
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធសារបែកធ្លាយរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអំពីលទ្ធផលនៃការប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា។ ក្នុងប្រជុំសង្កាត់នោះឲ្យដឹងថា គណបក្សកាន់អំណាចគ្រោងឈប់ផ្ដល់ជំនួយដល់គណបក្សតូចៗបន្តទៀតនោះ នឹងឲ្យចារកម្មក្នុងបក្សប្រឆាំងចាកចេញពីបក្សជាដើម។ បក្សកាន់អំណាចក៏រៀបចំផែនការឲ្យលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកដឹកនាំយុទ្ធនាការទាញយកប្រជាប្រិយភាពបក្សកាន់អំណាចឡើងវិញ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សកាន់អំណាចគ្មានដាក់ចេញយុទ្ធសាស្ត្រណាមួយពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់គណបក្សតូចៗ ដែលជាគណបក្សរណបខ្លួនឡើយ។
សារព័ត៌មានដែលជាប្រព័ន្ធឃោសនាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ច្រានចោលព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែធ្នូ ដែលផ្សាយពីសារអេឡិចត្រូនិក និយាយពីផែនការរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក សួស យ៉ារ៉ា អះអាងថា ការប្រកួតប្រជែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺគណបក្សនយោបាយនីមួយៗ ត្រូវតែពង្រឹងដោយខ្លួនឯងដើម្បីទទួលបានជ័យជំនះ។ លោកបន្ថែមថា៖ «ការមិនជួយគណបក្សតូចៗនោះ ក៏មិនមែនជាយុទ្ធសាស្ត្រអ្វីដែរ ព្រោះគណបក្សនីមួយៗ ត្រូវពង្រឹងភាពឈ្នះរបស់ខ្លួនសម្រាប់អនុវត្តលទ្ធិប្រជាធិបតេយ្យ និងជាការប្រកួតប្រជែង»។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា គណបក្សកាន់អំណាចមិនបាច់ជួយឧបត្ថម្ភដល់គណបក្សតូចៗទៀតទេ ដោយសារថា គណបក្សសង្គ្រោះជាតិ បានរំលាយទៅហើយ ដូច្នេះគណបក្សកាន់អំណាចគ្មានគូប្រកួតប្រជែងធំណាមួយទៀតដែរ លើកលែងតែគណបក្សសង្គ្រោះជាតិ មានវត្តមានចូលមកឆាកនយោបាយចូលរួមបោះឆ្នោតឆ្នាំ២០១៨ វិញ។ លោកបន្ថែមថា ការរំលាយគណបក្សសង្គ្រោះជាតិនេះ បញ្ហាចម្បងគឺគណបក្សកាន់អំណាចភ័យខ្លាចការចាញ់ឆ្នោតគណបក្សប្រឆាំង៖ «សំឡេងប្រកួតប្រណាំងគ្នារវាងបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ មានប្រកៀកប្រកិតគ្នា បើមើលលទ្ធផលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ នៅតាមភូមិខ្លះឈ្នះចាញ់គ្នា ១សន្លឹក ឬពីរសន្លឹកឆ្នោតទេ»។
អេឡិចត្រូនិករបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសរសេររបាយការណ៍រៀបរាប់ជាច្រើនអំពីយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ក្នុងនោះបានបញ្ជាក់ថា គណបក្សនេះឈប់ផ្ដល់ជំនួយដល់គណបក្សតូចៗទៀតហើយ ប៉ុន្តែធ្វើយ៉ាងណាឲ្យគណបក្សនេះចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨។ លោក ស៊ុន ចាន់ថុល សរសេរអំពីការភ័យព្រួយពីការបាត់បង់សំឡេងឆ្នោតថា ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ ជាការបោះឆ្នោតដែលគណបក្សកាន់អំណាចមិនងាយនឹងទទួលយកជ័យជំនះបាន។
លោកសរសេរបន្តថា កាលបីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ឈ្នះ ៦៨កៅអី ហើយបក្សសង្គ្រោះជាតិឈ្នះ៥៥។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ អាសនៈសភានឹងកើនឡើងដល់ ១២៥អាសនៈ គណបក្សប្រជាជនកម្ពុជា អាចឈ្នះ ៦៥កៅអី ចំណែកបក្សប្រឆាំងអាចឈ្នះ ៦០កៅអី ហើយសេនារីយោអាក្រក់បំផុតសម្រាប់បក្សប្រជាជនកម្ពុជា គឺបក្សកាន់អំណាចបាន ៦៣ និងបក្សប្រឆាំងបាន៦២។ លោកបន្តថា អ្នកបោះឆ្នោតជាយុវជននឹងមិនបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជា ទេនៅឆ្នាំ២០១៨។
ទាក់ទងនឹងបញ្ហានេះ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៩ មករា មិនបានបកស្រាយអ្វីទេ ដោយប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ ហើយបដិសេធថា ដឹងអំពីសារអេឡិចត្រូនិកនេះទេ។
នៅក្នុងសារដដែលនេះ ក៏បានរៀបរាប់ពីយុទ្ធសាស្ត្រជាច្រើនទៀត ដូចជាការប្ដេជ្ញាចិត្តជួយគ្នាទៅវិញទៅមករវាងលោក ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង (Xi JinPing)។ គណបក្សកាន់អំណាចត្រូវតែប្រើប្រាស់អំណាច និងផ្ដោតអារម្មណ៍លើការទទួលខុសត្រូវថ្នាក់ជាតិរហូតដល់ថ្ងៃបោះឆ្នោត ក្នុងនោះមានការផ្ដល់ប្រាក់លើកទឹកចិត្តដល់សកម្មជនរបស់ខ្លួន ការដំឡើងប្រាក់ឈ្នួលដល់កម្មករ និងមន្ត្រីរាជការ។ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងសកម្មជនរបស់ខ្លួនពេលបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលជាដើម។ សារនោះបន្តថា បង្កើតយុវជនមួយក្រុមសម្រាប់ឃុំសង្កាត់ ដើម្បីតាមដានសកម្មភាពសមាជិកគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី និងការផ្លាស់ប្ដូរមេភូមិ ការចាប់យកក្រុមយុវជនតាមរយៈកីឡា និងការនាំកម្សាន្តពិចនិច (Picnic) ជាដើម។
អ្នកវិភាគលើកឡើងថា គណបក្សកាន់អំណាចនឹងមិនជោគជ័យទៅលើផែនការចាប់យកក្រុមយុវជនដើម្បីមកគាំទ្រខ្លួន ព្រោះថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនសតវត្សមកហើយនៅតែមិនអាចកែប្រែជីវភាពប្រជាពលរដ្ឋបានប្រសើរឡើយ។ អំពើពុករលួយ បក្សពួកនិយមរបស់មន្ត្រីរដ្ឋាភិបាល អំពើយុត្តិធម៌សង្គម អំពើនិទណ្ឌភាពនៅតែបន្តមាន ដែលក្រុមយុវជនជាក្រុមមនុស្សវ័យឆ្លាតមិនងាយជឿលើការបោកប្រាស់របស់ក្រុមអ្នកនយោបាយ ឬគណបក្សកាន់អំណាចងាយៗឡើយ៕