
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន បានគាំទ្រលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរជាតិ ដែលបានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៧ មក។ ទន្ទឹមនឹងគ្នានេះ ពួកគេមើលឃើញពីភាពខ្វះចន្លោះមួយចំនួនដែលអាជ្ញាធរជាតិគួរតែប្ដូរយុទ្ធសាស្ត្របង្ក្រាបដើម្បីឲ្យយុទ្ធនាការបោសសំអាតគ្រឿងញៀននៅក្នុងប្រទេសកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាជាងចាប់តែអ្នកប្រើប្រាស់កំប៉ិកកំប៉ុកស្ទើរតែរកពន្ធនាគារដាក់គ្មាន។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការលើកស្ទួយយុវជន និងពលរដ្ឋមួយចំនួនយល់ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរជាតិគួរតែរឹតបន្តឹងលើមន្ត្រីអនុវត្តច្បាប់វិញម្ដង ជាជាងចាប់តែអ្នកប្រើប្រាស់តូចតាច។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន វាយ.អរ.ឌី.ភី (YRDP) លោក ជាង សុខា មានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំពាក់ព័ន្ធគ្រឿងញៀននេះ កំណើននៃអ្នកប្រើប្រាស់ និងការបង្ក្រាប ការដកហូត និងចាប់បានកំពុងដើរស្របគ្នា។ លោកថា កាលពី ១៥ឆ្នាំមុន ការប្រើប្រាស់គ្រឿងញៀនមានតែនៅទីប្រជុំជន ប៉ុន្តែបច្ចុប្បន្នវាបានគ្របដណ្ដប់ និងដុះដាលទៅដល់ជនបទទៀតផង។ ដូច្នេះលទ្ធផលដែលបង្ក្រាបបានច្រើនវាពុំមែនជារឿងប្លែកនោះទេ។
លោក ជាង សុខា យល់ថា ការរឹតបន្តឹងចំពោះមន្ត្រីជំនាញ និងមន្ត្រីអនុវត្តផ្ទាល់ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងបណ្ដោយឲ្យមានលំហូរចូលគ្រឿងញៀននោះ គឺត្រូវដកចេញពីតួនាទីតែម្ដង៖ «ចំណុចសំខាន់តើសំណួរសួរថា វាចូលមកតាមច្រកណា? ហើយច្រកហ្នឹងនៅតែមានចូលគឺអ្នកដែលឈរនៅច្រកហ្នឹងត្រូវតែដកចេញពីតួនាទីនោះបានវាអាចជោគជ័យ។ វាមានផ្លូវរបស់វា ផ្លូវនីមួយៗនៃការនាំចូលនោះគឺមានអ្នកមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ជាពិសេសប៉ូលិស នៅតាមព្រំដែនដែលមានការនាំចូលថាតើនាំចូលអ្វីខ្លះ? កន្លែងនេះត្រូវពង្រឹងឲ្យបានម៉ត់ចត់»។
ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ លោក ជី គឹមស៊ិញ ថ្លែងថា លោកឃើញយុទ្ធនាការបង្ក្រាបនេះជាញឹកញាប់ដែលអាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើទៅលើអ្នកប្រើប្រាស់ ពិសេសយុវជននៅតាមភូមិឃុំនានា សិស្សសាលា និងអ្នកជួញដូរក៏មាន។ ប៉ុន្តែលោកជឿថា បើប្ដូរយុទ្ធសាស្ត្រងាកទៅពង្រឹងលើមន្ត្រីអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងវិញ ពោលគឺជៀសវាងកុំឲ្យមានការទទួលសំណូក ឬបើកដៃឲ្យមានចរាចរណ៍គ្រឿងញៀន ហើយអនុវត្តច្បាប់ឲ្យមានតម្លាភាពនោះនឹងមានប្រសិទ្ធភាពខ្ពស់។
លោកយល់ថា ពលរដ្ឋនឹងមើលគំរូមន្ត្រីអនុវត្តច្បាប់ ខ្លាចអាជ្ញាធរហើយលោកជឿថា នឹងអាចកាត់បន្ថយបានច្រើន៖ «រឿងមួយដែលខ្ញុំបារម្ភដោយសារតែអ្នកធ្វើការងាររាជការ ខ្ញុំនិយាយជាទូទៅភាគច្រើនហោប៉ៅរបស់គាត់នៅចំហ ហោប៉ៅគាត់អត់ដែលពេញទេ គាត់នៅត្រូវការទទួលទាំងអស់កន្លែងណាមានផលប្រយោជន៍ធ្វើដើម្បីមុខមាត់គាត់ គាត់បង្ក្រាប ហើយបើសិនជាប្រទេសយើងនៅតែមានមន្ត្រីពុករលួយដរាបនោះ គ្រឿងញៀនមិនអាចបំបាត់ចោលទាំងស្រុងទេ គឺនៅតែមានកៀនកោះ ត្រូវរឹតបន្តឹងតាំងពីថ្នាក់ភូមិ ឃុំ ឲ្យគាត់ស្វែងយល់អំពីផលប៉ះពាល់គ្រឿងញៀន»។
ក្ដីបារម្ភនេះ កើតមានឡើងនៅគ្រាដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកយុទ្ធនាការពេញមួយឆ្នាំ២០១៧ និងបង្ហាញលទ្ធផលជាបន្តបន្ទាប់។ របាយការណ៍បឋមរបស់សមត្ថកិច្ចអនុវត្តច្បាប់ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៧ បង្ហាញថា ការបង្ក្រាបបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ទូទាំងប្រទេសមានចំនួន ជាង ៨ពាន់ករណី (៨.១៥២)។ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួនជិត ២ម៉ឺននាក់ (១៧.៨៧៧) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង ១៧៣ គីឡូក្រាម ស្មើនឹង ៨៨៦ កញ្ចប់ និងកញ្ឆាក្រៀមជាង ១១៣គីឡូក្រាម។ ករណីទាំងនេះជនល្មើសបាននាំគ្រឿងញៀនឆ្លងកាត់ចូលចេញតាមច្រក ផ្លូវគោក និងអាកាស។ ចំណែកតាមជើងយន្តហោះភាគច្រើនជនសង្ស័យជាជនបរទេស ដោយពួកគេប្រើល្បិចលាក់ថ្នាំញៀននៅក្នុងពោះ ក្នុងវ៉ាលិស ក្នុងស្បែកជើង បង្កប់នៅត្រង់ប្រដាប់ភេទ ចងជាប់ភ្លៅ និងចុងក្រោយនេះ លាក់នៅម៉ូទីស័ររថយន្តក៏មាន។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា បានដាក់សំណួរថា តើនៅពេលប្រមូលគ្រឿងញៀនទាំងនេះបានហើយកម្លាំងជំនាញយកវាទៅណា? លោកថា គួរតែមានការបំផ្លាញចោលដោយមានតម្លាភាព និងឲ្យប្រជាពលរដ្ឋទុកចិត្ត នោះនឹងមានការគាំទ្រ កិច្ចសហការនិងការសាទរកាន់តែខ្ពស់ចំពោះមន្ត្រីអនុវត្តច្បាប់ថែមទៀត៖ «អាគ្រឿងញៀនដែលចាប់បានម្ដងថាប៉ុណ្ណេះគីឡូ ប៉ុណ្ណេះតោន យកទៅណា? អាហ្នឹងធ្វើម៉េចឲ្យមហាជនមើលឃើញថា វាមានការបំផ្លាញចោលជាសាធារណៈដោយតម្លាភាព នេះសំខាន់។ បំផ្លាញជាសាធារណៈមិនយកគ្រឿងញៀនទៅដុតចោលយកស្អីទៅដុតចោលផ្សេងនោះក៏ជាបញ្ហាដែរ។ យើងបារម្ភខ្លាចក្រែងលោអាហ្នឹងគេយកទៅធ្វើចរាចរណ៍មួយតង់ទៀត វារឹតតែធ្ងន់ទៀត»។
ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន គ្រាន់តែ ១ករណី សមត្ថកិច្ចនៃស្នងការខែត្រស្ទឹងត្រែង ចាប់ខ្លួនជនជាតិឡាវ ម្នាក់ បានរឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម។ ប្រតិបត្តិការបង្ក្រាបនោះ ឋិតនៅចំណុចកោះឫស្សី ឃុំសន្តិភាព ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង ដែលជាតំបន់សំបូរដោយព្រៃ និងទន្លេ។
ពលរដ្ឋខេត្តបន្ទាយមានជ័យ លោក ឈួន មករា បានអបអរសាទរ និងស្នើឲ្យបន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស និងលើកទឹកចិត្តឲ្យមានកិច្ចការបែបនេះតទៅទៀត។ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ ថ្វីត្បិតមានយុទ្ធនាការបែបនេះក្ដី បញ្ហាគ្រឿងញៀននៅតែកើតមានឡើងហាក់ដូចជាមិនទាន់មានការថយចុះសោះ។ លោកថា នៅតាមច្រកព្រំដែនគឺជារឿងសំខាន់ដែលទាមទារឲ្យមន្ត្រីជំនាញកំណត់តំបន់នោះ ជាតំបន់អាទិភាពដែលក្រុមឧក្រិដ្ឋជនធ្វើចរាចរគ្រឿងញៀនឆ្លងកាត់។ បញ្ហានេះលោកខ្វល់ថា វានឹងជះឥទ្ធិពលអាក្រក់ដល់កូនចៅរបស់លោក និងក្មេងៗជំនាន់ក្រោយ ជាងនេះទៅទៀត សង្គមអសន្តិសុខ ហើយប្រទេសជាតិគ្មានការរីកចម្រើន។
ពលរដ្ឋ លោក ឈួន មករា៖ «មនុស្សទូទៅតែងតែនិយាយឧបមាថា មានបញ្ហាដុំៗមានការប្រមូលផ្ដុំយុវជនអ៊ីចឹងទៅច្រើនតែថាពួកហ្នឹងវាជក់ម៉ាហើយ វាប្រើគ្រឿងញៀនហើយបានជាវាមានរឿងមានបញ្ហាអ៊ីចឹង។ បញ្ហានេះក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់មានការព្រួយបារម្ភដែរ បើសិនជាការប្រើប្រាស់ និងការអនុវត្តច្បាប់មិនបានធ្វើឲ្យបានស៊ីជម្រៅទេ សង្គមមួយដែលពោរពេញទៅដោយការប្រើប្រាស់គ្រឿងញៀន អាចនឹងខូចអនាគត និងផលប្រយោជន៍ដល់ប្រទេសជាតិរបស់យើង»។
ក្នុងពិធីប្រគល់ និងទទួលជំនួយរបស់រដ្ឋាភិបាលថៃ ជាង ១លានដុល្លារ សម្រាប់គម្រោងកម្ពុជា-ថៃ ស្ដីពីការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទូចឲ្យមាតាបិតាអាណាព្យាបាលគ្រប់រូប បញ្ជូនកូនដែលរងគ្រោះដោយសារគ្រឿងញៀនទៅទទួលការព្យាបាលនៅតាមមជ្ឈមណ្ឌលព្យាបាល និងបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាពចំនួន ២៩១កន្លែងទូទាំងប្រទេស ដែលមិនតម្រូវឲ្យបង់ប្រាក់នោះទេ នៅតាមមជ្ឈមណ្ឌលព្យាបាល និងបន្សាបរបស់រដ្ឋ។ លទ្ធភាពក្នុងការព្យាបាល ដោយមិនលាប់ឡើងវិញទេ ប្រសិនជាទទួលសេវាព្យាបាលបានត្រឹមត្រូវ។
មន្ត្រីសង្គមស៊ីវិលផ្ដល់អនុសាសន៍ថា ក្រៅអំពីការដាក់ទណ្ឌកម្មមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធគ្រឿងញៀនឲ្យបានតឹងរ៉ឹងនោះ រដ្ឋាភិបាលត្រូវអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀនឲ្យបានជាប់ជាប្រចាំ បង្កើនឱកាសការងារឲ្យយុវជនកាន់តែច្រើន។ យុវជនខ្លួនឯងដែលបច្ចុប្បន្នមានជាង ៤លានកន្លះទូទាំងប្រទេសនោះ ត្រូវមានភាពឆ្លាតវៃចំពោះការសេពគប់មិត្តភ័ក្ដិ និងស្វែងយល់ពីបញ្ហានេះ។ បើបណ្ដោយឲ្យមានលំហូរចូល និងចរាចរណ៍គ្រឿងញៀនពាសពេញប្រទេសនោះ រដ្ឋាភិបាលនឹងរកពន្ធនាគារដាក់អ្នកទោសមិនអស់ឡើយ៕