Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង

$
0
0

ប្រជាពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ប្រមាណ ១០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា នាំ​គ្នា​តវ៉ា​សា​ជា​ថ្មី​​នៅ​មុខ​សាលា​ក្រុង​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។ ការ​តវ៉ា​នេះ​បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​សាលា​ក្រុង​កាល​ពី​ពេល​ថ្មីៗ​នេះ​រួច​មក​ហើយ​​ ដោយ​អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​សំណង​ជូន​ពួកគាត់​នៅ​ឡើយ។

​​​​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពលរដ្ឋ​រស់​នៅ​ជាប់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​ តវ៉ា​ទទូច​ឲ្យ​អភិបាល​ក្រុង​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រទេះភ្លើង​ជូន​ពួកគាត់​ បន្ទាប់​ពួកគាត់​ដាក់​ញត្តិ​​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ រួច​មក។

តំណាង​អ្នក​តវ៉ា​លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មករា ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា​សាជាថ្មី​ ដោយសារ​បន្ទាប់​ពី​ពួកគាត់​ដាក់​ញត្តិ​​ទៅ​សាលាក្រុង​ប៉ោយប៉ែត ​អស់​ជា​ច្រើន​ថ្ងៃ​ហើយ​ គឺ​​អាជ្ញាធរ​មិន​ទាន់​ផ្ដល់​ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​ជូន​ពួកគាត់​នៅ​ឡើយ។ លោក​ព្រួយបារម្ភ​ខ្លាច​អភិបាល​ក្រុង​ថ្មី​មិន​ដោះស្រាយ​ជូន​ពួកគាត់​ដូច​អភិបាល​ក្រុង​ចាស់​ទៀត៖ «ដើម្បី​ឲ្យ​ដំណោះស្រាយ​ ពីព្រោះ​កន្លង​អាជ្ញាធរ​ក្រុង​ចាស់​មិន​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អភិបាល​ក្រុង​ក្រោយ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។ ខ្ញុំ​បាន​ដូរ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី​ ហើយ​ជា​កន្លែង​ដែល​មាន​ការ​អភិវឌ្ឍ»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា​ លោក​បាន​ជួប​ក្រុម​អ្នក​តវ៉ា ហើយ​ក៏​បាន​ប្រាប់​ពួកគាត់​រួច​ហើយ​ដែរ ដោយ​​លោក​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ក្រុម​អ្នក​តវ៉ា​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​មិន​ឲ្យ​ពួកគាត់​បន្ត​ធ្វើ​របៀប​ហ្នឹង​ទៀត​ទេ​ វា​មិន​ល្អ​ ព្រោះ​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​របស់​រដ្ឋាភិបាល​ និង​មុខមាត់​របស់​សាលា​ក្រុង​របស់​យើង​ ដូច្នេះ​យើង​ខ្មែរ​អាច​ជជែក​គ្នា​បាន វា​អត់​មាន​អី​សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​ដោះ​បាន​លើស​ហ្នឹង​ទៀត​ក៏​អាច​ដោះ​បាន​ដែរ។ បើ​ពួកគាត់​ចង់​បាន​ដី​ជិត ខ្ញុំ​រក​ដី​ជិត​ឲ្យ​នៅ​ គឺ​មិន​ពិបាក​ទេ​សម្រាប់​ខ្ញុំ​នោះ​ គឺ​ខ្ញុំ​អាច​សុំ​ដី​គេ​បាន»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​តវ៉ា​ប្រហែល​ដោយសារ​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​យក​ដី​ទៅ​សង់​ទីលំនៅ​ថ្មី ពីព្រោះ​ពួកគាត់​ក្រីក្រ​ហើយ​គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​សង់​ទី​លំនៅ​ថ្មី​ឡើយ៖ «ខ្ញុំ​គិត​ថា ពួក​ក្រុម​រថភ្លើង​នេះ​មិន​ឈប់​តវ៉ា​ទេ ព្រោះ​ថា​មនុស្ស​ត្រូវ​ការ​ទី​អាស្រ័យ​រស់​នៅ ដូច្នេះ​ពួកគាត់​ក្រីក្រ​ផង​គឺ​​ពួកគាត់​ត្រូវ​ការ​លំនៅឋាន​សម្រាប់​រស់​នៅ​ឲ្យ​ច្បាស់​លាស់ ដូច្នេះ​បើ​មិន​ដោះស្រាយ​គឺ​ជា​ការ​មួយ​ផ្ដល់​ផល​អាក្រក់ៗ​ដូច​អភិបាល​ក្រុង​មុន​អ៊ីចឹង​ដែរ»

ក្រុម​អ្នក​តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ទៅ​តាម​ផ្លូវ​ច្បាប់ និង​តាម​ការ​ជាក់ស្ដែង​ដែល​អាច​ទទួល​យក​បាន​ទាំង​សង្ខាង។ ក្រុម​អ្នក​តវ៉ា​បន្ទាប់​ពី​ជួប​អភិបាល​ក្រុង​ហើយ​ពួកគាត់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មករា ដដែល​ ក៏​ប៉ុន្តែ​តំណាង​ក្រុម​អ្នក​តវ៉ា​អះអាង​ថា​ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​សាជាថ្មី​ទៀត​ ប្រសិន​បើ​អភិបាល​មិន​បាន​ដោះស្រាយ​ជូន​ពួកគេ​ដូច​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles