Quantcast
Viewing all articles
Browse latest Browse all 11174

មេធាវី​គ្រោង​ដាក់​ពាក្យ​​ស្នើ​សុំ​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

Image may be NSFW.
Clik here to view.

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​សំណើ​​ជា​លើក​ទី​១ ដើម្បី​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​បាន​បដិសេធ​សំណើ​សុំ​ប្ដូរ​ពន្ធនាគារ​ឃុំ​ឃាំង​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខែត្រ​ត្បូងឃ្មុំ ជិត​ព្រំដែន​វៀតណាម មក​នៅ​មន្ទីរ​ឃុំឃាំង​នគរបាល​ក្រុង​ភ្នំពេញ ប៉េហ្ស៊ី (PJ) និង​ពន្ធនាគារ​ព្រៃ​ស នា​រាជធានី​ភ្នំពេញ វិញ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៧​នាក់ ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក​មេធាវី សំ សុគង់ ប្រាប់​ថា ក្រុម​មេធាវី​បាន​ព្រាង​សំណើ​សុំ​ដោះលែង​លោក កឹម សុខា អោយ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​រួច​រាល់​អស់​ហើយ បើ​ទោះ​ជា​មិន​ទាន់​កំណត់​ថ្ងៃ​ក៏ដោយ។ មេធាវី​រូប​នេះ​អះអាង​ថា លោក​នឹង​ដាក់​សំណើ​សុំ​​ជូន​ចៅក្រម​ស៊ើបសួរ​នៅ​ក្នុង​សប្ដាហ៍​នេះ៖ «»។

​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ក្រុម​មេធាវី​បាន​ទៅ​ជួប​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ដើម្បី​ជម្រាប​អំពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុង​ក្រោយ និង​ដីកា​កោះ​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ ដែល​បាន​កោះហៅ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ក្ដី​លោក កឹម សុខា។

​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា។ បន្ទាប់​មក​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី មិន​បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ដឹក​លោក កឹម សុខា ទៅ​ស៊ើបសួរ​នៅ​ក្នុង​បរិវេណ​តុលាការ​នោះ​ទេ ហើយ​ចៅក្រម​បាន​បើក​ការ​ស៊ើបសួរ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង តែម្ដង។

លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា សវនាការ​ស៊ើបសួរ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ មិន​មាន​វត្តមាន​មេធាវី​នោះ​ទេ ហើយ​មួយ​ថ្ងៃ​ក្រោយ​មក ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី ក៏​មិន​បាន​ទៅ​សួរនាំ​លោក កឹម សុខា ទៀត​នោះ​ដែរ។ លោក​នាំ​សម្ដី​របស់​កូនក្ដី​ថា លោក កឹម សុខា ស្នើ​សុំ​ឲ្យ​ចៅក្រម​ឈប់​បើក​សវនាការ​ស៊ើបសួរ​ក្នុង​ពន្ធនាគារ​ទៀត ព្រោះ​លោក​អស់​អ្វី​ឆ្លើយ​ជាមួយ​ចៅក្រម​ហើយ។ លោក​បន្ត​ថា លោក កឹម សុខា ទាមទារ​ឲ្យ​ចៅក្រម​បើក​ការ​ស៊ើបសួរ​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិភាគ​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី លោក កឹម សុខា នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា សំណើ​របស់​មេធាវី គ្រាន់តែ​បាន​ជួយ​បន្ទរ ជួយ​រំលឹក និង​ជួយ​ដាស់តឿន​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា កន្លង​មក គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ ខុស​នីតិវិធី៖ «»។

អ្នកវិភាគ​ជើងចាស់​រូប​នេះ​អះអាង​ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ដោះលែង​វិញ លុះ​ត្រា​តែ​មាន​សម្ពាធ​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ។

​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា នេះ​ដែរ ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ បាន​ចេញ​ដីកា​កោះហៅ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​សន្ទិដ្ឋភាព​ជាមួយ​បរទេស ដែល​ប្រព្រឹត្តិ​ដោយ​លោក កឹម សុខា។ លោក ម៉ម សូណង់ដូ បាន​ហៅ​ដីកា​នោះ​ថា ជា​អន្ទាក់​ដើម្បី​ចាប់​លោក។

​នៅ​ថ្ងៃ​ទី​៩ ខែ​មករា លោក ម៉ម សូណង់ដូ បាន​ចេញ​លិខិត​ជា​លើក​ទី​២ ដើម្បី​ជម្រាប​ទៅ​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី វិញ​ថា គ្រូពេទ្យ​​ទើប​បញ្ជាក់​ប្រាប់​លោក​ថា ការ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។ ហេតុ​ដូច្នេះ លោក​មិន​អាច​ចូល​រួម​តាម​ឋ​ការកំណត់​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ​​នោះ​ទេ។ ក្នុង​លិខិត​ដែល​សរសេរ​ជូន​ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​៩ មករា បន្ត​ថា លោក ម៉ម សូណង់ដូ នឹង​ជម្រាប​ជូន​ចៅក្រម​ម្ដង​ទៀត នៅ​ពេល​ខាង​មុខ​យ៉ាង​ខ្លី​នូវ​ថ្ងៃ​ដែល​លោក​ត្រូវ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles