Clik here to view.

អង្គការសង្គមស៊ីវិល និងសហគមន៍មានទំនាស់ដីធ្លីនៅខេត្តកំពត ស្នើសុំអាជ្ញាធរ និងតុលាការខេត្តកំពតឱ្យដោះលែងប្រជាពលរដ្ឋចំនួន ៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន និងឈ្មួញទិញដី។ ពួកគាត់យល់ឃើញថា អាជ្ញាធរគួរតែដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ជាមួយក្រុមអ្នកមានលុយមានអំណាចទាំងនោះ ដើម្បីកុំឱ្យបញ្ហានេះត្រូវអូសបន្លាយតទៅមុខទៀត។
ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសហគមន៍នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ៥នាក់ ដែលបានចេញមុខតវ៉ារឿងដីធ្លី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារខេត្តកំពត។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ យល់ឃើញថា ការបន្តឃុំខ្លួនពលរដ្ឋដែលមានទំនាស់ដីធ្លីទាំង ៥នាក់ នោះ គឺជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ ដោយសារពួកគាត់រងគ្រោះបាត់បង់ដីធ្លីហើយ ត្រូវអ្នកមានលុយមានអំណាច បង្វែរសំណុំរឿងនេះទៅជារឿងព្រហ្មទណ្ឌ ធ្វើឱ្យពួកគាត់ត្រូវជាប់ទោសទណ្ឌមួយកម្រិតទៀត។ លោកបន្តថា អាជ្ញាធរគួរតែដោះស្រាយរឿងរ៉ាវទាំងឡាយដែលមានដើមចមចេញពីវិវាទដីធ្លីជាមុនសិន មុននឹងឈានដល់ការដោះស្រាយរឿងព្រហ្មទណ្ឌ ព្រោះបើដោះស្រាយរឿងព្រហ្មទណ្ឌមុន នោះពលរដ្ឋរងគ្រោះដីធ្លីនឹងរងគ្រោះទ្វេដង។ «»
កាលពីខែសីហា និងចុងខែតុលា ឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរខេត្តកំពតបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ នៅស្រុកឈូក ខេត្តកំពត ពាក់ព័ន្ធនឹងទំនាស់ដីធ្លីពីរដាច់ដោយឡែកពីគ្នា។
ករណីទីមួយ អាជ្ញាធរចាប់ខ្លួនមនុស្សចំនួន ៤នាក់ ក្នុងករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំតេជោអភិវឌ្ឍន៍ ដែលឈានដល់ការប្រើអំពើហិង្សា ជាមួយនឹងក្រុមហ៊ុនហ្វឺស បាយអូថេក អេហ្គ្រីខល ឈឺរ័ល (First Bio-Tech Agricultural (Cambodia) របស់អ្នកស្រី ចាន់ សុធា ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ មនុស្សចំនួន ៤នាក់ ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ ព្រឿង ប្រាណ សុខ ពិសី ជា ស៊ីថា និងសេង សំអឿន។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ លោក អៀម សុខល់ ថ្លែងថា ការចាប់ខ្លួនពលរដ្ឋទាំងនេះ ជាពិសេស គឺការចាប់ខ្លួន លោក សេង សំអឿន តែម្តង គឺជារឿងអយុត្តិធម៌ ព្រោះលោក សេង សំអឿន មិនបានប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដូចការចោទប្រកាន់របស់អាជ្ញាធរ និងក្រុមហ៊ុននោះទេ។ លោកយល់ឃើញថា ការចាប់ខ្លួននេះ គឺប្រហែលមកពីលោក សេង សំអឿន ធ្លាប់បានចេញមុខតវ៉ារឿងដីធ្លីនៅភូមិតេជោពង្រក ដូច្នេះហើយទើបលោកត្រូវបានគេដៅថា ជាបុគ្គលត្រូវចាប់ខ្លួន។ «»
អនុប្រធានភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ លោក នាក់ ឆ្លូញ ក៏បានអះអាងដែរថា ការចាប់ខ្លួនលោក សេង សំអឿន គឺជាការចាប់ខ្លួនដោយបង្ខំ និងមិនត្រឹមត្រូវ ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ អាជ្ញាធរមូលដ្ឋានរូបនេះ ទទូចឱ្យអាជ្ញាធរដោះលែងលោក សេង សំអឿន មកវិញ ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋរូបនេះ។ «»
ចំណែកករណីទីពីរ គឺអាជ្ញាធរខេត្តកំពតបានចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ អ៊ឹង លី ក្នុងករណីវិវាទដីធ្លីជាមួយនឹងឈ្មួញដីឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ព្រមទាំងបក្ខពួក។
ឈ្មួញដីឈ្មោះ អាំ ផល្លីន និងហ៊ាង គន្ធី ដែលជាប្តីប្រពន្ធនឹងគ្នានេះហើយ ដែលត្រូវបានក្រុមប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចោទថា ជាជាអ្នកតែងដើរគំរាមកំហែង និងប្រើហិង្សា បង្ខំពលរដ្ឋឱ្យចាកចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់ ហើយពួកគេក៏ជាអ្នកប្តឹងប្រជាពលរដ្ឋជាច្រើននាក់ នៅភូមិព្រៃពាយ ទៅតុលាការដែរ ដោយចោទប្រកាន់ថា ពលរដ្ឋមករស់នៅដោយខុសច្បាប់លើដីរបស់ពួកគេ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (Adhoc) លោក ហេង ភារៈ កតសម្គាល់ថា អាជ្ញាធរអនុវត្តច្បាប់ដោយភាពឆកល្វែង ពោលគឺពលរដ្ឋក្រីក្រត្រូវទទួលរងនូវការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ផ្ទុយទៅវិញក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាចត្រូវរួចខ្លួនពីការចោទប្រកាន់ចំពោះទង្វើហិង្សារបស់ខ្លួនមកលើក្រុមពលរដ្ឋ។ លោកសំណូមពរដល់អាជ្ញាធរជំនាញថ្នាក់ជាតិឱ្យងាកមកចាប់អារម្មណ៍ និងដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពលរដ្ឋនៅខេត្តកំពតឱ្យបានចប់សព្វគ្រប់ ដើម្បីកុំឱ្យជំងឺសង្គមមួយនេះត្រូវអូសបន្លាយតទៅទៀត។ «»
ឃុំត្រពាំងភ្លាំង និងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក គឺជាតំបន់ដែលមានទំនាស់ដីធ្លីក្ដៅគគុក និងខ្លាំងជាងគេ ក្នុងខេត្តកំពត ហើយទំនាស់ទាំងនោះសុទ្ធសឹងជាករណីរ៉ាំរ៉ៃដែលអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។
អំពើហិង្សា និងការគំរាមកំហែងតែងកើតមានជាញឹកញាប់នៅតំបន់នោះ ដូចជាការដុតបំផ្លាញផ្ទះសម្បែង ការឈូសឆាយបំផ្លាញផលដំណាំ ការប្រើអំពើហិង្សាលើគ្នាទៅវិញទៅមករវាងពលរដ្ឋ និងភាគីក្រុមហ៊ុន ឬឈ្មួញដី និងការប្ដឹងផ្ដល់គ្នាទៅតុលាការជាដើម។
ទំនាស់ដីធ្លីសំខាន់ៗនៅតំបន់នោះរួមមាន ទំនាស់រវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថេនមិន (World Tristar Entertainment Co., Ltd) របស់ឧកញ៉ា សូ ងួន ទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) របស់អ្នកស្រី ចាន់ សុធា ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវើធើស ហ្គ្រីន ផ្លេនថេសិន (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD ឬហៅកាត់ថា ក្រុមហ៊ុន VGP របស់អ្នកជំនួញម៉ាឡេស៊ី និងជាចាងហ្វាង កាសែតខ្មែរថាមស៍ (Khmer Times) លោក ធី ម៉ូហាន (T. Mohan) និងទំនាស់រវាងក្រុមពលរដ្ឋ និងក្រុមយោធា។
ក្រៅពីនេះ នៅមានវិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ជាមួយនឹងបុគ្គលឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែលជាឈ្មួញដីមានលុយ និងមានអំណាច ដែលឈានដល់ការប្រើអំពើហិង្សា ការចាប់បង្ខាំងមនុស្សខុសច្បាប់ និងការប្ដឹងផ្ដល់ទៅតុលាការជាច្រើនករណីផងដែរ៕