
ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភថា ព្រៃសហគមន៍ជាង ៤ពាន់ហិកតារនឹងត្រូវរលាយទាំងស្រុងនៅពេលខ្លីខាងមុខ ខណៈដែលសកម្មភាពកាប់រានដីព្រៃធ្វើអាជីវកម្មនៅតែកើតមានច្រើន។ សមាជិកសហគមន៍ អាជ្ញាធរ និងជនជាតិដើមភាគតិច កាលពីពេលថ្មីៗនេះ បានចុះដល់ទីតាំងកាប់រានដីព្រៃ ប្រទះឃើញកម្មករច្រើនក្រុមបោះតង់ស្នាក់នៅក្នុងព្រៃសហគមន៍នោះ ដើម្បីកាប់រានព្រៃយកដីលក់។
ព្រៃសហគមន៍ភ្នំឋិតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដែលសំបូរដោយព្រៃស្រោង និងជាទីតាំងជ្រកសត្វព្រៃរស់នៅ ដែលជនជាតិដើមភាគតិចអាស្រ័យផលច្រើនជំនាន់មកហើយនោះ ត្រូវបានឈ្មួញកាប់រានព្រៃយកដីធ្វើអាជីវកម្មអស់រាប់ពាន់ហិកតារ។ រីឯដើមឈើមូលធំៗ ត្រូវគេអារំលំយកឈើលក់ស្ទើរទាំងស្រុង។ អ្នកភូមិថា ប្រធានសហគមន៍ និងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់មួយចំនួន គឺជាអ្នកនៅពីក្រោយខ្នងនៃការកាប់រានព្រៃសហគមន៍នេះ។
ជនជាតិដើមភាគតិចកួយ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៤ មករា ថា កម្មករច្រើនក្រុមបានបោះតង់ស្នាក់នៅក្នុងព្រៃសហគមន៍នោះ ដើម្បីស៊ីឈ្នួលកាប់ឈើមានតម្លៃលក់ និងកាប់ព្រៃរានយកដី។ លោកថា សមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ មកពីបក្សកាន់អំណាចឈ្មោះ មឹង រដ្ឋា បើកសិប្បកម្មកែច្នៃឈើនៅតំបន់នោះ បានជួលកម្មករកាប់ឈើចេញពីព្រៃសហគមន៍នោះ ដើម្បីផ្គត់ផ្គង់រោងសិប្បកម្មរបស់ខ្លួន។ លោកថា ឈើមុខកាត់ចាប់ពី ៤តឹកឡើងទៅ ត្រូវបានគេអាររំលំ យកឈើលក់រួចដឹកតាមគោយន្តយ៉ាងឆាប់រហ័ស ដោយក្នុងមួយថ្ងៃមានគោយន្តដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ មិនក្រោម ១០គ្រឿងទេ៖ «គាត់យកលេសគាត់មិនធ្វើខ្លួនគាត់ទេ គាត់ប្រើកូនចៅទៅកាប់អារ រាល់យប់ ក្នុងមួយយប់ទាបបំផុតពី១០គោយន្តទៅ ១៥ គោយន្ត។ អ្នកមានលុយគាត់ដឹកជញ្ជូនឈើពីព្រៃសហគមន៍»។
បុរសដដែលបន្តថា បើទោះបីជាព្រៃសហគមន៍ ត្រូវបានចុះបញ្ជីជាព្រៃអភិរក្សក្ដី តែកិច្ចគាំពារអភិរក្សរបស់គណៈកម្មការសហគមន៍នៅធូររលុងនៅឡើយ រីឯអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើធ្វើមិនដឹងមិនឮរឿងនេះ បើទោះបីជាពលរដ្ឋបានផ្ដល់ដំណឹងអំពីបទល្មើសព្រៃឈើក្ដី៖ «ខ្ញុំទាយថា អស់តែម្ដងព្រៃសហគមន៍ ៤ពាន់ហិកតារ។ បានថាអស់ ខាងខ្ញុំរាយការណ៍ទៅគេថា រវល់ចុះទៅនេះទៅណោះ ហើយដល់ពេលដល់ថ្ងៃចុះទៅគឺស្ងាត់ឈឹងតែម្ដង»។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ហិកតារ (៤.៤៤៦,១៦ហិកតារ) ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម នៅដើមឆ្នាំ២០១៧។ ក៏ប៉ុន្តែនៅរយៈពេល ៤ឆ្នាំចុងក្រោយនេះ សកម្មភាពកាប់រានដីព្រៃធ្វើអាជីវកម្មរបស់ពលរដ្ឋចំណាកស្រុក ដោយមានការឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួន កាប់ឈើលក់អស់ស្ទើរទាំងស្រុង។
ប្រធានសហគមន៍ការពារព្រៃឈើភ្នំជម្រកសត្វ លោក ញៀន ផុន ទទួលស្គាល់ថា ព្រៃសហគមន៍ពិតជារងការកាប់រាន តែលោកតែងចុះល្បាត និងចាប់ជនល្មើសមកធ្វើកិច្ចសន្យាបញ្ឈប់បានច្រើនករណី។ លោកថា សហគមន៍ពុំមានលទ្ធភាពគ្រប់គ្រាន់ទប់ស្កាត់បទល្មើសព្រៃឈើបានគ្រប់ជ្រុងជ្រោយនោះទេ ដោយសារខ្វះខាតថវិកា និងសម្ភារៈចុះល្បាត។ លោកបន្តថា កាលពីពេលថ្មីៗ នេះ សហគមន៍បានឃាត់ខ្លួនមនុស្ស ៥នាក់ សុទ្ធសឹងជាពលរដ្ឋចំណាកស្រុក និងរឹបអូសសម្ភារៈមួយចំនួន ដោយតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់៖ «រុករានដីព្រៃដីព្រៃសហគមន៍ ខាងមេឃុំមកបញ្ជាឲ្យខ្ញុំប្រាប់ពលរដ្ឋកុំឲ្យប្រឈមជាមួយតុលាការ ខ្ញុំចុះមកសម្របសម្រួលបញ្ឈប់»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ដែលចុះអង្កេតរឿងនេះ រកឃើញថា បើទោះបីជាព្រៃសហគមន៍រងការកាប់រានរាប់ពាន់ហិកតារក្ដីពុំឃើញមន្ត្រីរដ្ឋាភិបាលចេញមុខចាប់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធដាក់ទោសទណ្ឌដែរ។ លោកថា ភាពធូររលុងនៃការអនុវត្តច្បាប់ព្រៃឈើ គឺជាមូលហេតុបំផ្លាញព្រៃឈើនៅកម្ពុជា និងជះឥទ្ធិពលមិនល្អដល់ជីវភាពប្រជាពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ៖ «មិនទាន់មានចំណាត់ការអីជាដុំកំភួនអ្នកបំផ្លាញព្រៃឈើហ្នឹងទេ។ អ្នកបំផ្លាញព្រៃឈើគឺនៅក្នុងមូលដ្ឋាន អត់ពិបាកស៊ើបអង្កេតទេ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជនជាតិដើមភាគតិចមួយចំនួន និងមន្ត្រីអាដហុក គ្រោងរៀបចំសំណុំរឿងបទល្មើសឧក្រិដ្ឋនេះ ដាក់បណ្ដឹងបរិហារផ្លូវការទៅតុលាការ ដើម្បីលុបបំបាត់បទល្មើសព្រៃឈើនៅតំបន់នោះ។ អ្នកភូមិថា អាជ្ញាធរ ប្រធានសហគមន៍ និងមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះការបាត់បង់ព្រៃឈើរាប់ពាន់ហិកតារនៅតំបន់នោះ។
ជនជាតិដើមភាគតិចបញ្ជាក់ថា ពួកគេមានភស្តុតាង និងសាក្សីជាក់លាក់ ដែលបញ្ជាក់ថា ព្រៃឈើរាប់ពាន់ហិកតារនៅតំបន់នោះ ពិតជារងការកាប់ទន្ទ្រាន៕