Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ស្នើ​អភិបាល​ខេត្ត​កំពត​ថ្មី​ជួយ​ដោះស្រាយ​បញ្ហា​ដី​ជូន​ពលរដ្ឋ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

Image may be NSFW.
Clik here to view.

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អភិបាល​ខេត្ត​កំពត ថ្មី ឱ្យ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​អាណត្តិ​របស់​អភិបាល​ខេត្ត​មុនៗ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ជាវ តាយ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ថ្មី​នៃ​ខេត្ត​កំពត ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជំនួស​លោក ចាន់ ចេស្ដា ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​របស់​លោក​វិញ។

ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា កន្លង​ទៅ​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តួនាទី​ជា​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្ដា ដែល​ទើប​កាន់​តំណែង​ជា​អភិបាល​ខេត្ត​នេះ​មិន​ទាន់​បាន ១​ឆ្នាំ​ផង​នោះ ដាក់​លោក ជាវ តាយ ជា​អភិបាល​រង​ខេត្ត​កណ្ដាល ឡើង​ជំនួស។

​លោក ចាន់ ចេស្ដា ដែល​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤ ជា​អតីតមន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​កសិកម្ម បាន​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត បាន​ជិត ១​ឆ្នាំ។ លោក​ត្រូវ​ផ្ទេរ​ទៅ​បម្រើការ​នៅ​ក្របខ័ណ្ឌ​ដើម​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត វិញ។ ប៉ុន្តែ​ក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី​៤ ខែ​មករា ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មួយ​ទៀត​ដល់​លោក ចាន់ ចេស្តា ទៅ​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ចំណែក​លោក ជាវ តាយ ដែល​ទើប​បាន​ទទួល​តំណែង​ជា​អភិបាល​ខេត្ត​កំពត ថ្មី​នេះ គឺ​ជា​អតីត​អភិបាល​រង​ខេត្ត​កណ្ដាល ដែល​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​១។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​នៅ​ខេត្ត​កំពត ស្នើ​ឱ្យ​អភិបាល​ខេត្ត​កំពត ថ្មី​ដែល​នឹង​ត្រូវ​ឡើង​កាន់​តំណែង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណរដ្ឋ ជាពិសេស គឺ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​លុយ​មាន​អំណាច និង​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​យោធា ដែល​វិវាទ​ទាំង​នេះ​បន្សល់​ក​តាំង​ពី​អាណត្តិ​របស់​អភិបាល​ខេត្ត​មុនៗ។ លើស​ពី​នេះ ពួកគេ​សំណូមពរ​ដល់​អភិបាល​ខេត្ត​ថ្មី​ឱ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​កំពុង​រីក​រាលដាល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ឱ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​កំពត (ADHOC) លោក ហេង ភារៈ កត់សម្គាល់​ថា នៅ​ក្នុង​អាណត្តិ​នៃ​ការ​គ្រប់គ្រង​របស់​លោក ចាន់ ចេស្ដា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ និង​រង​ភាព​អយុត្តិធម៌​ដដែល។ ចំណែក​ព្រៃ​សហគមន៍​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​វិញ បាន​រង​ការ​បំផ្លិចបំផ្លាញ និង​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​អស់​ជា​ច្រើន​ហិកតារ ដោយ​មិន​មាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ឡើយ៖ «»។

​តំបន់​ដែល​មាន​ទំនាស់​ដីធ្លី​ខ្លាំង​ជាង​គេ​ក្នុង​ខេត្ត​កំពត គឺ​នៅ​ស្រុក​ឈូក ដ្បិត​ទីតាំង​នោះ​ជា​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​អម​ដោយ​ព្រៃឈើ និង​សម្បូរ​ដោយ​ព្រៃ​សហគមន៍​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ខេត្ត​កំពត ក៏ប៉ុន្តែ​ព្រៃភ្នំ និង​ព្រៃ​សហគមន៍​ទាំង​នោះ​បាន​រង​នូវ​ការ​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។

​ម្យ៉ាង​វិញ​ទៀត តំបន់​នោះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​រាប់ពាន់​ហិកតារ ហើយ​ដែល​បាន​បង្ក​ទំនាស់​ជាមួយ​ក្រុម​ពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន​ដែល​ពលរដ្ឋ​អះអាង​បាន​ទុក​ដី​ទំនេរ​ចោល​មិន​អភិវឌ្ឍ និង​បន្ត​ឈូស​ឆាយ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ពួកគាត់ រួម​មាន​ក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ិនធឺថេនមិន (World Tristar Entertainment Co., Ltd) របស់​ឧកញ៉ា សូ ងួន និង​ក្រុមហ៊ុន ហ្វើស បាយអូថេក អេហ្គ្រីខលឈឺរ៉ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) របស់​អ្នកស្រី ចាន់ សុធា ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។

ចំណែក​ក្រុមហ៊ុន​ដែល​ពលរដ្ឋ​អះអាង​ថា បាន​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក ដើម្បី​ដាំដូង​ប្រេង​គឺ​ក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD) ឬ​ហៅ​កាត់​ថា ក្រុមហ៊ុន VGP របស់​អ្នក​ជំនួញ​ម៉ាឡេស៊ី និង​ជា​ចាងហ្វាង​កាសែត​ខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន (T. Mohan)។

ក្រៅ​ពី​នេះ នៅ​មាន​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ជាមួយ​នឹង​បុគ្គល​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែល​ជា​ឈ្មួញ​ដី​មាន​លុយ និង​មាន​អំណាច​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ជា​ច្រើន​ករណី។ ចំណែក​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ឯ​ណោះ​វិញ គឺ​មាន​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ភូមិ​តេជោអន្លង់ក្មេងលេង និង​ក្រុម​យោធា និង​ការ​រង់ចាំ​ដី​ទំហំ ១​ហិកតារ​របស់​ក្រុម​អតីត​យុទ្ធជន​ជា​ច្រើន​គ្រួសារ ដែល​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ឱ្យ​មក​រស់​នៅ​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ តាំង​តែ​ពី​ឆ្នាំ​២០១២ មក។

​ចំណែក​នៅ​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត​កំពត​វិញ មាន​ការ​ចាក់​ដី​លុប​ឆ្នេរ និង​ព្រៃ​កោងកាង​ជា​ច្រើន​ហិកតារ​ដើម្បី​សាងសង់​កំពង់ផែ និង​សំណង់​រឹង​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ដែន​សហគមន៍​នេសាទ និង​បរិស្ថាន​តំបន់​ឆ្នេរ​ធ្ងន់ធ្ងរ។

​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​ខេត្ត​កំពត (ADHOC) លោក ហេង ភារៈ រំពឹង​ថា អភិបាល​ខេត្ត​កំពត ថ្មី គឺ​លោក ជាវ តាយ នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ទាំង​នេះ​នៅ​ក្នុង​អាណត្តិ​របស់​លោក ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខេត្ត​កំពត និង​ផលប្រយោជន៍​សាធារណ​របស់​រដ្ឋ៖ «»។

ចំណែក​នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង​ស្ត្រី​នៅ​កម្ពុជា (CWDCC) លោក ភូ តេង វិញ យល់​ឃើញ​ថា អតីត​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្ដា មាន​ស្នាដៃ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តែ​បញ្ហា​ទាក់ទង​នឹង​រឿង​ដីធ្លី ការ​នេសាទ​ខុសច្បាប់ និង​ការ​ចាក់​លុប​ដី​តំបន់​ឆ្នេរ​ជាដើម នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​ចប់​សព្វគ្រប់​នៅ​ឡើយ។ លោក​ស្នើ​ឱ្យ​អភិបាល​ខេត្ត​កំពត ថ្មី​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពលរដ្ឋ៖ «»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពត ក៏​សំណូមពរ​ដល់​អភិបាល​ខេត្ត​កំពត​ថ្មី គឺ​លោក ជាវ តាយ ឱ្យ​មាន​អធ្យាស្រ័យ និង​កិច្ចសហការ​ល្អ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ឱ្យ​កិច្ច​ការងារ​អភិវឌ្ឍ ខេត្ត​កំពត ដំណើរការ​ទៅ​ដោយ​រលូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles