Clik here to view.

សហជីពសេរីកម្មករ គ្រោងរៀបចំពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព គម្រប់ខួប១៤ឆ្នាំ។
លិខិតរបស់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ ជូនដំណឹងពីការជួបជុំនេះទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មករា ឲ្យដឹងថា ពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២២ មករា ឆ្នាំនេះ គម្រោងមានអ្នកចូលរួមប្រមាណ១៥០នាក់ ដែលជាក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់ដឹកនាំសមាជិកសហជីពសេរីកម្មករ នៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា ខាងមុខវត្តលង្កា។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលល្បីឈ្មោះខាងទាមទារផលប្រយោជន៍ជូនកម្មករ ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ជុំវិញសំណុំរឿងបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មលោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានពន្លឺនៃការស៊ើបអង្កេតនៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់ថ្លែងថា ក្រសួងនៅតែបន្តសំណុំរឿងនេះជានិច្ចដរាបណាមិនទាន់ចាប់ជនល្មើសបាន។
ភរិយាលោក ជា វិជ្ជា គឺលោកស្រី ជា គឹមនី តែងបន្តអំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតរកមុខឃាតក និងអ្នកនៅពីក្រោយការបាញ់សម្លាប់ស្វាមីអ្នកស្រី ដែលគិតមកដល់ឆ្នាំនេះ ១៤ឆ្នាំហើយ៕