Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ទើបអាចធ្វើឲ្យកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា។ ប៉ុន្តែអ្នកធ្វើការគាំទ្រឲ្យមានសន្តិភាព និងគណបក្សនយោបាយ មិនឯកភាពទាំងស្រុងនោះទេ ពោលគឺកម្ពុជា ពុំទាន់មានសន្តិភាពពិតប្រាកដនៅឡើយ។
មន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយយល់ថា កម្ពុជានៅខ្វះធាតុផ្សំមួយចំនួនទៀត ទើបអាចឲ្យមានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។
ប្រធានអង្គការសីលការ និងជាអតីតសមាជិកគណៈកម្មការក្រុមការងារកសាងសន្តិភាព អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា បច្ចុប្បន្នពុំទាន់មានសន្តិភាពពេញលេញនៅឡើយ ដោយសារកម្ពុជា ខ្វះយុត្តិធម៌ គឺខ្វះប្រព័ន្ធយុត្តិធម៌ដែលប្រជាពលរដ្ឋទាំងអស់អាចពឹងពាក់បាន ថ្វីត្បិតតែពុំមានសង្គ្រាមនៅក្នុងប្រទេសក្ដី ប៉ុន្តែបញ្ហាទាំងពីរនេះទាក់ទងគ្នា។
អ្នកស្រីបន្តថា បើសិនជាអត់មានសង្គ្រាមមែន ប៉ុន្តែនៅតែធ្វើឲ្យមានអយុត្តិធម៌នៅក្នុងសង្គម នឹងអាចនាំឲ្យអស្ថិរភាពផ្នែកនយោបាយ៖ «សូមឲ្យយើងទាំងអស់គ្នានាំគ្នាបណ្ដុះចិត្តជាសន្តិភាព និងសកម្មភាពដែលយើងធ្វើគឺជាសន្តិភាព កុំឲ្យសម្លុត គំរាម ភូតភរ កុហក កុំឲ្យល្បិចកល បោកគ្នាទៅវិញទៅមក យើងគួរតែលះបង់ ពីព្រោះទាំងអស់នោះឯងគឺជាវប្បធម៌ និងអំពើហិង្សា ពីព្រោះនៅពេលដែលយើងបោកបញ្ឆោតគ្នា យើងសម្លុតគ្នា គឺយើងអត់បានចិត្តគំនិតយើងអត់បានចិត្តគំនិតគេទៅជាមួយទេអ្នកមួយចំហៀងទៀត។ បុគ្គលទាំងអស់គួរណាស់តែស្វែងយល់ បង្កើតនូវជំនាញ និងចំណេះចេះដឹងខាងផ្នែកកសាងសន្តិភាពកុំឲ្យប្រើប្រាស់នូវមធ្យោបាយហិង្សា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៩ មករា ថា ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង (Mekong-Lancang) លើកទី២។ កិច្ចប្រជុំនេះនឹងនាំមកនូវគម្រោងអភិវឌ្ឍន៍ជាច្រើនសម្រាប់ប្រជាជាតិរស់នៅតាមដងទន្លេមេគង្គ ហើយភ្ជាប់ទៅទន្លេឡានឆាង ប្រទេសចិន ដែលក្នុងនោះមានប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម ភូមា និងប្រទេសចិន។ លោកសរសេរទៀតថា ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនភាពរបស់ជាតិយើងទាំងមូល ដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។
Image may be NSFW.
Clik here to view.
អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយជារឿងសំខាន់ចាំបាច់សម្រាប់ការអភិវឌ្ឍជាតិ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកចង់ឃើញកម្ពុជា មានការគោរពសិទ្ធិមនុស្ស កសាងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសង្គមមានយុត្តិធម៌ ពីព្រោះបញ្ហាទាំងបីនេះនៅតែប្រឈមខ្លាំងនៅឡើយសម្រាប់កម្ពុជា។
លោកថា សន្តិភាពមួយដែលគ្មានការគោរពសិទ្ធិមនុស្ស គ្មានលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ គឺជាសន្តិភាពដែលគ្មាននិរន្តរភាព៖ «ក្នុងនាមជាអ្នកដឹកនាំប្រទេស អ្នកដឹកនាំរដ្ឋបើសិនជាគាត់ចង់បន្សល់មរតកល្អៗសម្រាប់កូនខ្មែរជំនាន់ក្រោយ កាតព្វកិច្ចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើបន្តទៀត គឺការកសាងសង្គមមួយឲ្យមានយុត្តិធម៌ ការកសាងសង្គមមួយឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការកសាងកម្ពុជា មួយដែលគោរពសិទ្ធិមនុស្ស ឲ្យបានពេញលេញ នេះគឺជាការទាមទាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់យើង»។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២នេះ ក្រៅពីកម្ពុជា នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល នៃបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៥ ចូលរួមដូចជា នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង (Li Keqiang) នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក មិន ស្វេ (Myint Swe) នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ "ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព"។ កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីសារសំខាន់ ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសអនុតំបន់ការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជន ការបំព្រួញគម្លាតអភិវឌ្ឍន៍ នៅក្នុងចំណោមប្រទេសទាំងនេះ ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ានជាដើម។
ទាំងមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយ គាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស ប៉ុន្តែចង់ឲ្យកិច្ចសហការនេះប្រកបដោយតម្លាភាព មានភាពឈ្លាសវៃ ទទួលបានផលប្រយោជន៍ទៅវិញទៅមក និងផលចំណេញយូរអង្វែង៕