណើរការកាត់ក្តីតាមបែបឆក់កណ្ដៀតចៀសជាងលាតត្រដាងអ្នកជាប់ពាក់ព័ន្ធនានា ក្នុងរឿងក្តីនេះ គឺជាករណីគួរឲ្យបារម្ភ។
លោកថ្លែងសង្កត់ធ្ងន់ថា ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ធ្លាប់បានថ្លែងជាសាធារណៈជាច្រើនលើកច្រើនសារួចមកហើយអំពីការមិនមានជំនឿរបស់ពួកគេដែលថា អឿត អាង គឺជាមនុស្សដែលទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះករណីឃាតកម្មនេះ ហើយថា រាល់ការប្រព្រឹត្តក្នុងដំណើរការក្តីនេះបណ្ដាលឲ្យពួកគេមានមន្ទិលសង្ស័យជាច្រើន។
ក្រៅពីនេះ សេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំងបីនេះ ក៏បានរំលេចឲ្យឃើញពីក្តីមន្ទិលសង្ស័យចំនួន ៨ចំណុចដែលអង្គការទាំងនេះមើលឃើញថា តុលាការកម្ពុជា ខកខានមិនបានលើកយកមកដោះស្រាយឲ្យបានចប់ចុងចប់ដើមក្នុងដំណើរការកាត់ក្តីនេះ។
ចំណុចមន្ទិលសំខាន់ៗរួមមានករណីដែលចុងចម្លើយអះអាងថា ខ្លួនមានមធ្យោបាយឲ្យលោក កែម ឡី ខ្ចីប្រាក់ចំនួន ៣ពាន់ដុល្លារដោយសារតែបានលក់ដីមួយកន្លែង ក៏ប៉ុន្តែអាជ្ញាធរមិនបានស៊ើបអង្កេតលើករណីនេះទេ។ ក៏មានផងដែរករណីដែលព្រះរាជអាជ្ញាបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបានតែមួយជ្រុងក្នុងហាងស្តារម៉ាត ក៏ចោទជាបញ្ហាសង្ស័យផងដែរ ដោយអាជ្ញាធរមិនបានបញ្ចេញវីដេអូឲ្យអស់ពីសកម្មភាពរបស់ជនល្មើសទាំងនៅមុន ក្នុងអំឡុងពេល និងនៅក្រោយអំពើឃាតកម្ម។ ក្រៅពីនេះ បុគ្គលដែលពាក់ព័ន្ធនៅពេលដេញតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក៏មិនត្រូវបានតុលាការកំណត់អត្តសញ្ញាណដើម្បីកោះហៅមកធ្វើជាសាក្សីឡើយ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីតុលាការកម្ពុជា ដើម្បីសុំប្រតិកម្មតបជុំវិញការលើកឡើងខាងលើពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងបីនេះនៅឡើយទេ៕