
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រតិកម្មតបទៅនឹងកិច្ចខិតខំរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងស្វះស្វែងរកដំណោះស្រាយនយោបាយនៅក្រៅប្រទេស ថា ជាក្រុមឧទ្ទាមនិយមក្រៅប្រទេស។ លោក សុខ ឥសាន ឌឺដងថា ទោះសេះដុះស្នែងក៏បក្សប្រឆាំងមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅពេលខាងមុខបាននោះដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមានគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសថា ការបន្តធ្វើសកម្មភាពបែបឧទ្ទាមនិយម កាន់តែនាំឲ្យមានពិរុទ្ធភាពធ្ងន់ទៅៗ ដែលនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។ អ្នកនាំពាក្យរូបនេះ សរសេរនៅលើប្រព័ន្ធតេឡេក្រាមថ្ងៃទី១១ ខែមករា ដោយហៅ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ជាកូនឧទ្ទាម។ លោកឌឺដងផ្លែផ្កាទៀតថា កញ្ញា កឹម មនោវិទ្យា ពេលនេះបានតាំងខ្លួនដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន។
លោក សុខ ឥសាន លើកឡើងទៀតថា ដើម្បីដោះបន្ទុកឪពុករបស់ខ្លួន កញ្ញា កឹម មនោវិទ្យា បានដើរធ្វើសកម្មភាពគ្រប់ទីកន្លែងនៅលើពិភពលោក ដូចជា ទៅប្រជុំជាមួយតំណាងអចិន្ត្រៃយ៍អាមេរិក និងសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិសុំឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ សុំឲ្យបិទទីផ្សារទំនិញកម្ពុជា សុំឲ្យរឹតបន្តឹងទិដ្ឋាការចូលជាន់ទឹកដីអាមេរិកជាដើម។ លោកបន្តថា ឥឡូវនេះ កូនស្រី លោក កឹម សុខា បានបន្តជួបមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយសុំគេឲ្យបន្ថែមទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យដាក់ឈ្មោះចំៗ ដើម្បីបង្កកទ្រព្យសម្បត្តិ និងប្រាក់ផ្ញើនៅបរទេស និងសុំឲ្យជប៉ុនកាត់ជំនួយដល់គ.ជ.បទៀត។ លោកអះអាងថា កូនឧទ្ទាមនេះនឹងមិនបានសម្រេចមហិច្ឆតារបស់ខ្លួនទេ។
ប៉ុន្តែកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មិនយល់ដូច្នេះទេ។ ថ្លែងក្នុងបទសម្ភាសជាមួយអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១០ ខែមករា កញ្ញា កឹម មនោវិទ្យា និយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាល កម្ពុជាគឺកំពុងតែមានជាបន្តបន្ទាប់ហើយ។
កញ្ញាជឿជាក់ថា សហរដ្ឋអាមេរិកនឹងបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន។ ជាងនេះទៅទៀត កញ្ញា កឹម មនោវិទ្យា សង្ឃឹមថា សម្ព័ន្ធមិត្តអាមេរិក ក៏នឹងមានវិធានការបន្តទៀតដែលដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលលោក ហ៊ុន សែន។ «»
ចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាកញ្ញា កឹម មនោវិទ្យា ជាកូនឧទ្ទាម កូនជនក្បត់ជាតិ ក្បត់ជាតិទាំងឪនឹងកូន កូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ឆ្លើយតបវិញថា កញ្ញាគ្មានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទាំងនោះទេ។ កញ្ញា ថា ការចោទប្រកាន់ទាំងនេះគឺកាន់តែបង្ហាញឲ្យសាធារណជនបានដឹងទង្វើ និងឥរិយាបថរបស់គណបក្សកាន់អំណាចទៅវិញទេ។
ទាក់ទងការឆ្លងឆ្លើយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបន្តវាយប្រហារគណបក្សប្រឆាំងនៅពេលនេះ អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហាញការងឿងឆ្ងល់ថាកាលពីប៉ុន្មានថ្ងៃមុនលោក ហ៊ុន សែន បានហាមមន្ត្រីរបស់ខ្លួនមិនឲ្យឆ្លងឆ្លើយជាមួយបក្សប្រឆាំងដែលលោកចោទប្រកាន់ថា ជាក្រុមក្រៅច្បាប់ តើហើយអ្វីបានជាពេលនេះ មន្ត្រីរបស់លោកនៅតែ ឆ្លើយឆ្លងជាមួយគណបក្សប្រឆាំងទៅវិញ? «»
ខណៈការបោះឆ្នោតជ្រើសរើសសមាជិកសភានឹងប្រព្រឹត្តទៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ គណបក្សប្រជាជនកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទប្រធានគណបក្សនេះ គឺលោក កឹម សុខា ក្បត់ជាតិ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងហាមមិនឲ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះធ្វើនយោបាយរយៈ៥ឆ្នាំ។ នៅពេលនេះ គណបក្សប្រជាជនកម្ពុជា កំពុងរៀបចំកែរដ្ឋធម្មនុញ្ញ ដាក់ទោសក្រុមបក្សនៅក្រៅប្រទេសជាបន្តទៀត។
ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏ព្រមានរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលនៅក្រៅប្រទេស។ យ៉ាងណាក៏ចុះ កញ្ញា កឹម មនោវិទ្យា អះអាងថា គណបក្សសង្គ្រោះជាតិមិនខ្វល់ចំពោះទង្វើរបស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយថា ការរឹតត្បិតរបស់គណបក្សកាន់អំណាច កាន់តែខ្លាំងគឺកាន់តែបាត់បង់ប្រជាប្រិយភាព៕