Quantcast
Viewing all articles
Browse latest Browse all 11174

សាលាក្រុង​មិន​ទាន់​ឆ្លើយ​តប​ញត្តិ​របស់​អ្នក​បុរីកីឡា​១១​គ្រួសារ​ដែល​មិន​ទទួល​សំណង

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ទាំង ១១​គ្រួសារ នៅ​សហគមន៍​បុរី​កីឡា ដែល​មិន​ព្រម​ទទួលយក​សំណង់​មិន​សមរម្យ​ពី​ក្រុមហ៊ុន ផាន អ៊ីមិច លើកគ្នា​ទៅមុខ​សាលា​រាជធានី​ភ្នំពេញ​ជាថ្មី​ម្ដងទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ដើម្បី​តាមដាន​ញត្តិ ដែល​ពួកគាត់​បាន​ដាក់​ជូន​សាលាក្រុង កាលពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧។

តំណាង​សហគមន៍​បុរី​កីឡា មិនទាន់​ទទួល​បាន​ការ​ចម្លើយ​តប​ចំពោះ​ញត្តិ​ដែល​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន​ពីរ​ម៉ឺន ប្រាំ​ពាន់ ដុល្លារ​អាមេរិក (២៥.០០០) ដោយ​តែ​សារ​មន្ត្រី​សាលាក្រុង​ភ្នំពេញ ដែល​ទទួល​ញត្តិ ប្រាប់​ពួកគាត់​ថា ញត្តិ​នោះ​ថ្នាក់លើ​មិន​ទាន់​បាន​ទម្លាក់​មក​ឱ្យ​គាត់​វិញ​ទេ។

តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ង៉ូវ ណារី ឲ្យ​ដឹង​ថា មន្ត្រី​សាលាក្រុង​បាន​ប្រាប់​ឲ្យ​ពួកគាត់​ត្រលប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ ដោយ​មិន​ហ៊ាន​សន្យា​ថា ញត្តិ​នោះ​នឹង​ត្រូវ​អភិបាលក្រុង​ភ្នំពេញ ពិនិត្យ​នៅ​ថ្ងៃ​ណា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​មាន​សង្ឃឹមថា ញត្តិ​នោះ​ត្រូវ​បាន​អាជ្ញាធរ​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​ឱ្យ​ពួកគាត់​ទាំង​១១​គ្រួសារ​នោះ​ទេ៖ «គោលបំណង​ខ្ញុំ ខ្ញុំ​ទាមទារ​ផ្ទះ​ខ្ញុំ​នៅ​បុរីកីឡា​វិញ តែ​អាជ្ញាធរ​ថា គ្មាន​ផ្ទះ​ទេ ឲ្យ​សំណូមពរ​ជា​លុយ​ទៅ​ហើយ ពួកខ្ញុំ​ក៏​សំណូមពរ ជា​លុយ​ដើម្បី​ទិញ​ផ្ទះ​វិញ ទិញ​ផ្ទះ​វិញ​បាន ខ្ញុំ​ថា​ទិញ​ផ្ទះ​ឲ្យ​ពួក​ខ្ញុំ​មក​ក៏​ខ្ញុំ​សុខចិត្ត​ដែរ តែ​ទីបំផុត​គ្មាន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ មានតែ​គំរាម គំរាម​ឡើង​ឆ្អែត ឆ្អន់​ហើយ លើក​ណា​ក៏​គំរាម​ពួកខ្ញុំ​ដែរ។ ចាប់ ដាក់​ឡាន អត់​មាន ជំហរ​ដោះស្រាយ​ទេ បើ​គាត់​និយាយ​ទៅ​ណា អានេះ​វា​ប៉ុន្មាន អញ្ចឹង​អី​ទៅ ប៉ុន្តែ​គាត់​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទេ អានេះ អត់​ម៉ង អត់​ឆន្ទៈ​ម៉ង»

សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា បាន​ដាក់​ញត្តិ​ជូន​អាជ្ញាធរ​ក្រុងភ្នំពេញ កាល​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​ធ្នូ ដោយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ដ៏​សមរម្យ​មួយ ដើម្បី​អាច​ឲ្យ​ពួកគាត់​ទាំង ១១​គ្រួសារ ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​អគារ​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅ​លើ​ដី​របស់​ពួកគាត់​ក្នុង​តំបន់​បុរីកីឡា ឬ​ត្រូវ​ផ្ដល់​ជូន​ពួកគាត់​នូវ​ទឹកប្រាក់ ២៥.០០០​ដុល្លារ។

តំណាង​សហគមន៍​បុរីកីឡា​ម្នាក់​ទៀត គឺ​អ្នកស្រី សរ ស៊ន ធ្លាប់​ឲ្យ​ដឹង​ថា ប្រាក់ ២៥.០០០​ដុល្លារ ដែល​ស្នើសុំ​នោះ ដើម្បី​យក​ទៅ​ទិញ​អគារ​ស្នាក់នៅ​របស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច វិញ។ ពលរដ្ឋ​នៅ​បុរីកីឡា​ថា ពួកគាត់​មិន​ចង់​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល ក្នុង​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ តាម​ការរៀបចំ​របស់​សាលា​រាជធានី​នោះ​ទេ ព្រោះ​បុរី​កីឡា ជា​ផ្ទះ​របស់​ពួកគាត់ និង​ជា​កន្លែង​ដែល​ពួកគាត់​បាន​ប្រកប​អាជីវកម្ម​រស់នៅ​យូរ​ណាស់​មក​ហើយ។

អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់​ចេញ​សេចក្ដីជូនដំណឹង​កំណត់​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ផាន អ៊ីម៉ិច ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។

អភិបាលរង​រូប​នោះ​ព្រមាន​ថា ប្រសិនបើ​ផុត​រយៈពេល​កំណត់​នេះ ហើយ​ពលរដ្ឋ​នៅតែ​មិន​ព្រម​ទទួល​យក​សំណង់ នោះ​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍ និង​ថែម​ទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង។ អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាត់​ទុក​ពលរដ្ឋ​ទាំងនោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួលយក​សំណង​គោល​នយោបាយ​របស់​ខ្លួន។ មក​ដល់​ពេល​នេះ ក្រុម​សហគមន៍​បុរីកីឡា ដែល​មិន​ព្រម​ទទួលយក​សំណង​ប្រាប់​ថា ពួកគាត់​មិនទាន់​រង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា សាលាក្រុង​គ្មាន​ឆន្ទៈ ក្នុង​ការ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ទាំង ១១​គ្រួសារ ក្រៅពី​បង្ខំ​ឲ្យ​ចាក​ចេញទៅ​រស់នៅ​ភូមិ​អណ្ដូង។ អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។ ប៉ុន្តែ សង្គម​ស៊ីវិល បង្ហាញ​ក្ដី​ជំនឿ​ថា អាជ្ញាធរ​អាច​នឹង​កំពុង​ពិចារណា រក​ដំណោះស្រាយ​សមរម្យ​ណាមួយ សម្រាប់​ជូន​ពួកគាត់​ទាំង​១១​គ្រួសារ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ស្នើសុំ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ទៅ​ស្វែងរក​ដំណោះស្រាយ កុំ​ទាន់​អាល​វាយតម្លៃ​ទៅលើ​អាជ្ញាធរ​ក្រុងភ្នំពេញ ព្រោះ​លោក​សង្កេត​ឃើញ​ថា កន្លងមក​អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ហៅ​ពលរដ្ឋ​មួយ​ចំនួន ក្នុង​ចំណោម ១១​គ្រួសារ ទៅ​ចរចា​តម្លៃ​រួច​ហើយ។ ប៉ុន្តែ ទោះជា​យ៉ាងណា លោក​ស្នើ​ឲ្យ​សាលាក្រុង​ភ្នំពេញ ពន្លឿន​ការពិចារណា ដើម្បី​អោយ​ឆាប់​បញ្ចប់​ករណី​នេះ។

លោក វណ្ណ សូផាត លើកទឹកចិត្ត​ឲ្យ​ភាគី​ទាំងពីរ ចរចា​គ្នា​រក​ដំណោះស្រាយ​រួម​ដែល​អាច​ទទួល​យក​បាន៖ «បន្ត​ការ​ចរចា​ទៅទៀត ទោះបីជា​យ៉ាងណាក៏ដោយ កុំ​ឲ្យ​ចាត់វិធានការ​អី​មួយ ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​បទពិសោធន៍​នៅ​ឆ្នាំ​២០១២ មានការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​អី​ហ្នឹង។ យើង​ខំ​កសាង​គុណសម្បត្តិ​មួយ​គំនរ​ហើយ ហើយ​បើសិនជា​កើតឡើង​នៅ​ពេល​ហ្នឹង​ទៀត គឺថា គុណសម្បត្តិ​ដែល​មាន​ពី​មុន​មក វា​ត្រូវ​អស់រលីង ហើយ​ថែមទាំង​ប៉ះពាល់​ដល់​កិត្តិសព្ទ​រាជរដ្ឋាភិបាល​ទៀត​បាទ»

ពលរដ្ឋ​ដែល​មាន​ជម្លោះ​នៅ​សហគមន៍​បុរីកីឡា មាន​គម្រោង​ថា ក្រោយពី​ពួកគាត់​មិន​ទទួល​បាន​ចម្លើយ​ពី​អាជ្ញាធរ ពួកគាត់​នឹង​ទៅ​បន្ត​ការ​ទាមទារ នៅមុខ​ភូមិគ្រឹះ​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​បន្ត​ទៀត។ អ្នកស្រី ង៉ូវ ណារី ព្រមាន​ថា សហគមន៍​បុរីកីឡា នឹង​នាំគ្នា​លើក​បដា​ទាមទារ​ឲ្យ​អភិបាលរង សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ចុះ​ចេញពី​តំណែង ប្រសិនបើ​អាជ្ញាធរ​រូប​នេះ នៅ​តែ​អសមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​បុរីកីឡា​តទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles