Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កោះហៅ​លោក ជា មុនី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា

$
0
0

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​អតីត​ប្រធាន​​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ពី​បទ​ញុះញង់។ សង្គម​ស៊ីវិល​យល់​ថា ចំណាត់​ការ​របស់​តុលាការ គឺ​ជា​ការ​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ។

​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ចាត់​ការ​យ៉ាង​លឿន​លើ​បណ្ដឹង​របស់​សហភាព និង​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំនួន ១២០ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​លោក ជា មុនី ពី​បទ​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅ​ថ្ងៃ​ទី​៩ ខែ​មករា បាន​កោះ​ហៅ​លោក ជា មុនី អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ការ​ចេញ​ដីកា​កោះ​នេះ បន្ទាប់​ពី​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សហជីព​ធំៗ​ចំនួន ១២០  បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក សៀង សុខ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា  អំពី​ដំណើរ​រឿង​ប្តឹង លោក ជា មុនី។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧  ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​ចំនួន ១២០  បាន​ប្ដឹង​លោក ជា មុនី ពី​បទ​ញុះញង់ ក្នុង​ពេល​ដែល​លោក​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កន្លង​ទៅ​នេះ ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​កាន់​តែ​លឿន​កាន់តែ​ល្អ។ ក្រុម​សហជីព​ទាំង​នោះ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ជា មុនី បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ដោយ​លោក​ពុំ​លើក​ទូរស័ព្ទ។ ទោះ​យ៉ាង​ណា​ក្តី លោក ជា មុនី ធ្លាប់​បដិសេធ​ថា លោក​មិន​បាន​ញុះញង់​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា នោះ​ទេ។ លោក​ក៏​បាន​បន្ថែម​ថា លោក​មិន​បារម្ភ​ពី​ការ​ប្ដឹង​របស់​សហជីព​ទាំង​នោះ​ឡើយ ប៉ុន្តែ​លោក​បារម្ភ​ពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ខ្លាច​មាន​ការ​លួច​សម្លាប់​លោក។

​ជុំវិញ​ករណី​នេះ​ដែរ  អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា មុនី បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​ពុំ​បាន​ដឹង​អំពី​ជំហរ​លោក ជា មុនី នៅ​ពេល​នេះ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា ការ​លើក​ឡើង​របស់​លោក ជា មុនី គឺ​មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង និង​តុលាការ​ឡើយ ព្រោះ​លោក ជា មុនី គ្រាន់​តែ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការ​លើក​ឡើង​របស់​លោក ជា មុនី គឺ​ពុំ​មាន​ផល​ប៉ះពាល់​ចំពោះ​កម្ពុជា នោះ​ទេ។ លោក​យល់​ថា ចំណាត់​ការ​តុលាការ គឺ​ជា​ការ​រឹត​បន្តឹង ឬ​បំបិទ​អ្នក​បញ្ចេញ​មតិ និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន៖ «ប្រសិនបើ​យើង​មិន​គោរព​ច្បាប់ មិន​មាន​ប្រជាធិបតេយ្យ គឺ​អន្តរជាតិ​មាន​សិទ្ធិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ មាន​ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​ការ​បញ្ជា​ទិញ អ្នក​កុម្ម៉ង់​ទិញ គេ​តែង​តែ​ភ្ជាប់​ជាមួយ​និយោជក និង​ជាមួយ​រដ្ឋាភិបាល ហើយ​បើ​យើង​មិន​មាន​ប្រជាធិបតេយ្យ មិន​មាន​ការ​គោរព​សិទ្ធិមនុស្ស ពេល​នោះ​ហើយ​គឺ​គេ​នឹង​ដាក់​ទណ្ឌកម្ម​ណា​មួយ​ទៅ​តាម​កិច្ច​សន្យា​របស់​យើង។ ខ្ញុំ​យល់​ថា ក្រុម​សហជីព​ទាំង​អស់​គួរ​តែ​ជំរុញ និង​ក្រើនរំលឹក​រដ្ឋាភិបាល ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច្នេះ​គ្មាន​អ្នក​ណា​គេ​ផ្ដាច់​សេដ្ឋកិច្ច ឬ​បិទ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នោះ​ទេ»

​ទន្ទឹម​គ្នា​នេះ លោក​ក៏​មាន​ការ​ចម្លែក​ក្នុង​ចិត្ត​ដែរ ដែល​ក្រុម​សហជីព​ទាំង​នោះ​តែងតែ​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​បិទ​ការ​អនុគ្រោះ​ពន្ធ​តែ​ពុំ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ខ្លួន​ឯង​ដើម្បី​ឲ្យ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា រំលាយ​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ ចូលរួម​ប្រជែង​ការ​បោះ​ឆ្នោត​ឡើង​វិញ ដោះលែង​អ្នក​ទោស​មនសិការ អ្នក​សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ឡើង​វិញ នោះ​គឺ​ប្រទេស​កម្ពុជា នឹង​ពុំ​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក ជា មុនី ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles